ជប៉ុន ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​អង្គភាព​ស៊ីម៉ាក់​ដើម្បី​ឈាន​ទៅ​សម្រេច​ រំដោះ​ផ្ទៃដី​មាន​គ្រាប់មីន​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥

ភ្នំពេញ ​៖​ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ហៅ​កាត់ ស៊ីម៉ាក់​បាន​ឲ្យ​ដឹងថា​ រាជរដ្ឋាភិបាល​ជប៉ុន ​នឹង​ជួយ​ពង្រឹង​សមត្ថភាព ​និង​តួនាទី​របស់​អង្គភាព​ស៊ីម៉ាក់​ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​រំដោះ​ផ្ទៃដី​មាន​គ្រាប់មីន​និង​គ្រាប់​មិនទាន់​ផ្ទុះ​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥​ខាងមុខនេះ​ស្រប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​បោស​សំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​របស់​រាជរដ្ឋាភិបាល។

ការពង្រឹង​សមត្ថភាព​របស់​ជប៉ុន​នេះ​ បាន​ធ្វើឡើង​នៅក្នុង​ពិធី​ចុះ​អនុស្សរណៈ​រួមគ្នា​ស្តីពី​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​នៃ​គម្រោង​ពង្រឹង​តួនាទី​អង្គភាព​ស៊ីម៉ាក់​រយៈពេល​៤​ឆ្នាំ និង​ការទទួល​ថវិកា​ជា​ជំនួយឥតសំណង​១,៧៨​លាន​ដុល្លារ​អាមេរិក​កាលពី​ថ្ងៃទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៩​ដែល​ចុះហត្ថលេខា​រវាង​លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​និង​លោក Yuichi Sugano ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA )​នៅ​ទីបញ្ជាការ​ស៊ីម៉ាក់​ភ្នំពេញ ក្រោម​អធិបតីភាព​លោក មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​ការងារ​មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​កងវិស្វកម្ម​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ខឹម សោ​ភ័​ណ្ឌ ប្រធាន​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់ និង​លោក Masahiro Mikami ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

លោក ហេង រតនា បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​បច្ចេកទេស​នេះ មាន​រយៈពេល​៤​ឆ្នាំ​គឺ​ចាប់ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០២០​ដល់​ខែ​កុម្ភៈ ឆ្នាំ​២០២៤​ខាងមុខនេះ ​ដើម្បី​ជួយ​ពង្រឹង​តួនាទី អង្គភាព ស៊ីម៉ាក់​សំដៅ​ចូលរួម​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​ផែនការ​ជាតិ សកម្មភាព​មីន​របស់​រាជរដ្ឋាភិបាល​នៅ​ឆ្នាំ​២០២៥ ខាងមុខនេះ។

លោក ហេង រតនា បាន​បន្ត​ថា​ ក្រៅពីនេះ អង្គការ​ជប៉ុន​ក៏បាន ផ្តល់ ថវិកា ជា ជំនួយឥតសំណង ចំនួន​១៧៩៩៨៥០ ដុល្លារ អាមេរិក ឱ្យ ស៊ី ម៉ាក់ សម្រាប់ គាំទ្រ ដល់ ការអនុវត្ត ​គម្រោង សមាហរណកម្ម​បោសសំអាត មីន និង សង្គ្រោះ ជន ពិការ ដោយសារ មីន សម្រាប់ រយៈពេល​៦​ខែ ចាប់ពី ថ្ងៃទី​០១ ខែមករា ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០។

លោក Sugano Yuichi ប្រធាន អង្គការ JICA ប្រចាំ ប្រទេស កម្ពុជា​សង្ឃឹមថា​គម្រោង កិច្ច​សហប្រតិបត្តិការ នេះ នឹង ចូលរួម ចំណែក ធ្វើ ឱ្យ ស៊ី ម៉ាក់ អាច សម្រេច គោលដៅ នៅ ឆ្នាំ​២០១៨ -២០២៥ ដើម្បី សម្រេច បាន នូវ ការ បោស សម្អាត មីន នៅ ទូទាំង ប្រទេស ក៏ដូចជា ដើម្បី បង្កើន​មុខងារ សមត្ថកិច្ច របស់ ស៊ី ម៉ាក់ ផង ដែរ។

​រាជរដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គារ JICA បានផ្ដល់​ជំនួយ លើ វិស័យ បោសសម្អាត មីន មក កម្ពុជា ចាប់តាំងពី ឆ្នាំ​១៩៩៨ ដល់ ឆ្នាំ​២០១៩ មាន ទឹកប្រាក់ ប្រហែលជា ១៥០ លាន ដុល្លារ អាមេរិក។​

គួរ​បញ្ជាក់ថា ​យោងតាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ឆ្នាំ​២០១៨-២០២៥​បាន​ឲ្យ​ដឹងថា​នៅ​កម្ពុ​ជាមាន​ផ្ទៃដី​សង្ស័យ​មាន​ផលប៉ះពាល់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​ជាង ១៩៧០​គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​ប្រមាណ ៨៧៧​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផលប៉ះពាល់​ខ្ពស់​ដោយសារ​មីន ៤៩៩​គីឡូម៉ែត្រ ​ការ៉េ ជា​ដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម និង ៣៣៣​គីឡូម៉ែត្រ​ការ៉េ ជា​ដី​មាន​ផល​ប៉ះពាល់​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម។ ផ្ទៃដី​មាន​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជិត​២​ពាន់​គីឡូ​ម៉ែត្រការ៉េ​នេះ​ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​៤០៦​លាន​ដុល្លារ សម្រាប់​បោស​សំអាត​រយៈពេល​ពី​ឆ្នាំ ២០១៨ ​ដល់​ឆ្នាំ​២០២៥​ខាងមុខ៕
សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114