ការបំពុលបរិយាកាសកំពុងបំផ្លាញប្រទេសចិននិងតំបន់អាស៊ីខាងត្បូង

ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅថ្ងៃអង្គារថា ជិត៩០ភាគរយនៃទីក្រុងចំនួន២០០ដែលត្រូវបានគ្របដណ្ដប់ដោយការបំពុលខ្យល់កម្រិតខ្ពស់បំផុតនៅលើពិភពលោកគឺនៅក្នុងប្រទេសចិននិងឥណ្ឌាហើយនៅសល់ភាគច្រើនទៀតគឺនៅក្នុងប្រទេសប៉ាគីស្ថាននិងឥណ្ឌូនេស៊ី។

ដោយគិតពីចំនួនប្រជាជន ប្រទេសបង់ក្លាដែសបានក្លាយជាប្រទេសដែលមានការបំពុល PM2.5 អាក្រក់ជាងគេបំផុតបន្ទាប់មកគឺប្រទេសប៉ាគីស្ថាន ម៉ុងហ្គោលី អាហ្វហ្គានីស្ថាននិងឥណ្ឌា។ នេះបើយោងតាមរបាយការណ៍គុណភាពខ្យល់ពិភពលោកឆ្នាំ២០១៩ដែលចេញផ្សាយរួមគ្នាដោយក្រុមហ៊ុន IQAir Group និងអង្គការ Greenpeace។

ចំណែកឯប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១១។

រូបធាតុ២.៥មីក្រុង (Micron) ដែលស្មើនឹងប្រហែល១ភាគ៣០នៃទទឹងសក់របស់មនុស្សគឺជាប្រភេទដែលបង្កគ្រោះថ្នាក់បំផុតពីការបំពុលខ្យល់។ វាមានទំហំតូចល្មមដែលអាចចូលទៅក្នុងចរន្តឈាមតាមរយៈប្រព័ន្ធដង្ហើមដែលជាហេតុនាំឲ្យកើតជំងឺហឺត មហារីកសួតនិងជំងឺបេះដូង។

ក្នុងចំណោមទីក្រុងធំៗដែលមានប្រជាជន១០លាននាក់ឬច្រើនជាងនេះ ការបំពុល PM2.5 ខ្លាំងបំផុតក្នុងឆ្នាំ២០១៩គឺរដ្ឋធានី New Delhi របស់ប្រទេសឥណ្ឌាបន្ទាប់មកគឺទីក្រុង Lahore ក្នុងប្រទេសប៉ាគីស្ថាន, Dhaka ក្នុងប្រទេសបង់ក្លាដែស, Kolkata ក្នុងប្រទេសឥណ្ឌា, Linyi និង Tianjin ក្នុងប្រទេសចិននិង Jakarta របស់ប្រទេសឥណ្ឌូនេស៊ី។

ទីក្រុងបន្ទាប់ទៀតនៅក្នុងបញ្ជីគឺ Wuhan ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងវីរុសថ្មីរួមជាមួយទីក្រុង Chengdu និង Beijing។
របាយការណ៍របស់ IQAir គឺផ្អែកលើទិន្នន័យមកពីទីក្រុងជិត៥,០០០នៅទូទាំងពិភពលោក។

ភាគច្រើននៃមរណភាពមុនអាយុរបស់មនុស្សចំនួន៧លាននាក់ដែលអង្គការសុខភាពពិភពលោកកំណត់ថាដោយសារការបំពុលបរិយាកាសគឺបណ្តាលមកពីភាគល្អិត PM2.5 ដែលកើតចេញពីព្យុះខ្សាច់ កសិកម្ម ឧស្សាហកម្ម ភ្លើងឆេះព្រៃនិងជាពិសេសការដុតឥន្ធនៈហ្វូស៊ីល៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ