រដ្ឋមន្ត្រី​ក្រសួង​ការងារ​ បង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ដល់​ក្រុម​សាស្ត្រាចារ្យ​និង​និស្សិត​

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បានបង្ហាញ​ពី​ភាព​ជោគជ័យ​ក្នុងការ​ដោះស្រាយ​វិវាទ​ការងារ​ដល់​ក្រុម​សាស្ត្រាចារ្យ​ និង​និស្សិត​មកពី​សហរដ្ឋអាមេរិក ​ដើម្បី​ធ្វើជា​មូល​ដ្ឋាន​គ្រឹះ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​សម្រាប់​យក​ទៅ​បង្រៀន ​និង​រៀន​។​

ការបង្ហាញ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​សាស្ត្រាចារ្យ និង​និស្សិត​មកពី​សាកលវិទ្យា​ល័យ Cornell និង​សាកលវិទ្យាល័យ​រដ្ឋ​ញូវយ៉ក​-Buffalo State សហរដ្ឋអាមេរិក​ កាលពី​ព្រឹក​ថ្ងៃទី​១៥​ខែ​មករា ​ឆ្នាំ​២០២០ ​នៅ​ទីស្ដីការ​ក្រសួង លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​ ការដោះស្រាយ​បញ្ហា​វិវាទ​ការងារ​របស់​កម្មករ​និយោជិត​ប្រកបដោយ​ជោគជ័យ​នេះ ​គឺ​ដោយសារតែ​រាជរដ្ឋាភិបាល​កម្ពុជា គោ​លន​យោបាយ​ដ៏​ត្រឹមត្រូវ ​ពិសេស​ទាក់ទិន​នឹង​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ផ្សារភ្ជាប់​នឹង​បទដ្ឋាន​ការងារ​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា​បន្ត​ធានា​បាន​នូវ​ភាព​ប្រកួតប្រជែង ការ​ដោះស្រាយ​បាន​នូវ​ការផ្តល់​ឱកាស​ការងារ​ជូន​កម្មករ​និយោជិត ការ​ធានា​បាន​នូវ​សិទ្ធិ សេរីភាព​អង្គការ​វិជ្ជាជីវៈ លើក​កម្ពស់​លក្ខខណ្ឌ​ការងារ និង​កិច្ច​គាំពារ​សង្គម​។​



ជាងនេះទៀត​ លោក​រដ្ឋមន្ត្រី​ បាន​ជម្រាបជូន​សាស្ត្រាចារ្យ និង​និស្សិត អំពី​ការអនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យ​ការងារ​កន្លងមក និង​ការបន្ត​ការអនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី ២០១៩-២០២៣ ក្រោម​ពាក្យស្លោក “​សហគ្រាស​គ្រឹះស្ថាន​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​របស់​កម្មករនិយោជិត​ដែល​ពោរពេញ​ដោយ​សមត្ថភាព ផលិតភាព ឥរិយាបថ​ការងារ និង​មនសិការ​វិជ្ជាជីវៈ​ខ្ពស់​” ដែល​ផ្តោតលើ​អាទិភាព​ចំនួន​៥ គឺ (១) ការអភិវឌ្ឍ​លក្ខខណ្ឌ​ការងារ​ និង​សុខដុម​នីយកម្ម​ នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ (២) ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (៣) ការអភិវឌ្ឍ​មុខរបរ​និង​ការងារ (៤) ការអភិវឌ្ឍ​រប​បស​ន្តិ​សុខ​សង្គម និង (៥) ការ​ពង្រឹង​អភិបាលកិច្ច​ល្អ​។​ ​

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​មួយចំនួន​ទាក់ទិន​នឹង​ការ​ប្រើ​ប្រាស់​យន្តការ​ត្រីភាគី និង​កិច្ចសន្ទនា​សង្គម​ក្នុងការ​ដោះស្រាយ​បញ្ហា​ដូចជា​ ការដោះស្រាយ​បញ្ហា​ប្រាក់​ឈ្នួល​អប្បបរមា ការដោះស្រាយ​វិវាទ​ការងារ ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ​និយោជិត ការដោះស្រាយ​នូវ​បញ្ហា​កូដកម្ម បាតុកម្ម​ផងដែរ​។

នៅក្នុង​ជំនួប​នោះ ក្រុម​សាស្ត្រាចារ្យ និង​និស្សិត​មកពី​សកល​វិទ្យាល័យ​ទាំងពីរ​នេះ បាន​សន្យាថា​នឹង​យក​ចំ​ណុច​បទពិសោធន៍​ល្អៗ​ជាច្រើន​ពី​កម្ពុជា​នាពេលនេះ​ ពិសេស​ពាក់ព័ន្ធ​នឹង​វឌ្ឍនភាព​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទៅ​សិក្សា​ស្រាវជ្រាវ​សម្រាប់​រៀនសូត្រ​ដោយសារ​ពួកគេ​កំពុង​សិក្សា​ផ្នែក​ឯកទេស​ទំនាក់ទំនង​វិជ្ជាជីវៈ​ និង​ទំនាក់ទំនង​អន្តរជាតិ។​

គួរ​បញ្ជាក់ថា ​សាកលវិទ្យាល័យ​រដ្ឋ​ញូវយ៉ក​-Buffalo State ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៨៧១ ជា​ប្រព័ន្ធ​សាកលវិទ្យាល័យ​ធំជាងគេ​នៅ​សហរដ្ឋអាមេរិក​ដែលមាន​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៧៩ រីឯ​ជំនាញ​សិក្សា​ផ្តល់ជូន​ក្រោយ​បរិញ្ញាបត្រ​ចំនួន ៦៤​។​ ចំណែកឯ សាកលវិទ្យាល័យ Cornell ជា​សាកលវិទ្យា​ល័យ​ឯកជន និង​ជា​ដៃគូ​របស់​សាកលវិទ្យាល័យ​រដ្ឋ​ញូវយ៉ក​។ សាកលវិទ្យាល័យ​នេះ ត្រូវបាន​បង្កើត​ក្នុង​ឆ្នាំ​១៨៦៨ មានមុខ​វិជ្ជា​ចំនួន ៤,០០០ ការិយាល័យ​សិក្សា​ចំនួន ១០០ ជំនាញ ផ្តល់ជូន​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៨០​ជំនាញ​សិក្សា​ផ្តល់​ជូន​ក្រោយ​បរិញ្ញាបត្រ​ចំនួន​១០៨ និង​ជំនាញ​ផ្សេងៗ​ចំនួន​៩០៕

អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114