ក្រសួង​ការងារ​ នឹង​អនុវត្ត​ផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ ដល់​មន្ត្រី​រាជការ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​

ភ្នំពេញ​ ៖​ មន្ត្រី​ជាន់ខ្ពស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ​នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ ដែល​ហៅ​កាត់​ថា ប​.​ស​.​ស បាន​ឲ្យ​ដឹងថា ​នៅពេល​ឆាប់ៗ​ខាងមុខនេះ ​ប​.​ស​.​ស នឹង​អនុវត្ត​ផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដល់​មន្ត្រីរាជកា​រ​សាធារណៈ ដើម្បី​លើកកម្ពស់​សុវត្ថិភាព​និង​សុខភាព​នៅ​កន្លែង​ការងារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៩ និង ​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ កាលពី​ព្រឹក​ថ្ងៃទី​១៤​ ខែ​មករា ​ឆ្នាំ​២០២០ ​នៅ​សណ្ឋាគារ​តារា​អ៊ែរ​ផត លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​មាន​ប្រសាសន៍​ថា ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជកា​រ​នេះ ​នឹង​ជំរុញ​ឲ្យ​មន្ត្រីរាជការ​នៅ​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់ ​ខិតខំ​បំពេញ​ការងារ​កាន់តែ​សកម្ម​ថែមទៀត​ដែល​ជួយ​ធ្វើ​ឲ្យ​ផលិតភាព​ការងារ​ខ្ពស់​សំដៅ​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ជាតិ​កាន់តែ​រីកចម្រើន​ថែមទៀត​។​

លោក​បាន​បន្តទៀតថា​ ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​នេះ ​គឺ​មន្ត្រីរាជការ​សាធារណៈ​ទាំងអស់​ នឹង​ទទួល​បាន​នូវ​ការ​ធានា​រ៉ាប់រង​ផ្នែក​គ្រោះថ្នាក់​ការងារ​ទៅលើ​រាងកាយ​ពេល​បំពេញការងារ គ្រោះថ្នាក់​ពេល​ធ្វើ​ដំណើរ​ពេល​ទៅ​កន្លែង​ការងារ​ ឬ​វិល​ទៅ​លំនៅដ្ឋាន​វិញ​ ដោយ​គ្មាន​ឈប់ ​ឬ​វាង​ទៅ​កន្លែង​ណា​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ​និង​ជំងឺ​វិជ្ជាជីវៈ​ដែល​ពាក់ព័ន្ធ​នឹង​ការងារ​ ទោះ​ជា​ជំងឺ​នេះ​កើត​ឡើង​ក្នុង​កំឡុង​ពេល​បំពេញការងារ​ ឬ​ពេល​ណាមួយ​ក្រោយ​បំពេញការងារ​ក៏ដោយ​។​

លោក​បាន​បន្ថែម​ទៀត​ថា​ ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជកា​រ​សាធារណៈ​នេះ ​ខុស​ពី​អនុវត្ត​ទៅលើ​កម្មករ​និយោជិត​បន្តិច​ប៉ុណ្ណោះ ​គឺ ​ប​.​ស​.​ស​ មិនបាន​ផ្តល់​ប្រាក់​បំណាច់​ប្រចាំថ្ងៃ​ដល់​មន្ត្រីរាជការ​សាធារណៈ​ពេលដែល​មាន​គ្រោះថ្នាក់​ការងារ​ ហើយ​ចូល​សម្រាក​ពេទ្យ​ដូច​កម្មករ​ឡើយ​ ដោយសារ​មន្ត្រីរាជការ​ទទួល​បាន​ប្រាក់ខែ​ធម្មតា​។ ​ក្រៅពីនេះ ​គឺ​ទទួលបាន​អត្ថប្រយោជន៍​ដូច​កម្មករ​ដែរ​ គឺ​ទទួលបាន​ការព្យាបាលរ​ហូត​ដល់​ជាសះស្បើយ​ដោយ​ឥតគិតថ្លៃ​។​

លោក​បាន​បញ្ជាក់ថា​ ការអនុវត្ត​ផ្តល់​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​ដល់​មន្ត្រីរាជកា​រ​នេះ​គឺ​រាជរដ្ឋាភិបាល​ ជា​អ្នក​បង់​វិភាគទាន​ជំនួស​មន្ត្រីរាជការ​សាធារណៈ ​ប៉ុន្តែ​នៅ​មិនទាន់បាន​កំណត់ថា​នឹង​ត្រូវ​បង់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។​

លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតី​នៅ​ក្នុង​សន្និបាត​បាន​មានប្រសាសន៍ថា​ រប​ប​ស​ន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​មន្ត្រីរាជកា​រ​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការចូលរួម​ចំណែ​ក​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​នៅពេល​ដែលមាន​ជួប​បញ្ហា​គ្រោះថ្នាក់​ផ្សេងៗ​នៅពេល​ធ្វើដំណើរ​ទៅធ្វើ​ការងារ​និង​កើតឡើង​នៅ​កន្លែង​ការងារ​ដោយ​រដ្ឋ​ជា​អ្នក​ជួយ​ចេញថ្លៃ​សេវា​ព្យាបាល​ជំងឺ ​ឬ​របួស​។​

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី ​បាន​ស្នើ​ឲ្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ហៅ​កាត់​ថា ប​.​ស​.​ស ធ្វើ​យ៉ាង​ណា​ជួយ​ពន្លឿន​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​នេះ​ឲ្យ​បាន​លឿន​ដើម្បី​ឲ្យ​មន្ត្រីរាជការ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​បាន​ពេញលេញ ​ខណៈ​បច្ចុប្បន្ន​នេះ​មន្ត្រីរាជការ​ទទួល​បាន​ប័ណ្ណ ប​.​ស​.​ស​សម្រាប់​ទៅ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​នៅតាម​មូលដ្ឋាន​សុខាភិបាល​នានា​ដែល​ជា​ដៃគូ​របស់ ប​.​ស​.​ស​ដោយ​ឥត​បង់​ប្រាក់​។​

ជា​មួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ បាន​ជំរុញ​ឲ្យ​ ប​.​ស​.​ស ​បន្ត​ សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ធ្វើ​បច្ចុប្បន្នភាព​មន្ត្រី​សាធារណៈ​ និង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​មន្ត្រីរាជការ​បាន​យល់ដឹង​ ដើម្បី​អនុវត្ត​ប្រកបដោយ​រលូន ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕​


អត្ថបទ ៖ សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114