BREAKING NEWS
Search

កម្ពុជា ទទួលប្រាក់​តម្កល់​ពីអ្នកដំណើរបរទេសសរុប​៩លានដុល្លារ

ភ្នំពេញ៖ លោកស្រី​វេជ្ជបណ្ឌិត​ យក់ សម្បត្តិ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានមានប្រសាន៍ថា គិតត្រឹម​ថ្ងៃ​ទី ៣០ ខែមិថុនា ឆ្នាំ២០២០ ក្រសួង​ទទួលបាន​ថវិកា​តម្កល់​ពីជនបរទេស​ដែលធ្វើ​ដំណើរ​ចូលមកប្រទេស​កម្ពុជា ចំនួន ៩លានដុល្លារ ទៅលើអ្នកដំណើរចំនួន ៣០០០នាក់។

លោកស្រីបន្តថា ចំពោះថវិកាទាំងនេះសម្រាប់ការ​ធ្វើតេស្ត​រកជំងឺកូវីដ១៩ និង​សម្រាប់​ព្យាបាលជំងឺ​នៅពេលរក​ឃើញថាមានឆ្លងជំងឺកូវីដ១៩។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បន្តថា ក្នុងករណីដែលអ្នកដំណើរទាំងនោះមានឆ្លងជំងឺ​នេះក្រសួងតម្រូវ​អោយអ្នកដំណើរតម្កល់ប្រាក់៣០០០ដុល្លារបន្ថែមសម្រាប់ព្យាបាលជំងឺដោយសារប្រាក់ធនារ៉ាប់រង៥ម៉ឺនដុល្លារនៅមិនទាន់អាចបើកប្រើប្រាស់បាននៅឡើយ។

លោកស្រីបានបន្ថែមថា ក្នុងករណីមិនមានរកឃើញឆ្លងទេ ក្រសួងនឹងបង្វិល​ថវិកាទាំងនោះត្រឡប់ទៅ​ម្ចាស់​ដើម​វិញក្រោយពេលធ្វើ​ចត្តាឡឺស័ក​៥ ថ្ងៃ ដោយអ្នក​ដំណើអាចទៅទទួលនូវធនាគារ​អេស៊ីលីដា ធនាគារអាស៊ី​ចំកាត់ និងនៅធនាគារ​កាណាឌីយ៉ា​។
លោកស្រី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ចាប់តាំងពីកម្ពុជាបើកឲ្យ​ជន​បរទេស​ចូលមក​ប្រទេសកម្ពុជាវិញ មកដល់ពេលនេះមានអ្នក​ដំណើរ​ចូលមកចំនួន១៦៨១២៦ នាក់ហើយ ក្នុងនោះមាន១៨ ករណីរកឃើញថាវិជ្ជមាន។

លោកស្រីវេជ្ជបណ្ឌិត យក់​ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល​ បានមានប្រសាន៍ដែរថា ក្រសួងនឹងពង្រីកមន្ទីរពិសោធន៍ការធ្វើតេស្តរកមេរោគកូវីដ១៩នៅតាមខេត្តចំនួន៣បន្ថែមទៀត ក្នុងនោះរួមមាន ខេត្តសៀ​មរាប កំពង់ចាម និងបាត់ដំបង។

ការពង្រីកមន្ទីរពិសោធន៍នេះ គឺដើម្បីជួយអោយការធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានទាន់ពេលវេលាក៏ដូចជាគ្រប់គ្រងអ្នកដំណើរទាំងខ្មែរ និងបរទេសឲ្យបានហ្មត់ចត់សំដៅទប់ស្កាត់ការឆ្លងរាលដាលចូលសហគមន៍។

អត្ថបទ៖ សំអឿន

ចុចអាន៖ រាជរដ្ឋាភិបាល ​បើកប្រាក់​ឧបត្ថម្ភ​ជួនដល់គ្រួសារក្រីក្រជិត៤០ម៉ឺនគ្រួសារ