ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ស​.​វ​.​ស ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ជាង​៤០០​នាក់​ នៅ​សង្កាត់​គោក​ឃ្លាង​ ដោយ​ឥតគិតថ្លៃ

ភ្នំពេញ​ ៖​ លោក​សាស្ត្រាចារ្យ សា​ផុន ​វឌ្ឍនៈ​ សកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(​ស​.​វ​.​ស​) តំណាង​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល ស​.​វ​.​ស កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បាន​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​អប់រំ​សុខភាព​ និង​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៤០០​នាក់ រស់នៅ​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

លោក​សាស្ត្រាចារ្យ សា​ផុន​ វឌ្ឍនៈ ​បាន​មានប្រសាសន៍ថា ​គោលបំណង​ក្នុង​ការ​ចុះ​មក​ពិនិត្យ​ព្យា​បាល​ជូន​ប្រជាពលរដ្ឋ​នាពេលនេះ ​ដើម្បី​បង្ខិត​សេវា​ព្យាបាល​ឲ្យ​កាន់តែ​ជិត​ជាមួយ​ប្រជាពលរដ្ឋ​ និង​ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​លំបាក ​និង​ការ​ចំណាយ​របស់​ពួកគាត់​ផង​ដែរ​ ពិសេស​ប្រជា​ពល​រដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ វ័យ​ចាស់​ជរា ស្ត្រី​មេម៉ាយ​ជាដើម។

លោក​សាស្ត្រាចារ្យ ​សា​ផុន ​វឌ្ឍនៈ​ បាន​បន្ត​ថា ​កម្មវិធី​ពិនិត្យ​សុខភាព​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល គឺ​ ដើម្បី​បំពេញ​សេចក្ដី​ត្រូវការ​ឲ្យ​ទាន់​ពេល​វេលា​លើ​សេវា​សុខភាព​មូលដ្ឋាន​ជូន​ប្រជាពលរដ្ឋ រួមមាន​ការ​ផ្តល់​នូវ​សេវា​ពិនិត្យ​ពិគ្រោះ​ព្យាបាល​ជំងឺ​ទូទៅ​សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​, ពិនិត្យ​មាត់​-​ធ្មេញ​, ពិនិត្យ​ភ្នែក ផ្ដល់​វ៉ែនតា​, ពិនិត្យ​ជំងឺ​បេះដូង​-​វាស់​សង្វាក់​បេះដូង អេកូ​បេះដូង​, ពិនិត្យ​ផ្ទៃពោះ និង ​អេកូ​ពោះ​, ព្យាបាល​ដោយ​ចលនា​, មន្ទីរ​ពិសោធន៍​, ផ្តល់​ឱសថ​ដោយ​មិន​គិត​ថ្លៃ​ផង​ដែរ​។​

លោក​សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា​ ក្នុង​ករណី​អ្នកជំងឺ​ដែល​ត្រូវ​វះកាត់​នឹង​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរពេទ្យ​នានា ​ព្រោះថា​ការ​ព្យាបាល​នេះ ​គឺ​មើល​ទៅលើ​ជំងឺ​ស្រាល​ៗ​ប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ​បាន​បន្ថែមទៀតថា​ ការចុះ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​នេះ​ គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​ប្រជាពលរដ្ឋ​យើង ដើម្បី​ផ្ដល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាជន​កាន់តែច្រើន ក្នុងការ​ការពារ​សុខ​ភាព ឲ្យ​បាន​កាន់តែ​ប្រសើរ​។​

ទន្ទឹមនឹង​នេះ​ គឺ ​ផ្តល់​ការ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ និង​ មិន​ប្រកាន់​និន្នាការ នយោ​បាយ ឬ​សាសនា ប្រមូល​កម្លាំង​ស្ម័គ្រចិត្ត ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ​និង​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​ពិសេស ផ្តល់​ជំនាញ​ដល់​និស្សិត​ពេទ្យ​ឲ្យ​កាន់​តែ​មាន​ជំនាញ​បន្ថែម​។​

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​សាស្ត្រាចារ្យ បាន​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​ចេះ​ថែរក្សា​សុខ​ភាព​ឲ្យ​បាន​ល្អ ហើយ​នៅពេល​មាន​បញ្ហា​សុខភាព​ សូម​ប្រញាប់​រួសរាន់​ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​ និង​​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់​ពេលវេលា ​ពិសេស​ត្រូវ​អនុវត្ត​គោលការណ៍​អនាម័យ ហូប​ស្អាត រស់នៅ​ស្អាត ​និង​ផឹក​ស្អាត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​តាមរយៈ​ទឹក ​និង​ចំណីអាហារ​ដែល​មិន​ស្អាត​៕

 


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114