កងកម្លាំងសន្តិសុខម៉ិកស៊ិកឃាត់ខ្លួនជនចំណាកស្រុកអាមេរិកកណ្តាល ៨០០នាក់
BREAKING NEWS
Search

កងកម្លាំងសន្តិសុខម៉ិកស៊ិកឃាត់ខ្លួនជនចំណាកស្រុកអាមេរិកកណ្តាល ៨០០នាក់

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរម៉ិកស៊ិកបានអនុម័តវិធានការកាន់តែតឹងរ៉ឹងប្រឆាំងជនអន្តោប្រវេសន៍អាមេរិកកណ្តាលដោយបានឃាត់ខ្លួនពួកគេចំនួន៨០០នាក់ដែលបានចូលប្រទេសម៉ិកស៊ិកដោយខុសច្បាប់ក្រោយចាកចេញពីប្រទេសហ្គាតេម៉ាឡាជាមួយបំណងឆ្ពោះទៅព្រំដែនជាប់សហរដ្ឋអាមេរិក។

ជនចំណាកស្រុកប្រវាយប្រតប់ជាមួយសមាជិកនៃកងកម្លាំងសន្តិសុខក្នុងប្រទេស ម៉ិកស៊ិក (រូប REUTERS)

ប្រទេសម៉ិកស៊ិកកំពុងរងសម្ពាធយ៉ាងខ្លាំងពីសំណាក់ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យទប់ស្កាត់ចលនាជនចំណាកស្រុកដ៏ធំដែលភាគច្រើនមកពីតំបន់អាមេរិកកណ្តាលដែលបានឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមផ្លូវឆ្ពោះទៅព្រំដែនសហរដ្ឋអាមេរិក។
វិទ្យាស្ថានចំណាកស្រុកជាតិ (INM) បាននិយាយថា ខ្លួនបានផ្ទេរជនចំណាកស្រុកចំនួន៨០០នាក់ដែលភាគច្រើននៃពួកគេគឺជាអនីតិជនគ្មានអាណាព្យាបាលទៅកាន់មណ្ឌលអន្តោប្រវេសន៍នានាដែលនៅទីនោះ ពួកគេនឹងត្រូវបានផ្តល់ឲ្យនូវអាហារ ការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រនិងទីជម្រក។

ប្រសិនបើឋានៈស្របច្បាប់របស់ពួកគេមិនអាចត្រូវបានដោះស្រាយទេនោះ ពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ។ INM ក៏បាននិយាយផងដែរថា ខ្លួនកំពុងស្វែងរកជនចំណាកស្រុកចំនួន២០០នាក់ផ្សេងទៀតដែលនៅតែកំពុងស្ថិតនៅក្នុងតំបន់។
នៅព្រឹកថ្ងៃដដែលនោះ កងកម្លាំងសន្តិសុខបានបណ្តេញជនចំណាកស្រុកដោយរួមទាំងគ្រួសារមានកូនតូចៗផងដែរបន្ទាប់ពីពួកគេចូលប្រទេសម៉ិកស៊ិកដោយឆ្លងទន្លេ Suchiate ពីប្រទេសហ្គាតេម៉ាឡា។

ជនចំណាកស្រុកមួយចំនួននៅក្នុងក្បួនធ្វើដំណើរត្រូវបានគេផ្តល់ឲ្យនូវពាក្យសុំដើម្បីស្វែងរកសិទ្ធិជ្រកកោនជាមួយទីភ្នាក់ងារសុំសិទ្ធិជ្រកកោនរបស់ម៉ិកស៊ិកឈ្មោះ COMAR។

ជនចំណាកស្រុកភាគច្រើនដែលកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងបាននិយាយថា ពួកគេកំពុងភៀសខ្លួនចេញពីការលំបាកផ្នែកសេដ្ឋកិច្ចនិងអំពើហិង្សានៅក្នុងប្រទេស៕ RUETERS

ប្រែសម្រួល៖ វណ្ណវណ្ណ