រដ្ឋមន្ត្រីការបរទេស ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ខេត្ត​ញ៉ា​ចាង

ភ្នំពេញ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ធ្វើដំណើរ​ទៅកាន់​ខេត្ត​ញ៉ា​ចាង នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដើម្បី​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២០​។

​បើ​តាម​ក្រសួងការបរទេស កិច្ចប្រជុំ​ខាងលើ​នេះ ក្រោម​មូលបទ “​ភាព​ស្អិតរមួ​ត និង​ការឆ្លើយតប​” កិច្ចប្រជុំ​ចង្អៀត​នេះ ជា​វេទិកា​មួយ​សម្រាប់ រដ្ឋមន្ដ្រីការ​បរទេស​អាស៊ាន ធ្វើការ​ផ្លាស់ប្តូរ​ការយ​ល់​ឃើញ និង​គំនិត ទៅលើ​វិធី និង​មធ្យោបាយ​នានា ដើម្បី​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​លើកកម្ពស់​បន្ថែម​ទៀត នូវ​ការ​ឯកភាព សមាហរណកម្ម និង​ការ​តភ្ជាប់ អត្តសញ្ញាណ​រួម​របស់​អាស៊ាន ព្រមទាំង​ការចូលរួម​ជា​មួយនឹង​សហគមន៍​ពិភពលោក និង​សមត្ថភាព​ស្ថាប័ន​។

ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០២០ ប្រទេស​វៀតណាម​បាន​លើកឡើង​នូវ​ចំណុច​អាទិភាព​ចំនួន​៥ ដែល​ផ្តោត​សំខាន់​ទៅលើ​ការ​លើកកម្ពស់​ការចូល​រួមចំណែក​ដ៏​សកម្ម​របស់​អាស៊ាន ក្នុង​ការ​ថែរក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​តំបន់ ការ​ជំរុញ​ឲ្យ​កាន់​តែ​ខ្លាំង​នូវ​សមាហរណកម្ម​សេដ្ឋកិច្ច និង​ការ​តភ្ជាប់​អាស៊ាន ការលើកកម្ពស់​អត្តសញ្ញាណ​អាស៊ាន និង​ការ​យល់ដឹង​អំពី​សហគមន៍​អាស៊ាន ការ​ពង្រឹង​ភាពជា​ដៃគូ​សកល​របស់​អាស៊ាន ដើម្បី​សន្តិភាព និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការ​បង្កើន​ប្រសិទ្ធភាព និង​សមត្ថភាព​ស្ថាប័ន​របស់​អាស៊ាន​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114