លោកស្រី Merkel និយាយថា ពិតជាមិនមានគម្រោងបន្តអាណត្តិទី ៥
BREAKING NEWS
Search

លោកស្រី Merkel និយាយថា ពិតជាមិនមានគម្រោងបន្តអាណត្តិទី ៥

អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកស្រីពិតជាមិនមានគម្រោងឈរឈ្មោះបោះឆ្នោតជាថ្មីសម្រាប់អាណត្តិទី ៥ នោះទេ ទោះបីលោកស្រីមានប្រជាប្រិយភាពលើសលុបក៏ដោយ ។

លោកស្រី Merkel បានប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ ZDF ថា “ទេពិតជាមិនមានគម្រោង ហើយការសម្រេចចិត្តរបស់លោកស្រីគឺដាច់ខាតតែម្ដង” ។

អធិការបតីវ័យ ៦៥ ឆ្នាំរូបនេះទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយ ៧១ ភាគរយនៃប្រជាជននិយាយថា ពួកគេពេញចិត្តនឹងការដឹកនាំរបស់លោកស្រីនៅក្នុងការស្ទង់មតិសម្រាប់ទូរទស្សន៍សាធារណៈ ARD ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ។

ការផ្តល់ចំណាត់ថ្នាក់របស់លោកស្រីបានកើនឡើង ខណៈពេលដែលប្រទេសអាល្លឺម៉ង់បានរងផលប៉ះពាល់តិចជាងប្រទេសជិតខាងនៅអឺរ៉ុបមួយចំនួនដោយសារវិបត្ដិនៃវីរុសកូរ៉ូណា ។

បន្ថែមពីនេះគណបក្សអភិរក្ស CDU របស់លោកស្រី Merkel គ្រោងនឹងជ្រើសរើសមេដឹកនាំថ្មីនៅដំណាច់ឆ្នាំ ២០២០ ដើម្បីស្នងតំណែងលោកស្រីជាអធិការបតីក្នុងការបោះឆ្នោតសហព័ន្ធនៅឆ្នាំក្រោយ ។

ក្នុងនោះបេក្ខជនស្នងតំណែងរបស់លោកស្រីរួមមានលោក Friedrich Merz និងលោក Armin Laschet នាយករដ្ឋមន្រ្តីនៃរដ្ឋដែលមានប្រជាជនច្រើនបំផុតនៅអាឡឺម៉ង់ North Rhine-Westphalia ។

ទន្ទឹមនឹងនេះដែរអ្នកសង្កេតការណ៍មួយចំនួនបានលើកឡើងថា ការដឹកនាំរបស់នាយករដ្ឋមន្រ្តីរដ្ឋ Bavarian លោក Markus Soeder ដែលជាប្រធានសម្ព័ន្ធមិត្ត CSU ក្នុងតំបន់របស់គណបក្ស CDU ក៏អាចឈរឈ្មោះក្នុងការបោះឆ្នោតសហព័ន្ធនៅឆ្នាំក្រោយនេះផងដែរ ៕ AFP

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel មុនពេលការសម្ភាសន៍តាមទូរទស្សន៍នៅទីក្រុង Berlin ។ (AFP)

ប្រែសម្រួលដោយ ៖ ជីវ័ន្ត