លោក​រដ្ឋមន្ត្រី ថោង ខុន​៖ កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដែលមាន​សុវត្ថិភាព និង​ធានា​ការគ្រប់គ្រង​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បាន

ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បានប្រកាស​ប្រកបដោយ​ភាព​ជឿជាក់ថា កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​កក់ក្ដៅ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់គ្នា ដែល​នៅតែមាន​ការការពារ​សុវត្ថិភាព សន្តិសុខ​សណ្ដាប់ធ្នាប់ នៅតែ​ត្រៀម​ទទួល​ស្វាគមន៍​វត្តមាន​ភ្ញៀវ​អន្តរជាតិ​ជានិច្ច ពិសេស​គឺ​ធានាបាន​ការគ្រប់គ្រង​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (Coronavirus) បាន​យ៉ាង​ជឿជាក់​បំផុត​។​

​ការអះអាង​យ៉ាង​ដូច្នេះ​របស់​លោករ​ដ្ឋ​មន្ត្រី ថោង ខុន ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដើម្បី​រក​ដំណោះស្រាយ​ទប់​លំនឹង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងប្រទេស ស្រប​ពេលដែល​ពិភពលោក​កំពុង ប្រឈម​ការរីក​រាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី ដែល​បង្កដោយ​វីរុស​កូ​រ៉ូ​ណា (2019-nCoV) ជាមួយ​វិស័យ​ឯកជន សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) សមាគម​សណ្ឋាគារ​កម្ពុជា សមាគម​ម្ហូបអាហារ និង​ចុងភៅ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ​នានា នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០​។​

​លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា ថ្វី​ដ្បិត​កម្ពុ​ជាមាន​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​ចំនួន ១​ករណី កន្លងទៅ​ក្ដី ប៉ុន្តែ​ក្រសួងសុខាភិបាល ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​បាននិងកំពុង​រួមគ្នា​ទ​ប់​ស្កាត់​យ៉ាង​សស្រាក់សស្រាំ ហើយក៏​គ្មាន​ការឆ្លង​រីក​រាលដាល​បន្តទៀត​នោះដែរ​។​

​លោក​បាន​បន្តថា ក្នុងនោះ​ក្រសួងទេសចរណ៍​បាន​មើលឃើញ​ចលនា​ទេសចរណ៍​ក្នុងប្រទេស​មាន​ភាព​សក​ម្មយ៉ាង​ខ្លាំង ពោលគឺ​មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​ដូច​នៅ​ប្រទេស​មួយចំនួន​នោះឡើយ ចំណែកឯ​ភ្ញៀវទេសចរ​អន្តរជាតិ​ដែល​កំពុងស្ថិត​ក្នុងប្រទេស​កម្ពុជា ក៏​កំពុង​រីករាយ​ជាមួយ​ដំណើរ​កម្សាន្ត​របស់ខ្លួន នៅតាម​គោលដៅ​ទេសចរណ៍​នានា​ជុំវិញ​ប្រទេស​កម្ពុជា​។​

​ជាក់ស្ដែង នា​អំលុងពេល​ចូលឆ្នាំ​ចិន​កន្លងទៅ គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​យ៉ាង​សប្បាយរីករាយ ពិសេស​គោលដៅ​ទេសចរណ៍​មួយចំនួន ដែល​កន្លងទៅ​មានការ​ធ្លាក់ចុះ​ចំនួន​ភ្ញៀវ​នោះ ក៏​ចាប់ផ្ដើម​មាន​វត្តមាន​ភ្ញៀវទេសចរ​ច្រើន​កុះករ​មកវិញ​គួរឱ្យកត់សម្គាល់​ផងដែរ ដូចជា ក្រុងព្រះសីហនុ តំបន់​ទឹកធ្លាក់​ធម្មជាតិ តំបន់​អេកូ​ទេសចរណ៍ តំបន់​បេតិកភណ្ឌ​ជាដើម​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​កម្ពុជា​បាន​ចេញមក​អះអាង​ជា​សាធារណៈ​ថា «​កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​ដ៏​កក់ក្ដៅ​សម្រាប់​ភ្ញៀវទេសចរ​គ្រប់គ្នា​។ កម្ពុជា​នៅតែមាន​សុខ​សុវត្ថិភាព នៅតែ​ត្រៀម​ទទួល​ស្វាគមន៍​វត្តមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជានិច្ច ពិសេស​គឺ​ធានាបាន​ការគ្រប់គ្រង​បញ្ហា​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី (Coronavirus) បាន​យ៉ាង​ជឿជាក់​បំផុត​»​។​

​នៅក្នុង​កិច្ចប្រជុំ​ខាងលើ​ទៀតសោត លោក​រដ្ឋមន្ត្រី ថោង ខុន ក៏បាន​អំពាវនាវ​យ៉ាងទទូច​ដល់​ក្រុមហ៊ុន​ទីភ្នាក់ងារ​ទេសចរណ៍ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ក៏ដូចជា​មូលដ្ឋាន​រមណីយដ្ឋាន​ទេសចរណ៍​ទូទាំងប្រទេស ត្រូវ​រួមគ្នា​អនុវត្ត​នូវ​វិធានការ​រួមគ្នា​ទប់​លំនឹង​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងប្រទេស ស្របពេល​មានការ​ធ្លាក់ចុះ​នូវ​ចំនួន​ភ្ញៀវ​អន្តរជាតិ ក្នុងដំណាក់កាល​ផ្ទុះ​ការរីក​រាលដាល​ជំងឺ​ថ្មី​នេះ​។​

​បើតាម​លោក ទិ​ត ចន្ថា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្ន​ចលនា​ទេសចរណ៍​ក្នុងប្រទេស​កម្ពុ​ជាមាន​ភ្ញៀវទេសចរ​ចាប់ពី ១០,០០០,០០០​នាក់ ដល់ ១២,០០០,០០០​នាក់ ក្នុងនោះ​មាន​ទាំង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​៕​
ប្រភព​ក្រសួងទេសចរ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114