BREAKING NEWS
Search

ម៉ន ព្រហ្ម​ម៉ាញ ​និង​ សូត្រ ខេ​វិ​ន ​ត្រឹម​ស្មើគ្នា ខណៈ​ជី ឆៃលី សងសឹក ពេជ្រ ប៊ុន​សិទ្ធ ​អត់​បាន​សម្រេច​

​ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍ ដែល​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​សូត្រ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក កាលពី​យប់​ថ្ងៃ​សុក្រ ​ទី​១៤​ ​ខែ​សីហា ឆ្នាំ​​២០២០ នៅ​លើ​សង្វៀន​បិទទ្វារ​គូ​បូ​តា​បាយ័ន​ស្ទឹងមានជ័យ​នោះ ជា​លទ្ធផល​បាន​ត្រឹម​ស្មើគ្នា​ប៉ុណ្ណោះ។​

ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​ នៅក្នុង​ការប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ទាំង​ម៉ន ព្រហ្ម​ម៉ាញ ទាំង​សូត្រ ខេ​វិ​ន សុទ្ធតែ​បាន​វាយ​ប្តូរ​កណ្តាប់ដៃ ទាត់ ហើយ​កែង ​និង​ជង្គង់​គ្នា​ទៅវិញ​ទៅ​មក ប៉ុន្តែ​ពុំមាន​អ្នកណា​មាន​ប្រៀប​លើ​អ្នកណា​នោះ​ឡើយ គឺ​ស្មើ​ពិន្ទុ​គ្នា​ បន្ទាប់ពី​បញ្ចប់​ការប្រកួត ។​

ចំពោះ ជី ឆៃលី អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​កងយោធពលខេមរភូមិន្ទ ដែល​ឡើង​សងសឹក​ពេជ្រ ប៊ុន​សិទ្ធ អ្នក​ប្រដាល់​ក្លិប​ចលនា​យុវជន​កម្ពុជា១៥៧គុន​ខ្មែរ​វិញ​នោះ ឆៃលី ធ្វើ​មិនបាន​សម្រេច​នោះទេ គឺ​ចាញ់​ចូល​ដើម​ទៀត ដោយ​ត្រូវ​ពេជ្រ ប៊ុន​សិទ្ធ​ វាយ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​៨​ជា​ច្រើនដង​ថែម​ទៀត។ ពួកគេ​ទាំងពីរ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម។​

ពេជ្រ ប៊ុន​សិទ្ធ​ លើក​នេះ វាយ​មាន ប្រៀប​លើ ​ឆៃលី ​ច្រើនជាង​ការជួបគ្នា​លើក​មុន​ទៅទៀត​។ ឆៃលី ត្រូវ​ ប៊ុន​សិទ្ធ​ វាយ​រាប់​៨​ពីរដង​ក្នុង​ទឹក​ទី​២ ហើយ​ក្នុង​ទឹក​ទី ៣​រាប់​៨​ម្តងទៀត និង​មកដល់​ទឹក​៤ ក៏ត្រូវ​ប៊ុន​សិទ្ធ​ វាយឲ្យ​សន្លប់​តែម្តង។​

ចំណែក ថន ភឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា​ខេត្ត​ពោធិ៍សាត់ បាន​ប្រកួត​ឈ្នះ នូវ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​បញ្ជាការ​ទ័ព​ពិសេស​ដោយ​ពិន្ទុ​ ក្រោយ​ប្រកួត​គ្នា​៥​ទឹក​ពេញ​ដែរ​នោះ។ ពួកគេ​ពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​

លី រដ្ឋា អ្នក​ប្រដាល់​ក្លិប​មី​ស្ទ័​រលី​គុន​ខ្មែរ ត្រូវ ឯម ភា​រុន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ វាយ​ឲ្យ​បោះចោល​ការប្រកួត​ក្នុង​ទឹក​ទី​៤។ អ្នក​ទាំងពីរ​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ហើយ ឯម ចន្ថា ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ ប្រកួត​ឈ្នះ ភួង ណាំ​ហ៊​ង ក្លិប​រស្មី​កុមារកំព្រា ក្នុង​ទឹក​ទី​២។​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម​៕
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ ធ្វើ​តេស្ត​បច្ចេកទេស​អត្តពលិក​ជម្រើស​ជាតិ​ឈុត​ធំ និង​ថ្នាល​ដំណាក់កាល​ទី​១




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114