រដ្ឋមន្ត្រី​កសិកម្ម សង្ឃឹម និង​ជឿជាក់​ថា IRRI នឹង​បន្ត​ជួយ​ដល់​ផលិតកម្ម​ស្រូវ និង​ពូជ ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ក្នុង​តំបន់​

​ភ្នំពេញ ៖ លោក​រដ្ឋមន្ត្រី វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ក្តី​សង្ឃឹម និង​ជឿជាក់​ថា ​វិទ្យាស្ថាន CARDI និង អង្គការ IRRI នេះ​ នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ស្រូវ​ឲ្យ​មាន​ការ​រីកចម្រើន​មួយ​កម្រិត​ទៀត​ រួម​ទាំង​បច្ចេកវិទ្យា និង​ពូជ ជាពិសេស​ពូជ​គ្រឹះ (Foundation Seed) ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្រូវ​ឲ្យ​មាន​ការ​រីកចម្រើន ឈាន​ទៅ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។​

​ការ​ថ្លែង​របស់ លោក​រដ្ឋមន្ត្រី​ បាន​ធ្វើ​ឡើង កាលពី​រសៀល​ថ្ងៃ​អង្គារ ១០​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​ជំនួប​ជាមួយ លោក Buyung Hadi តំណាង​អង្គការ IRRI ប្រចាំ​កម្ពុជា លោក Yurdi Yasmi ដែល​ទើបត្រូវ​បានតែងតាំង​ជា​តំណាង​អង្គការ IRRI ប្រចាំ​តំបន់​អាស៊ី​បូព៌ា​។​

​នាឱកាស​នេះ​ លោក​រដ្ឋមន្ត្រី​ បាន​សម្ដែង​ការ​ស្វាគមន៍ និង​ចូលរួម​អបអរសាទរ​ចំពោះ Dr. Yurdi Yasmi ដែល​ទើប​ទទួលបាន​ភារកិច្ច​ថ្មី ហើយ​តាមរយៈ​ Dr. Yurdi Yasmi ក្នុងនាម​ឲ្យ​រាជរដ្ឋាភិបាល និង​រូប​លោក​ផ្ទាល់ លោក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​អង្គការ IRRI ដែល​បាននិងកំពុង​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុងកា​អភិវឌ្ឍន៍​ផលិតកម្ម​ដំណាំ​ស្រូវ​នៅ​កម្ពុជា ក្នុង​នោះ​ក៏បាន​រួមចំណែក​ធ្វើឲ្យ​គុណ​ភាព​អង្ករ​កម្ពុជា ​ត្រូវ​បាន​ទីផ្សារ​អន្តរជាតិ​ទទួល​ស្គាល់​ថា ​ជា​អង្ករ​មាន​គុណ​ភាព​ល្អ​បំផុត​។​

​លោក​រដ្ឋមន្ត្រី​សង្ឃឹម និង​ជឿជាក់​ថា ​វិទ្យាស្ថាន​នេះ​ នឹង​នៅតែ​បន្ត​ជួយ​ដល់​ផលិតកម្ម​ស្រូវ​ឲ្យ​មាន​ការ​រីកចម្រើន​មួយកម្រិត​ទៀត​ រួមទាំង​បច្ចេកវិទ្យា និង​ពូជ ជាពិសេស​ពូជ​គ្រឹះ (Foundation Seed) ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្រូវ​ឲ្យ​មាន​ការ​រីកចម្រើន ឈាន​ទៅ​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​ទីផ្សារ​ជាមួយ​ប្រទេស​ក្នុង​តំបន់ និង​ជាពិសេស​ជាមួយ​ប្រទេសជិតខាង​។ ត្រង់ចំណុច​នេះ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​រវាង​វិទ្យាស្ថាន ជាមួយ CARDI និង​អគ្គនាយកដ្ឋាន​កសិកម្ម ត្រូវតែ​ពង្រឹង និង​ពង្រីក​បន្ថែម​មួយ​កម្រិត​ទៀត ​ទាំង​ការងារ​បច្ចេកទេស និង​ផែនការ​ជា​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០១៩ -២០២៣ ក៏ដូចជា​គោលនយោបាយ​នាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល​ផងដែរ​។ អ្វីដែល​សំខាន់ គឺ​ត្រូវ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​វិស័យ​ឯកជន​ចូល​រួម​ក្នុងការ​ផលិត​ពូជ​គ្រប់គ្រង និង​ផ្គត់ផ្គង់ឲ្យ​ដៃគូ​ផលិត​ធ្វើ​យ៉ាងនេះ ​ទើប​យើង​ធានាបាន​នូវ​បរិមាណ និង​គុណភាព​តាម​តម្រូវការ​ទីផ្សារ​។​

​លោក Yurdi Yasmi បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ចំណាយ​ពេលវេលា ដ៏​មាន​តម្លៃ​ទទួល​ជួប និង​ធ្វើការ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ជុំវិញ​ការងារ​ផលិតកម្ម​ស្រូវ បច្ចេកទេស ផលិត​កម្ម​ពូជ និង​កិច្ចសហ​ប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​។​

​លោក YASMI បាន​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​រដ្ឋមន្ត្រី និង​ សហការី​មាន​វិទ្យា​ស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ហៅថា CARDI និង​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បាន​ផ្តល់​កិច្ចសហការ ជាមួយ​អង្គការ IRRI បាន​យ៉ាង​ល្អប្រសើរ ហើយ​សង្ឃឹមថា​កិច្ច​សហ​ប្រតិបត្តិការ​នេះ ​នឹងត្រូវ​ពង្រឹង និង​ព្រីក ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​ស្រូវ​កម្ពុជា​ឲ្យ​មាន​ការ​រីក​ចម្រើន​ប​ន្ថែ​ម​ទៀត តាមរយៈ​ពង្រីក​ការងារ​ផ្សព្វផ្សាយ ការងារ​បណ្តុះបណ្តាល​បច្ចេកទេស​ផលិត និង​ជ្រើសរើស​ពូជ ផលិតកម្ម និង​រៀបចំ​គោលនយោបាយ​សំខាន់ៗ​ទាក់ទង​ផលិតកម្ម​ស្រូវ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ជូន​ភ្ញៀវ​ថា ក្រសួង ​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ជាមួយ​អង្គការ IRRI ដើម្បី​លើកកម្ពស់​សមត្ថភាព​ការងារ​ស្រាវជ្រាវ សមត្ថភាព​មន្ត្រី និង​អ្នក​ផលិត ព្រមទាំង​ផលិតភាព​ផលិត​កម្ម​ស្រូវ​កម្ពុជា​នា​ពេល​អនាគត​៕


អត្ថបទ ៖ ឌួង​វិ​រះ​ជ័យ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114