ក្រសួង​ធនធាន​ទឹក ​គ្រោង​នឹង​ចំណាយ​ថវិកា​៧​លាន​ដុល្លារ​ សង់​ស្ថានីយ​រ៉ាដា​ទី​២​ នៅ​ខេត្ត​កំពង់ធំ

ភ្នំពេញ​ ៖ ​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​ក្រោយនេះ ​ក្រសួង​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​៧​លាន​ដុល្លារ​អាមេរិក​ សង់​ស្ថានីយ​រ៉ា​ដា​ទី​២​ នៅ​ខេត្ត​កំពង់ធំ​ ដើម្បី​វាស់​ស្ទង់​ការ​បម្រែបម្រួល​អាកាសធាតុ​ឲ្យ​បាន​ល្អ​ប្រសើរ​ថែមទៀត។

គម្រោង​ស្ថាបនា​ស្ថានីយ​រ៉ា​ដា​ថ្មី​នេះ បាន​កើតឡើង ​បន្ទាប់ពី​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គេ​កត់​សម្គាល់​ថា បាន​កើត​មាន​បាតុភូត​ធម្មជាតិ​ប្រែប្រួល​ខុស​ពី​ពេលមុនៗ​ ដែល​ទាមទារ​ឲ្យ​មានការ​ព្យាករណ៍​ពី​ស្ថានភាព​បាតុភូតធម្មជាតិ​ ឬ​អាកាសធាតុ​ឲ្យ​បានជា​ក់​លាក់​ ដើម្បី​ឲ្យ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​លឿន​ឆាប់រហ័ស​ សំដៅ​កាត់បន្ថយ​នូវ​ហានិភ័យ​ផ្សេងៗ​ ប្រកបដោយ​ប្រសិទ្ធ​ភាព​។​

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ​ខែ​មីនា ​ឆ្នាំ​២០២០ ​លោក ចាន់ យុ​ត្ថា ​អ្នកនាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ បាន​បន្តទៀតថា ​ស្ថានីយ​រ៉ា​ដា​ថ្មី​នេះ ​ក្រសួង​ធនធាន​ទឹក​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ដោយ​ស្ថានីយ​នេះ​ មាន​បំពាក់​ប្រព័ន្ធ​ផ្កាយរណប​សម្រាប់​ចាប់​យក​ស្ថានភាព​ពពក ​និង​បាតុភូត​ផ្សេងៗ​ទៀត​ ប្រកបដោយ​គុណភាព​ខ្ពស់។

ប៉ុន្តែ​យ៉ាងណាក៏ដោយ​ លោក​បាន​បញ្ជាក់​ថា​ ក្រសួង​ ក៏​ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ដល់​បុគ្គ​លិក​ឲ្យ​ចេះ​ប្រើប្រាស់​ឧបករណ៍​ទាំងនោះ​ផង​ដែរ​។

លោក​បាន​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ ​ក្រសួង ​ទើបតែ​មាន​ស្ថានីយ​រ៉ា​ដា​ និង​ឧតុនិយម​តេ​ជោ​សែន ​នៅ​ភ្នំពេញ ​ម្តុំ​ក្បាលថ្នល់​តែមួយគត់​។ អាស្រ័យ​ហេតុនេះ​ហើយ ​ទើប​ក្រសួង​ សម្រេច​បង្កើត​ស្ថានីយ​រ៉ាដា​ថ្មី​មួយទៀត​នៅ​ខេត្ត​កំពង់ធំ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង​។

ពាក់ព័ន្ធ​នឹង​របប​ទឹកភ្លៀង​នៅ​ឆ្នាំនេះ​វិញ លោក ​ចាន់ យុ​ត្ថា​ បាន​លើកឡើងថា​ ទោះបីជា​ប្រទេស​កម្ពុជា​រង​ផល​ប៉ះពាល់​ដោយ​បាតុភូត​អែល​លី​ណូ​ក្តី តែ​សម្រាប់​ឆ្នាំ​២០២០​ នេះ​ ទឹកភ្លៀង​មាន​របាយ​ធ្លាក់​ល្អ​ជាង​ឆ្នាំ​២០១៩​ ហើយ​ខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង​ ដែល​ពីមុន​មាន​បញ្ហា​ខ្វះ​ទឹក តែ​ពេល​នេះ ​ក្រសួង​ធនធាន​ទឹក បាន​ដោះស្រាយ​រួចរាល់​ហើយ​។

គួរ​បញ្ជាក់​ថា កន្លងមក រាល់​ការ​បញ្ជូន​ទិន្នន័យ​របស់​ស្ថានីយ​ឧតុនិយម​តូចៗ ពី​តាម​ខេត្ត​នានា ផ្ដល់​ជូន​ទៅ​ស្ថានីយ​ធំ ឬ​រ៉ា​ដា​តេ​ជោ​សែន នៅ​ភ្នំពេញ ទទួល​លទ្ធផល​ នៃ​ការ​ព្យាករ គឺ​ត្រឹមត្រូវ​ស្ទើរ ១០០​ភាគរយ​។ ក្រោយ​ពេលដែល​ស្ថានីយ​នេះ​ទទួលបាន​ទិន្នន័យ​បញ្ជូន​មកពី​ស្ថានីយ​នៅ​តាម​ខេត្ត ស្ថានីយ​ធំ​នេះ នឹង​កត់ត្រា​ទិន្នន័យ​នោះ​ជា​ស្វ័យប្រវត្ត​តែម្ដង​។ បន្ទាប់មក ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ធនធាន​ទឹក នឹង​ដកស្រង់​យក​ទិន្នន័យ​ពី​ស្ថានីយ​រ៉ា​ដា​តេ​ជោ​សែន ដែល​បាន​កត់ត្រា​នោះ យក​មក​វិភាគ ហើយ​ចេញ​ជា​ផលិតផល​សម្រេច​មួយ​តាម​ក្រោយ​៕


អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114