BREAKING NEWS
Search

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អះអាង​ថា​ ការ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩​ច្រើនដង ​គឺ​ជា​រឿង​ធម្មតា

​ភ្នំពេញ​ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា​ ការ​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ច្រើនដង​រហូតដល់​៥​ឬ​៦​ដង​ ទើប​ដឹង​លទ្ធផល​វិជ្ជមាន​នោះ ​គឺជា​រឿង​ធម្មតា​និង​មិន​មាន​អ្វី​ចម្លែក​នោះ​ទេ​។​

ការ​លើកឡើង​របស់លោក​ស្រី​នេះ ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​ងឿងឆ្ងល់​ពី​សំណាក់​មហាជន​ទាក់ទិន​នឹង​ករណី​មាន​អ្នកជំងឺ​កូ​វីដ​១៩​ខ្លះ ​ធ្វើតេស្ត​ច្រើនដង​រហូតដល់​ទៅ​៦​ដង ​ទើប​រក​ឃើញ​មាន​វិជ្ជមាន​។ លោកស្រី​បាន​ពន្យល់​ថា ​ការ​ធ្វើ​តេស្ត​ច្រើនដង​នេះ​ គឺ​ដោយសារតែ​ នៅ​ក្នុង​ក្រុម​អ្នក​ដែល​ធ្វើតេស្ត​ច្រើន​ដងនោះ ​រក​ឃើញ​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ជា​បន្តបន្ទាប់ ​ព្រោះ​នៅ​ពេល​រក​ឃើញ​ក្នុង​ក្រុម​មាន​ឆ្លង​ជំងឺ​នេះ​មនុស្ស​ ដែល​នៅសល់​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ហើយ​ បើ​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទើប​មាន​អ្នក​ឆ្លង​បន្ត​ទៀត​ត្រូវ​បន្ត​១៤​ថ្ងៃ​ និង​ធ្វើតេស្ត​ជា​បន្តបន្ទាប់​ទៀត​រហូតដល់​ក្នុង​ក្រុម​លែង​មាន​ឆ្លង​ទើប​តម្រូវ​ឲ្យ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​។ លោកស្រី​បាន​បន្ត​ថា​ ប៉ុន្តែ​អ្នក​ទាំងនោះ​ ត្រូវ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ខេត្ត​រៀងៗ​ខ្លួន​ចំនួន​១៤​ថ្ងៃ​ទៀត​ ដោយមាន​ការ​តាមដាន​និង​ត្រួតពិនិត្យ​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ដើម្បី​ឲ្យ​ប្រាកដប្រជា​ថា​បុគ្គល​នោះ ​មិន​មាន​ឆ្លង​ជំងឺ​នេះ​ ទើប​អាច​អនុញ្ញាត​ឲ្យ​មាន​សិទ្ធិ​ដើរហើរ​ទៅ​ខាង​ក្រៅ​វិញ​បាន​។

​លោកស្រី​បាន​លើ​ឧទាហរណ៍​មក​បញ្ជាក់​ថា ​ជាក់​ស្តែង​ករណី​ស្ត្រី​មួក​ខៀវ​កម្ពុជា​ម្នាក់​ នៅ​ភូមិ​ព្រែកត្រែង​ សង្កាត់​សិត្បូ ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល ​បាន​ធ្វើ​តេស្ត​រហូត​ដល់​ទី​៥​ដង​ ទើប​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​ ដោយសារ​នៅ​ក្នុង​ក្រុម​គាត់​មាន​អ្នក​ឆ្លង​ជា​បន្តបន្ទាប់​។ ​ក្រៅ​ពី​នេះ ​បុរស​៣​នាក់​ដែល​មកពី​រុស្ស៊ី ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ហ្វឹកហ្វឺន​បញ្ជូន​សារ​ក្នុង​ខេត្ត​កំពង់ស្ពឺ លទ្ធផល​វិជ្ជមាន​ទើប​រក​ឃើញ​ក្រោយ​តេស្ត​លើក​ទី​៦ រីឯ​បុរស​ម្នាក់ទៀត​មកពី​ឥណ្ឌូណេស៊ី សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​នរោត្តម ត្បូងឃ្មុំ​ធ្វើតេស្ត​លើក​ទី​៥ ទើប​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ដែល​ករណី​ខាង​លើ​នេះ ​អាច​ជា​ការ​ចម្លង​បន្ត​គ្នា​ ក្នុងពេលដែល​គាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ដោយសារ​ពួកគាត់​មិនបាន​គោរព​អនុវត្ត​ទៅតាម​វិធានការ​ត្រឹមត្រូវ​និង​គ្រប់​ជ្រុងជ្រោយ ក៏​អាច​ថា​បាន​​ដែរ​។ ​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ​លទ្ធភាព​នៃ​ការ​ចម្លង​នៃ​មេរោគ​នេះ អាច​កើតមានឡើង​គ្រប់​កាលៈទេសៈ គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ហើយ​ម្យ៉ាងទៀត​យើង​នៅ​មិនទាន់​ដឹង​ច្បាស់លាស់​ពី​អត្តចរិត​របស់​វីរុស​នេះ​នៅឡើយ​ទេ​ ដែល​ទាមទារ​ឲ្យ​យើង​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​ជំងឺ​នេះ​។

​លោកស្រី បាន​បន្ថែម​ថា​ ប៉ុន្តែ​បើសិនជា​នៅ​ក្នុង​ក្រុម​នោះ​មិន​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទេ​ គឺ​ធ្វើតេស្ត​តែ​២​ដង​ទេ​១​ដង​ នៅ​ពេល​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា​និង​១​ដង​ទៀត​កំឡុង​ពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​រយៈពេល​១៤​ទៀត ​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​រៀងៗ​ខ្លួន​ ដើម្បី​តាមដាន​ពិនិត្យ​សុខភាព​បន្ត​ដោយ​រង់ចាំ​ធ្វើតេស្ត​នៅ​ថ្ងៃ​ទី​១៣ ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ បើ​លទ្ធផល​តេស្ត​អវិជ្ជមាន​ទាំង​អស់គ្នា​ ទើប​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​បាន​។

​លោកស្រី​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច​ចំពោះ​ជំងឺ​កូ​វីដ​១៩ ​ដើម្បី​រួមគ្នា​ទប់ស្កាត់​ជំងឺ​នេះ​កុំ​ឲ្យ​ឆ្លង​ចូល​ក្នុង​សហគមន៍​។​ ចំណែក​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ត្រូវអនុវត្ត​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ដើម្បី​ការពារ​បុគ្គល​យើង​ម្នាក់ៗ​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ ​នឹង​បន្ត​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​។ ​គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ សីហា​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប ២៧៣​នាក់​ ក្នុង​នោះ​មាន​អ្នកជា​សះស្បើយ​ចំនួន​២២៥​នាក់​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ចំនួន ៤៨​នាក់​៕
​អត្ថបទ៖ សំអឿន
សូមចុចអាន៖ ​ អ្នក​ដំណើរខ្មែរ ០១ នាក់ទៀត មក​ពី​អាមេរិក តេស្ត​ឃើញ​កូវីដ ១៩