BREAKING NEWS
Search

រាជរដ្ឋាភិបាល ​បើកប្រាក់​ឧបត្ថម្ភ​ជួនដល់គ្រួសារក្រីក្រជិត៤០ម៉ឺនគ្រួសារ

ភ្នំពេញ៖ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែកក្កដានេះថា រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ មានគ្រួសារក្រីក្រចំនួន៣៨៥,៣៤០​គ្រួសារហើយ​ទទួល​បានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ក្នុងចំណោមគ្រួសារក្រីក្រជាង៥៦ម៉ឺននៅទូទាំងប្រទេស។

លោកបានបន្តថា ចំពោះគ្រួសារក្រីក្រដែលនៅសេសសល់ដែលមក​ផ្ទៀងផ្ទាត់បានត្រឹមត្រូវ​រដ្ឋាភិបាលនឹងបន្តបើកផ្តល់ជូនជាបន្តទៀត ដែលការបើកប្រាក់នេះគឺធ្វើឡើង​តាមរយៈភ្នាក់​ងារ​Wing​។

យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា នៅក្នុងអំឡុងពេលបើកប្រាក់​ឧបត្ថម្ភ​ជួនដល់​គ្រួសារ​ក្រីក្រនេះដែរមានបញ្ហាមួយចំនួនបានកើតឡើងរហូតដល់ចំនួន១៥០០ករណី ដូចជាគ្រួសារខ្លះ​បាន​បាត់បណ្ណឬរហែក ឬមិនអាចបើកប្រាក់​ឧបត្ថម្ភ​បានជាដើមមាន ។ប៉ុន្តែក្រសួងបានធ្វើការផ្លាស់​ប្តូរថ្មី​ជូនពួកគាត់រួចរាល់ហើយ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្រីក្រដែលមានបញ្ហាដូចជាបាត់​បណ្ណ​ ឬ​ខូច​ ឬរហែក ឬព័ត៌មានក្នុង​បណ្ណ​ខុស មិនអាចបើកប្រាក់ឧបត្ថម្ភបាននិង​មានភាពមិនប្រក្រតី​លើគ្រួសារក្រី​ក្រណា​មួយ សូមធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទចំនួនពីរខ្សែគឺ០៩៥ ៣៦៣ ៦៨៨/០១២ ៣៩១ ០១៦ ដើម្បីឲ្យក្រុមការងារក្រសួងដោះស្រាយ​ទាន់ពេលវេលា។

លោក ស្រី ដា បានបញ្ជាក់ថា ក្រុមការងារកំពុងបូកសរុបគ្រួសារក្រីក្រជុំទី២ជាបន្តទៀត ប៉ុន្តែ​ក្រសួង និងអាជ្ញាធរមូលដ្ឋាន នៅតែទទួលការដាក់ពាក្យ​ស្នើសុំ​រហូត ដោយមិនមាន​ការកំណត់ទេ ដោយគ្រាន់តែអ្នកដែលបានដាក់ពាក្យស្នើសុំ​ក្រោយថ្ងៃទី១ ខែកក្កដា ឆ្នាំ​២០២០ ដែល​បានអនុម័តថា​ជាគ្រួសារក្រីក្រ នឹងទទួលបានប្រាក់​ឧបត្ថម្ភ​នៅ​សប្តាហ៍​ទី៤ នៃខែសីហា ឆ្នាំ២០២០។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បាន​ដាក់​ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះ​ដោយ​សារផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលថវិកានេះ ត្រូវបានបែងចែង និងផ្តល់​ដូចតទៅទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ។ «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួល​បានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូក​បន្ថែម​៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជន​មានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុក​មេរោគអេដស៍​។

«សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិក​នៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ​ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ«សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួល​បាន​ប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺន​រៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមាន​ពិការ​ភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

«សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិក​នៅ​ក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ«សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់​សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរា​អាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

«សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០​០​៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិក​នៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០​ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕

អត្ថបទ៖ សំអឿន

ចុចអាន៖ អាជ្ញាធរ​មូលដ្ឋាន​នឹងប្រឈមមុខប្រសិន​រកឃើញ​ករណីមិនប្រក្រតីលើការផ្តល់ប្រាក់ជូនពលរដ្ឋ​ក្រីក្រ