ព្រះសង្ឃ​នៅ​ក្រុង​សៀមរាប ​ធ្វើ​ពិធី​ប្រោះព្រំ​បណ្ដេញ​​ឧបទ្រព​ចង្រៃ​កូ​វីដ​១៩

សៀមរាប ៖ ព្រះ​តេជគុណ ហែម គឹម​សាន ព្រះ​គ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​គោកចក ក្រុង ខេត្ត​សៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​២០ ​ខែ​មីនា នេះ ​បាន​និមន្ត​សូត្រមន្ត ប្រោះព្រំ បណ្ដេញ ឲ្យ​វិនាស​ចាក​ចេញពី​កម្ពុជា ក៏​ដូច​ខេត្ត​សៀមរាប នូវ​គ្រោះកាច​ចង្រៃ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម កូ​វីដ​១៩ និង សុំ​សេចក្តី​សុខ​ចម្រើន​ដល់​ប្រជានុរាស្ត្រ​ខ្មែរ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​កំពុង​ស្នាក់​អាស្រ័យ​នៅ​កម្ពុជា​។

ក្នុង​សកម្មភាព ​នៃ​ការ​និមន្តប្រោះព្រំ​នេះ ព្រះសង្ឃ​ បាន​និមន្ត​គង់​នៅ​លើ​រថយន្ត ដោយមាន​ដាក់​នូវ​ឧគ្ឃោសន​ស័ព្ទ ធ្វើការ​សូត្រ​នូវ​ព្រះធម៌ បណ្ដេញ​នូវ​ឧបទ្រព​ចង្រៃ​ទាំងពួង ដើម្បី​បន្សាប​នូវ​ជំងឺ​កូ​វីដ​១៩ ឲ្យ​បាក់​ខ្លបខ្លាច​វិនាស​សន្តិ ចេញពី​ភព​ផែនដី​សុវណ្ណ​ភូមិ និង ឲ្យ​នាំមក​នូវ​តែ​សេចក្តី​សុខ​ចម្រើន និង ការអភិវឌ្ឍ ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​ជាតិ និង ជីវភាព​ប្រជាពលរដ្ឋ។

ដំណើរ​ផ្សព្វផ្សាយ​ព្រះធម៌ ក្នុង​ការ​ប្រោះព្រំ​សុំ​សុខ​សិរី​នេះ បាន​ធ្វើ​ដំណើរចរ​យាត្រា ទៅ​តាម​ដងផ្លូវ​មួយ​ចំនួន​នៅក្នុង​ក្រុង​សៀមរាប ដោយមាន​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​នៅតាម​ដង​ផ្លូវ ចេញ​មក​ទទួល​ស្វាគមន៍ ទទួល​ពរជ័យ សិរីមង្គល​ពី​ព្រះសង្ឃ ព្រមទាំង​មាន​ពុទ្ធឱវាទ​មួយ​ចំនួន​ក្នុងការ​ដាស់តឿន ដល់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ ត្រូវតែ​ប្រតិបត្តិ​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល និង ក្រសួង​សុខា​ភិបាល និង ត្រូវ​ចេះ​ធ្វើ​អនាម័យ​ឲ្យ​បានជា​ប្រចាំ​នៅ​ក្នុង​ក្រុម​គ្រួសារ ព្រមទាំង​ត្រូវ​មាន​កិច្ច​សហការ​គ្នា សាមគ្គីភាព​គ្នា មិន​ត្រូវ​មានការ​រើសអើង​ពូជសាសន៍ និង សាសនា​ឡើយ ដោយ​យើង​គ្រប់​រូប​រស់នៅ​ក្រោម​ដំបូល​សុខ​សន្តិភាព​តែមួយ​៕

 


អត្ថបទ ៖ ​កុសល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114