BREAKING NEWS
Search

រដ្ឋមន្ត្រី​សុខាភិបាល ​ហាមពលរដ្ឋ​​បរិភោគ​ស្រា ស ​ឬ​ស្រា​ថ្នាំ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ

​ភ្នំពេញ ​៖ ​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​បរិភោគ​ស្រា ស ​ឬ​ស្រា​ថ្នាំ​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយសារតែ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ម្តង​ៗ​ តែង​តែ​មាន​ប្រជាពលរដ្ឋ​ មួយ​ចំនួន​នៅ​តំបន់​ជនបទ​បាន​ពុល​ស្រា ស​ ស្រា​ថ្នាំ​ បណ្តាល​មក​ពី​សារធាតុ​មេ​តា​ពុល​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​អ្នក​បរិភោគ​ទៅជា ង​ងឹ​ត​ភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម​និង​អាច​វិវត្តន៍​ទៅ​ស្លាប់​បាន​។

​ថ្លែងប្រាប់​កម្ពុ​ជាថ្មី​កាល​ពី​ពេល​ថ្មីៗ​នេះ លោក រដ្ឋមន្ត្រី​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​មើល​ប្រភព​ផលិត​ស្រា​ឲ្យ​ បាន​ច្បាស់​លាស់​និង​មានការ​ទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ជា​មុន​សិន​ មុន​ទិញ​ស្រា​មក​បរិភោគ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ការ​ពុល​ស្រា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឬ​អាយុជីវិត​។​

ទន្ទឹម​នឹង​នេះ​ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ​ការ​បរិភោគ​គ្រឿង​ស្រវឹង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ​ថែមទាំង​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ចរាចរណ៍​ ដែល​បណ្តាល​ឲ្យ​រង​របួស​ឬ​ស្លាប់​បាត់​បង់ជីវិត​ផងដែរ ​ក្នុង​ករណី​អ្នកបើកបរ​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​។

​យោង​តាម​ទិន្នន័យ​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ​មាន​ករណី​ពុល​ស្រា​ស ​ស្រា​ថ្នាំ​ ប្រមាណ​ជិត​៤០០​នាក់​បណ្តាល​ឲ្យ​ស្លាប់​ប្រមាណ​៥០​នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌល​គី​រី​និង​ខេត្ត​កំពង់ឆ្នាំង​។

​ជា​មួយ​គ្នា​នេះ​ដែរ​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​ណែ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​រួមមាន​ផឹក​ស្អាត​ រស់នៅ​ស្អាត ​និង​បរិភោគ​ស្អាត​ ដើម្បី​ការពារ​សុខភាព​ កុំ​ឲ្យ​ពុល​ចំណីអាហារ​បង្ក​ឲ្យ​កើតមាន​ជំងឺ​ដង្កាត់​ផ្សេងៗ ​ដូចជា​ជំងឺ​ឈឺពោះ ជំងឺ​រាក​រូស​ឬ​ក្អួតចង្អោរ​ជាដើម ​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ​។

​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ក៏បាន​ជំរុញ​ផង​ដែរ ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពិសា​ទឹក​ស្អាត​ឬ​ទឹក​ដាំ​ពុះ​និង​បរិ ភោគ​ចំណីអាហារ ​ដែល​មាន​អនាម័យ ត្រូវ​លាងដៃ​នឹង​សាប៊ូ​អំឡុង​មុន​ពេល​រៀបចំ​អាហារ មុន​បរិភោគ​និង​ក្រោយ​បន្ទោ​បង់ លាង​សំអាត​បន្លែ​ផ្លែឈើ សំអាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​បាន​ស្អាត​និង​ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ពិសេស​សាច់ សត្វ​ស្លាប​និង អាហារ​សមុទ្រ​៕

អត្ថបទ៖ ​សំអឿន​