BREAKING NEWS
Search

រដ្ឋមន្រ្តីក្រសួងអប់រំ ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងធនធានរូបវ័ន្ត ក៏ដូចជាវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​​នៅថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០​នេះ​បា​នអញ្ជើញ​ ពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងធនធានរូបវ័ន្ត ក៏ដូចជាវិធានការបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ របស់សាលាអន្តរជាតិចំនួន​ពីរ​ ក្នុង​នោះ​មានសាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ និង​សាលា​ ផារ៉ាហ្គនអន្តរជាតិ(Paragon International School ) ដើម្បីវាយតម្លៃពីលទ្ធភាពក្នុងការបើកសាលាឡើងវិញក្នុងដំណាក់កាលទីមួយ។

ក្រសួង​អប់រំ​យុវជន​និង​កីឡា នឹង​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ​ដើម្បី​កំណត់​ពី​ពេលវេលា​ជាក់លាក់ ក្នុង​ការ​ចាប់ផ្តើម​បើក​សាលា​ឡើងវិញ​ នា​សប្តាហ៍​នេះ​ ដែល​ការ​ចាប់ផ្តើម​បើក​សាលា​នេះ នឹង​ប្រព្រឹត្តិ​ទៅតាម​៣​ដំណាក់កាល​។

ដោយដកស្រង់ប្រសាសន៍​ លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង កីឡា បាន​ប្រាប់​​តាម​ទូរស័ព្ទ​ថា បើ​យោង​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោលជំហរ​របស់​ក្រសួង​អប់រំ យុវជន ​និង​កីឡា​លើ​ការ បើក​ដំណើរការ​សាលារៀន​ទាំងអស់​ឡើងវិញ ​គឺ​នឹង​ប្រព្រឹត្តិ​ទៅតាម​បី​ដំណាក់កាល ​ដោយ​ដំណាក់ ​កាល​ទី​១ សាលារៀន​ទាំងនោះ ​ត្រូវ​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​, ​​ដំណាក់កាល​ទី​២​ សាលារៀន​ត្រូវមាន ស្តង់ដារ​មធ្យម និង​ដំណាក់កាល​ទី​៣ ​សាលារៀន​ត្រូវ​មាន​ស្តង់ដារ​អប្បបរមា​។

លោក​ បន្តថា សម្រាប់ ដំណាក់កាល​ទី​១ ក្រសួង​អប់រំ យុវជន និង​កីឡា ​បាននិងកំពុង​សហការ​ជាមួយ​គ្រប់ភាគី​ ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ដោយ​ពិភាក្សា លើ​វិធាន ​ការ​សុខុមាលភាព និង​កត្តា​សង្គម​-​សេដ្ឋកិច្ច​។

អ្នកនាំពាក្យ​រូបនេះ ​បន្តថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជម្រាប​សាធារណៈជន​ពី​កាលបរិច្ឆេទ និង​វិធានការ​ចាំបាច់​នានា​ សម្រាប់​ការបើក ​សាលា​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​១ នា​សប្តាហ៍​នេះ​។ ចំណែក​ដំណាក់កាល​ទី​២ ​និង​ដំណាក់ កាល​ទី​៣ ក្រសួង អប់រំ​យុវជន និង​កីឡា​នឹង​ពិនិត្យ​តាមដាន​យ៉ាង យកចិត្តទុកដាក់​លើ​ដំណាក់ ​កាល​ទី​១ រួច​នឹង​បន្ត ​ពិនិត្យ​ករណី​ដំណាក់កាល​ទី​២​ និង​ដំណាក់កាល​ទី​៣ ​យោង​លើ​ផែនការ​ដែល ក្រសួង​បាន​រៀបចំ ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​។

គួរ​បញ្ជាក់ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៦​ កក្កដា​នេះ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​–១៩​ចំនួន ​១៤១​នាក់ ក្នុងនោះ​មាន​១៣១​នាក់ ​បាន​ព្យាបាល​ជាសះស្បើយ និង​១០​នាក់​ទៀត​ កំពុង​សម្រាក ព្យាបាល ក្រោម​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ក្រុម​គ្រូពេទ្យ​កម្ពុជា​៕

អត្ថបទ៖ ជលសា

ចុចអាន៖ មេធាវី​ពន្យល់​ផ្លូវច្បាប់​ពី​ការធ្វើដំណើរ​ចេញពី​លំនៅឋាន​របស់​លោក កឹម សុខា ទៅ​មើល​ចំការ​នៅ​ខេត្ត​ត្បូងឃ្មុំ