ក្រសួង​ការងារ ចាប់ផ្តើម​ប្រឡង​ធ្វើតេស្ត​មន្ត្រី​របស់ខ្លួន​ដើម្បី​ស្វែងរក​អ្នកមាន​សមត្ថភាព​ខ្ពស់

​ភ្នំពេញ ​៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានរៀបចំ​ការប្រឡង​បញ្ចប់ វគ្គ​បណ្តុះបណ្តាល និង​វិក្រឹត្យការ​ដល់​មន្ត្រី​របស់ខ្លួន​ដែលមាន​តួនាទី​ចាប់ពី​អនុប្រធាន​ការិយាល័យ​ដល់​អគ្គនាយករង​មុន​ក្លាយជា​អ្នកអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការចុះ​ធ្វើ​អធិការកិច្ច​។​

វគ្គ​បណ្ដុះបណ្ដាល និង​វិក្រឹត្យការ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​ធ្វើការ​សិក្សា​ទៅលើ ១២​មុខវិជ្ជា ដោយ​ផ្ដោត​សំខាន់​ទៅលើ​ច្បាប់​គោល​ក្នុង​វិស័យ​ការងារ​ចំនួន ៤ ដូចជា​ច្បាប់​ស្ដីពី​ការងារ ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ស្ដីពី​របប​សន្ដិសុខ​សង្គម និង​មាន​សិក្ខាកាម​ចូលរួម​សរុប​ចំនួន ៧៥៦ រូប ជាម​ន្ដ្រី​ថ្នាក់​ក្រសួង និង​ថ្នាក់​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី​-​ខេត្ត​។​



បេក្ខជន​ ត្រូវធ្វើ​ការប្រឡង​តេស្ដ​សមត្ថភាព ដើម្បី​កំណត់​អំពី​កម្រិត​នៃ​ចំណេះដឹង​ដែល​ទទួលបាន​ពី​ការបណ្ដុះបណ្ដាល​នេះ ហើយក៏​ជា​វិញ្ញាសា​មួយ​ដើម្បី​សម្រិតសម្រាំង​រកម​ន្ដ្រី​មាន​សមត្ថភាព​ខ្ពស់ និង​គុណវុឌ្ឍិ​ល្អប្រសើរ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​មន្ដ្រីរាជកា​រ​សាធារណៈ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ២០១៩-២០២៣ ក្នុង​យុទ្ធសាស្ត្រ​ទី​៥ ស្ដីពី​ការពង្រឹង​អភិបាលកិច្ច​ល្អ ដែល​កំណត់​អំពី​ការអភិវឌ្ឍ​សមត្ថភាព​មន្ដ្រីរាជការ និង​កសាង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដែល​បានកំណត់​អាទិភាព ស្ដីពី​ការកែទម្រង់ និង​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន គឺជា​កម្លាំងចលករ​ក្នុងការ​បង្កើនល្បឿន​នៃ​ការកែទម្រង់​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ។

ថ្លែង​ក្នុង​ពិធី​បើក​ការប្រឡង​បញ្ចប់​វគ្គ​បណ្តុះបណ្តាល និង​វិក្រឹត្យការ ស្តី​ពីបទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ការងារ​ជូន​មន្ដ្រី​អធិការកិច្ច​ការងារ នៅ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA)​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ លោក ប្រាក់ ចាន់​ធឿន រដ្ឋលេខាធិការ​ក្រសួង​ការងារ បាន​ណែនាំ​ឲ្យ​មន្ត្រី​របស់ខ្លួន​ត្រូវយក​ពុទ្ធិ​ដែល​ទទួលបាន​អំពី​វគ្គ​បណ្ដុះបណ្ដាល និង​វិក្រឹត្យការ​នេះ ទៅ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ប្រសិទ្ធភាព​ការងារ​ឱ្យ​កាន់តែ​ល្អប្រសើរ ដើម្បី​លើកកម្ពស់​សមត្ថភាព​ស្ថាប័ន ក្នុង​គោលបំណង​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​សាធារណៈ ដែល​កំពុងស្ថិត​ក្នុងកា​រ​វិវត្តន៍​ដ៏​ឆាប់រហ័ស​នៃ​បរិការណ៍​ជាតិ និង​អន្ដរជាតិ​។​

បន្ដ​ពង្រឹងសមត្ថភាព និង​អភិវឌ្ឍ​ចំណេះដឹង​ឱ្យបាន​កាន់តែ​ទូលំទូលាយ ស្របតាម​ការវិវត្ត​នៃ​វិធាន​គតិយុត្ត និង​ការ​វឌ្ឍន​នៃ​បច្ចេកវិទ្យា​ឌីជីថល ដែលជា​វិស័យ​អាទិភាព​យ៉ាងសំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស​។ បន្ដ ផ្សព្វផ្សាយ និង​ចែករំលែក​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​បទ​ប្បញ្ញត្តិ​ក្នុង​វិស័យ​ការងារ​នេះ​ដល់​មន្ដ្រី​ដទៃទៀត តាមរយៈ​ការបណ្ដុះបណ្ដាល​បន្ដ​នៅតាម​នាយកដ្ឋាន ឬ​អង្គភាព​នីមួយៗ​។​

ជា​ចុងក្រោយ​លោក​ប្រាក់​ចាន់​ធឿន​បាន​សំណូម​ដល់​លេខាធិការដ្ឋាន​គណៈ​កម្ម​ការកសាង​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​ការងារ ត្រូវ​បន្ដ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ជាពិសេស​វិទ្យាស្ថាន​ជាតិ​ការងារ ដែល​នឹង​ដំណើរការ​នាពេលខាងមុខ​នេះ ដើម្បី​បន្ដ​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល និង​វិក្រឹត្យការ​នេះ ទៅលើ​ប្រធាន​ថ្មីៗ​ដែលជា​វឌ្ឍនភាព​នៃ​លិខិតបទដ្ឋាន​គតិយុត្ត​ក្នុង​វិស័យ​ការងារ​ឱ្យ​កាន់តែ​លម្អិត​ទាំង​ផ្នែក​ទ្រឹស្ដី និង​ការអនុវត្ត​៕​

សំអឿន​

​ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114