ថវិកា​៦៦​លាន​ដុល្លារ​ ត្រូវបានប្រើ​​លើ​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប ​
BREAKING NEWS
Search

ថវិកា​៦៦​លាន​ដុល្លារ​ ត្រូវបានប្រើ​​លើ​គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេសាប ​

ភ្នំពេញ ៖ លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ បាន​ថ្លែង​ថា ក្រោមការ​ជួយ​របស់​រាជរដ្ឋាភិបាល និង ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​អន្តរជាតិ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម (IFAD) និង​រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប (​ជំហាន​២) នឹង​ត្រូវ​ប្រើប្រាស់​ថវិកា​សរុប​៦៦​លាន​ដុល្លារ។​

ការ​ថ្លែង​របស់​អនុប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ​បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប​(​ជំហាន​២) នា​ព្រឹក​ថ្ងៃ​ពុធ ១១​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២០។ នា​ឱកាស​នោះ លោក​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈ​កម្មការ​ដឹកនាំ​គម្រោង និង​អង្គភាព​សម្របសម្រួល​គម្រោង​ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អន្តរ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម និង​ជន​បទ ធ្វើយ៉ាងណា​លើកកម្ពស់​ពិពិធ​កម្ម​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ការប្រកួតប្រជែង ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ ដើម្បី​រួមគ្នា​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ជាតិ និង​ជាពិសេស​វិស័យ​កសិកម្ម​ឲ្យ​មាន​ការ​រីកចម្រើន ដោយ​ប្រើប្រាស់​ថវិកា​បដិភាគ​រ​បស់​រាជ​រដ្ឋា​ភិបាល​ក​ម្ពុ​ជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម (IFAD) និង​រដ្ឋាភិបាល​ហ្វាំ​ង​ឡង់ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព។

សូម​អនុញ្ញាត​ជម្រាប​ជូន​ថា គម្រោង​កាត់បន្ថយ​ភាព​ក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាតតូច​នៅ​តំបន់​ទន្លេសាប (​ជំហាន​២) ប្រើប្រាស់​ថវិកា​សរុប​៦៦​លាន​ដុល្លារ (ADB=៥០​លាន ដុល្លារ IFAD=១០ លាន​ដុល្លារ និង​រាជរដ្ឋាភិបាល​=៦​លាន ដុល្លារ )​។ គម្រោង​មាន​រយៈពេល​៥​ឆ្នាំ (​ចាប់ពី​ថ្ងៃ​០១/៣/​២០១៨​ ដល់​ថ្ងៃទី​៣១/៣/២០២៣) ក្នុង​ខេត្ត​គោលដៅ​ចំនួន​០៧ គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​ព្រៃវែង ដែល​មាន​ក្រុង​-​ស្រុក ៣៨ និង​ឃុំ​សរុប​ចំនួន​២៧០​។​

តាម​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ចុះ​មក​នៅ​ក្នុង​រង្វង់​៦% នៅ​ក្នុង​ឆ្នាំ​២០២០ ដោយ​សារ​ផល​ប៉ះពាល់​ដោយ​ប្រយោល​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ (COVID-19) និង​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA រួមទាំង​ការប្រែប្រួល​ធាតុអាកាស​។ ស្ថិតក្នុង​ស្ថានភាព​ចំពោះមុខ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានដាក់​វិធានការ​ជាច្រើន​ដើម្បី​រក្សា​សុខភាព​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ទ្រទ្រង់ និង​លើកទឹកចិត្ត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម​ផងដែរ ដើម្បី​អនុញ្ញាត​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម មាន​លទ្ធភាព​ពង្រីក និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម​តាមរយៈ​ការ​ផ្តល់​ទឹកប្រាក់​រហូតដល់​៥០​លាន​ដុល្លារ ដល់​ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម ដើម្បី​ផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​។ ដើម្បី​ចូលរួម​ថែរក្សា​សុខភាព​សេដ្ឋកិច្ច​ជាតិ​យើង​ដែល​កំពុង​ប្រឈម​ជាមួយ​បញ្ហាសំខាន់​ទាំងពីរ​ខាងលើ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​អនុប្រធាន​ក្រុម​ប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក​រដ្ឋមន្ត្រី​ បាន​ផ្តល់​គំនិត​គោល​សំខាន់ៗ​ជូន​សមាជិក សមាជិកា​ក្នុង​កិច្ចប្រជុំ ជាពិសេស​ម្ចាស់ជំនួយ នាយក​គម្រោង មន្ត្រី​អនុវត្ត​គម្រោង និង​មន្ត្រី ឬ​ជន​បង្គោល​ក​ថ្នាក់​ខេត្ត ស្រុក ឃុំ ភូមិ ដែល​ជា​គោលដៅ​របស់​គម្រោង​យក​ទៅ​ត្រិះរិះ​ពិចារ​ណា ដើម្បី​ជា​ផ្លូវ​យកទៅអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព៕


អត្ថបទ ៖ ឌួង​វិ​រះជ័យ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114