ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួង​ការងារ ​ណែនាំ​ដល់​កីឡាករ​អុំទូក​ទាំងអស់ ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​​ ដើម្បី​ដណ្តើម​យក​ជ័យជម្នះ

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រី​ក្រសួង​ការងារ ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានធ្វើ​ការណែនាំ​ដល់​កីឡាករ​អុំទូក​ទាំង​អស់ ​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ​ ដើម្បី​ដណ្តើម​យក​ជ័យជម្នះ​នៅ​ក្នុង​ការប្រកួត​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ​ដែល​នឹង​ឈាន​មកដល់​នៅ​ថ្ងៃទី​១០ ​ដល់​ថ្ងៃ​ទិ​១២​វិច្ឆិកា ​ដ៏​ខ្លី​នាពេល​ខាងមុខនេះ​។​

​ថ្លែង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក ប្រមាណ​៣៥០​នាក់ នៅ​ក្នុង​បរិវេណ​វត្ត​ចាក់​អង្រែលើ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក​បណ្ឌិត អ៊ិត ​សំហេង​​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ណែនាំ​ដល់​កីឡាករ​ទាំងអស់ ត្រូវតែ​រក្សា​វិន័យ និង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ ទទួលទាន​ស្អាត មាន​អនាម័យ និង​ចូលរួមចំណែក ក្នុងការ​ថែរក្សា​បរិស្ថាន​ឲ្យ​បានល្អ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ «​បើ​បងប្អូន​ថែរក្សា​សុខភាព​បានល្អ​ នឹង​មាន​កម្លាំង​មាំមួន​អាច​ធ្វើ​ឲ្យ​ទូកង​របស់​បងប្អូន​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួត​ក្នុង​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប ​សំពះ​ព្រះ​ខែ​និង​អកអំបុក​ខាងមុខនេះ​»​។​
​ ​
ជាមួយគ្នានេះដែរ​ លោ​ក​បណ្ឌិត អ៊ិត សំហេង មាន​ជំនឿ​ជឿជាក់​ថា ទូក​ចំនួន​៦​ទូក​នេះ នឹង​អាច​ដណ្តើម​យក​ជ័យជំនះ​បាន​ច្រើន​លើសលប់ ក្នុង​ថ្ងៃ​ខាងមុខនេះ ជាក់​ជាមិនខាន​ឡើយ ​ក្នុងនោះ ឈ្មោះ​ទូក​ទាំង​៥ ក្រោម​ការជួយឧបត្ថម្ភ​ទំនុកបម្រុង​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នា​ពេល​នេះ​រួមមាន ​៖ ១.​សំហេង​សែន​ជ័យ​បារមី​ចាក់អង្រែលើ ,២.​បាសាក់​សំហេង​សែន​ជ័យ , ៣.​សំហេង​សែន​ជ័យ​បារមី​ទួល​ទំ​ពួ​ង, ៤. សំហេង​មហា​សែន​តេ​ជៈ ,៥. សំហេង​សែន​តេ​ជៈ​បារមី​សារា​វ័ន​តេ​ជោ និង​ក្នុងនោះ​ក៏មាន​ទូក​ខ្នាត​អន្តរជាតិ​ចំនួន​១ ជា​ទូក​វត្ត​ចាក់អង្រែ​ក្រោម ដែល​មាន​ស្រាប់ ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​ទូក​ខ្នាត​អន្តរជាតិ​ដូចគ្នា​ផងដែរ​។

លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​សប្បុរសជន​នានា ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ ជា​ថវិកា ក៏ដូចជា​សម្ភារៈ​ក្នុងឱកាស​ពិធី​ប្រណាំងទូក​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ឲ្យ​ពិធី​ប្រណាំង​នេះ​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យ និង​ទទួល​នូវ​ភាព​សប្បាយ​រីករាយ​ទាំងអស់គ្នា​។​

នាឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី ក៏បាន​ផ្តល់​ជូន​នូវ​អំណោយ​មួយចំនួន​សម្រាប់​ចែកជូន​ដល់​កីឡា​ករ កីឡា​ការិនី​ទូកង នូវ​ថវិកា​ចំនួន​៨០០.០០០​រៀល ក្នុង​១​ទូក (​សម្រាប់​ទូកង ទាំង​៤ គ្រឿង​) ថវិកា​ចំនួន ៣០០.០០០​រៀល ក្នុង​១​ទូក (​សម្រាប់​ទូកង ខ្នាត​អន្តរជាតិ​ទាំង២គ្រឿង​) និង​អាវ​ចំនួន​២០០ ក្នុង​១​ទូក​។

គួរ​បញ្ជាក់ថា​ ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ ​និង​អកអំបុក ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១០-១១-១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ គឺ​ដើម្បី​រំលឹក និង​គោរព​ដល់​វីរភាព នៃ​បុព្វបុរស​ទាហាន​ជើងទឹក​ជំនាន់​ដើម ដែល​បាន​ពលី​ជីវិត ក្នុង​ការ​ធ្វើសឹក​សង្គ្រាម​តាម​ផ្លូវ​ទឹក កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ការពារ​ទឹកដី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114