ព័ត៍មានទាន់​ហេតុការណ៏
Search

រុស្ស៊ី​ បដិសេធ​សំណើ​របស់​ហូ​ឡង់​ក្នុងការ​ប្រគល់​ជនសង្ស័យ​ពាក់ព័ន្ធ​ការធ្លាក់​ជើងហោះហើរ MH17

ព្រះរាជអាជ្ញា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​រុស្ស៊ី​បាន​បដិសេធ​សំណើ​របស់​ប្រទេស​ហូ​ឡង់​ក្នុងការ​ប្រគល់​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការធ្លាក់​ជើងហោះហើរ MH17 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​ដែលជា​ការរំលោភ​លើ​ច្បាប់​អឺរ៉ុប​។​

លោក Volodymyr Tsemakh សញ្ជាតិ​អ៊ុយ​ក្រែ​ន​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ថា​ជា​ជនសង្ស័យ​ដោយ​ប្រទេស​ហូ​ឡង់​ដែល​កំពុង​ដឹកនាំ​ការស៊ើបអង្កេត​លើ​គ្រោះមហន្តរាយ​កាលពី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៤​ដែល​បានសម្លាប់​មនុស្ស​ទាំងអស់​ចំនួន​២៩៨​នាក់​នៅក្នុង​យន្តហោះ​។ ២​ភាគ​៣​នៃ​អ្នកដំណើរ​គឺជា​ជនជាតិ​ហូ​ឡង់​។​

ជើងហោះហើរ MH17 ត្រូវបាន​បាញ់​ទម្លាក់​នៅលើ​ទឹកដី​ដែល​កាន់កាប់​ដោយ​ក្រុម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ី​នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន​ខណៈពេល​វា​ហោះ​ចេញពី​ទីក្រុង​អាំ​ស្ទើ​ដាំ​ឆ្ពោះទៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​។ ក្រុម​អ្នកស៊ើប​អង្កេត​និយាយថា មី​ស៊ី​ល​ដែល​បាញ់​យន្តហោះ​នេះ​គឺ​ចេញពី​ឧបករណ៍​បាញ់​ដែល​ដឹកជញ្ជូន​ចេញពី​មូលដ្ឋាន​យោធា​រុស្ស៊ី​នៅ​តំបន់ Kursk​។​

ទោះបីជា​យ៉ាងណាក៏ដោយ ទីក្រុង​មូ​ស្គូ​បាន​បដិសេធ​ការធ្វើ​ខុស​ណាមួយ​។​
​លោក Tsemakh ត្រូវបាន​ប្រទេស​ហូ​ឡង់​តាម​ស្វែងរក​ក្នុងនាម​ជា​ជនសង្ស័យ​ប៉ុន្តែ​មិនមែន​ស្ថិតនៅក្នុង​ចំណោម​បុរស​បួន​នាក់ (​ជនជាតិ​រុស្ស៊ី​៣​នាក់​និង​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​) ដែល​នឹងត្រូវ​ជំនុំជម្រះ​ក្តី​ដោយ​កំបាំងមុខ​ក្នុង​តុលាការ​ហូ​ឡង់​នៅ​ខែមីនា​ពីបទ​ឃាតកម្ម​ពាក់ព័ន្ធ​ការបាញ់​ទម្លាក់​យន្តហោះ​នោះទេ​។​

សេវា​ព្រះរាជអាជ្ញា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​សេវា​អយ្យការ​សាធារណៈ​បាន​សន្និដ្ឋានថា​ប្រទេស​រុស្ស៊ី​មាន​ឆន្ទៈ​អនុញ្ញាត​ឲ្យ​លោក Tsemakh ចាក​ចេញពី​សហព័ន្ធរុស្ស៊ី​ហើយ​បដិសេធ​អនុវត្តតាម​សំណើ​របស់​ប្រទេស​ហូ​ឡង់​”​។​

ប្រទេស​រុស្ស៊ី​មិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​របស់​ខ្លួន​ទេ​ប៉ុន្តែ​រដ្ឋអាជ្ញា​ហូ​ឡង់​បាន​និយាយថា គ្មាន​ការរារាំង​នៅក្នុង​ករណីនេះ​ទេពី​ព្រោះ​លោក Tsemakh គឺជា​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​។​ រដ្ឋអាជ្ញា​ហូ​ឡង់​មិនទាន់​បានកំណត់​នៅឡើយ​ទេ​ថា​តើ​ត្រូវ​កាត់ទោស​លោក Tsemakh ឬក៏​យ៉ាងណា​៕ REUTERS
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114