រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ពុល​ចំណីអាហារ​នៅ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ​

ភ្នំពេញ ​៖ ​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ពុល​ចំណីអាហារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​‑​វៀតណាម​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ ​ចាប់ពី​ថ្ងៃទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩​ ខាងមុខនេះ​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ​ការអំពាវនាវ​នេះ​ ដោយសារ​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​ម្តងៗ​តែងតែមាន​ការពុល​ចំណីអាហារ​ និង​បន្លែ​ផ្លែឈើ​ផ្សេងៗ​ ព្រោះថា​ពិធីបុណ្យ​នេះ​មាន​មនុស្ស​ប្រមូល​ផ្តុំគ្នា​កកកុញ​ច្រើន​ដែល​មាន​អាហារ​ស្អាត ​និង​មិន​ស្អាត​នៅ​លាយឡំ​គ្នា​។​



ថ្លែងប្រាប់​កម្ពុជា​ថ្មី​ កាលពី​ព្រឹក​ថ្ងៃទី​២០ ​ខែមករា ​ឆ្នាំ​២០២០​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​ណែ នាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​រួមមាន​ ផឹក​ស្អាត ​រស់​នៅ​ស្អាត ​និង​បរិភោគ​ស្អាត​ដើម្បី​ការពារ​សុខភាព​ពី​ជំងឺ​ដង្កាត់​ផ្សេងៗ​ដូចជា ​ជំងឺ​ឈឺពោះ ជំងឺ​រាក​រូស​ឬ​ក្អួតចង្អោរ​ជាដើម​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ​គ្មាន​អនាម័យ​។​

ជាមួយគ្នានេះដែរ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពិសា​ទឹកស្អាត​ ឬ​ទឹក​ដាំ​ពុះ ​និង​បរិភោគ​ចំណីអាហារ​ដែល​មាន​អនាម័យ ត្រូវ​លាងដៃ​នឹង​សាប៊ូ​អំឡុង​មុនពេល​រៀបចំ​អាហារ មុន​បរិភោគ ​និង​ក្រោយ​បន្ទោបង់ លាង​សំអាត​បន្លែ​ផ្លែឈើ សំអាត​សម្ភារៈ​ប្រើប្រាស់​សម្រាប់​ចម្អិន​អាហារ​ឲ្យ​បាន​ស្អាត ​និង​ត្រូវ​ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ​ ពិសេស ​សាច់ សត្វ​ស្លាប ​និង អាហារ​សមុទ្រ​។​

ទន្ទឹមនឹងនេះ​ លោក​សាស្ត្រាចារ្យ​ ក៏បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ ពិសេស​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការទទួល​ទាន​ស្រា ស ​ឬ​ស្រាថ្នាំ ​និង​ត្រូវ​មើល​ប្រភព​ផលិត​ឲ្យ​បានច្បាស់លាស់​ និង​មានការ​ទទួលស្គាល់​ពី​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​ជាមុនសិន ​មុន​ទិញ​មក​បរិភោគ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មានការ​ពុល​ស្រា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ ឬ​អាយុជីវិត​ដោយសារ​ក្នុង​ស្រាស ​ឬ​ស្រាថ្នាំ​មាន​សារធាតុ​មេ​តា​ណុល​ខ្ពស់។​

ជាងនេះទៅទៀត លោក​សាស្ត្រាចារ្យ​ បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​មិនត្រូវ​ប៉ះពាល់​ដល់​សត្វ​បក្សី​ឈឺ​ឬ​ងាប់​ ឬ​យកទៅ​ធ្វើ​ម្ហូបអាហារ​ឡើយ​ ព្រោះ​អាច​ឆ្លង​ជំងឺផ្តាសាយបក្សី​ដោយសារ​នៅក្នុង​រដូវចូលឆ្នាំ​ចិន​មានការ​ធ្វើ​ចរាចរ​សត្វ​បក្សី​ច្រើន​ដែល​ដឹក​មកពី​តំបន់​ជនបទ ​ឬ​នាំចូល​មកពី​ប្រទេសជិតខាង​ដែល​មិនមាន​ប្រភព​ច្បាស់លាស់​។​

លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ចុះ​ត្រួតពិនិត្យ​ និង​ផ្សព្វ​ផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជាប្រចាំ ជាពិសេស​អាជីវ​ករ​ល​ក់​ដូរ​នៅតាម​ទីផ្សារ​នានា​កុំ​ឲ្យ​មាន​ដាក់​សារធាតុ​គីមី​ដែល​ហាមឃាត់​នៅលើ​បន្លែ​ផ្លែឈើ​ដើម្បី​ការពារ​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

គួរ​បញ្ជាក់ថា​ ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ ​នឹង​ប្រព្រឹត្តិ​រយៈពេល​៣​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​២៥ ​រហូតដល់​ថ្ងៃទី​២៧ ​ខែមករា ​ឆ្នាំ​២០២០​ ខាងមុខនេះ​៕


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114