BREAKING NEWS
Search

ឈ្មោះព្រះចន្ទពេញបូរណ៌មីតាមខែនីមួយៗដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

ខ្មែរ យើងមិនសូវបានដឹងពីឈ្មោះពិតរបស់ព្រះចន្ទពេញវង់តាមខែនីមួយៗប៉ុន្មានទេ ដោយភាគច្រើននិយមហៅ ព្រះចន្ទពេញបូរណ៌មី ឬព្រះខែខ្នើតជាដើម។

យ៉ាងណាមិញ ពួកកុលសម្ព័ន្ធដើមអាមេរិកាំង និងប៉ែកខាងអឺរ៉ុប បានតាមដានរដូវកាលនីមួយៗក្នុងមួយឆ្នាំៗ ហើយឲ្យឈ្មោះប្លែកៗគ្នាដល់ព្រះចន្ទពេញវង់តាមខែរបស់វាខុសពីយើងធ្លាប់ប្រើ។

ខាងក្រោមនេះជាឈ្មោះព្រះចន្ទពេញវង់ទាំង ១២ ខែ៖

ព្រះចន្ទឆ្កែចចក(Full Wolf Moon) – កើតឡើងក្នុងខែមករា ដែលកំណើតរបស់វាកើតចំពេលមានពពកក្រាស់ មេឃត្រជាក់ខ្លាំង នាពាក់កណ្តាលរដូវត្រជាក់ ស្របពេលដែលឆ្កែចចកលូទ្រហឹងពេញព្រៃ។ ឈ្មោះនេះក៏ត្រូវគេហៅផ្សេងទៀតដូចជា ព្រះចន្ទពេញវង់ខែមករា(January’s full Moon) ឬ ជួនកាលគេហៅ ព្រះចន្ទចាស់ ឬព្រះចន្ទព្រិល។

ព្រះចន្ទព្រិលធ្លាក់(Full Snow Moon) – កើតឡើងក្នុងខែកុម្ភៈ រាប់ចាប់ពីមានព្រិលធ្លាក់ខ្លាំងមក។ ជាធម្មតា កុលសម្ព័ន្ធនៅភាគខាងជើងនិងខាងកើតហៅវាថា ព្រះចន្ទពេញវង់នៃខែកុម្ភៈ ឬ ព្រះចន្ទពេញវង់នារដូវព្រិល ។ រីឯកុលសម្ព័ន្ធខ្លះហៅព្រះចន្ទនេះថា ជាព្រះចន្ទពេញវង់នៃភាពអត់ឃ្លាន ព្រោះលក្ខខណ្ឌអាកាសធាតុត្រជាក់នៅក្នុងតំបន់ផ្សេងៗនៃរដូវនេះ ធ្វើឱ្យពួកគេពិបាកបរបាញ់និងរកអាហារ។

ព្រះចន្ទកំណើតដង្កូវ(Full Worm Moon) – កើតឡើងក្នុងខែមីនា នៅពេលដែលសីតុណ្ហភាពចាប់ផ្តើមក្តៅ ហើយពពួកដង្កូវកើតឡើងព្រមជាមួយពពួកសត្វស្លាបមួយចំនួនដែរ។ កុលសម្ព័ន្ធភាគខាងជើងឲ្យឈ្មោះព្រះចន្ទនេះថា ព្រះចន្ទពេញវង់នៃសត្វក្អែក ព្រោះជាពេលដែលសត្វក្អែកចូលមកបញ្ចប់រដូវរងារ។ គេអាចហៅម្យ៉ាងទៀតថា ព្រះចន្ទពេញវង់ក្រៀម​ ព្រោះព្រិលប្រែជារលាយពេលថ្ងៃ និងកកនៅពេលយប់ និងវាក៏ជាពេលព្រះចន្ទពេញវង់ចុងក្រោយនារដូវត្រជាក់ផងដែរ។

ព្រះចន្ទពណ៌ផ្កាឈូក(Full Pink Moon) – កើតឡើងក្នុងខែមេសា ដោយឈ្មោះនេះបានមកពីប្រទាលស្លែពណ៌ផ្កាឈូកម្យ៉ាងដែលបានរីកដំបូងគេនានិទាឃរដូវ។ ឈ្មោះផ្សេងទៀតនៃព្រះចន្ទនេះរួមមាន Full Sprouting Grass Moon ឬ Egg Moon ឬ Full Fish Moon ពីព្រោះរដូវនេះជាពេលវេលាដែលត្រីពង។

ព្រះចន្ទរដូវផ្កា(Full Flower Moon) – កើតឡើងក្នុងខែឧសភា ដែលជាពេលមានផ្ការីកស្គុះស្គាយនៅគ្រប់ស្ទើរគ្រប់តំបន់ទូទាំងពិភពលោក។ ឈ្មោះផ្សេងទៀតរបស់ព្រះចន្ទនេះមានដូចជា ព្រះចន្ទ Corn Planting ឬ ព្រះចន្ទទឹកដោះគោ (Milk Moon) ។

ព្រះចន្ទស្ត្រប៊ឺរី(Full Strawberry Moon) – កើតឡើងក្នុងខែមិថុនា ដែលឈ្មោះនេះបានមកពីកុលសម្ព័ន្ធអាល់ហ្គូគីន Algonquin។ ដោយសាររៀងរាលឆ្នាំខែនេះ ជារដូវប្រមូលផលផ្លែស្ត្របឺរី ទើបគេហៅឈ្មោះវាថា ព្រះចន្ទស្ត្រប៊ឺរី ។  ប៉ុន្តែនៅក្នុងទ្វីបអឺរ៉ុបគេហៅវាថា ព្រះចន្ទផ្កាកុលាប។

ព្រះចន្ទសត្វប្រើស (The Full Buck Moon )- កើតឡើងក្នុងខែកក្កដា ដែលជាខែសម្រាប់អ្នកបរបាញ់បុរាណប្រមាញ់ពពួកសត្វក្តាន់ ប្រើស​ ឈ្លូស និងរមាំងដើម្បីយកស្នែង រោម និងស្បែករបស់វា។ ជារឿយៗវាត្រូវបានគេហៅ ព្រះចន្ទរន្ទះ ច្រើនជាង ព្រោះក្នុងអំឡុងខែនេះមានព្យុះផ្គររន្ទះកើតឡើងញឹកញាប់បំផុត។ រីឯឈ្មោះមួយទៀតសម្រាប់ព្រះចន្ទមួយនេះ គឺ ព្រះចន្ទ Hay។

ព្រះចន្ទត្រី Sturgeon(Full Sturgeon Moon) – កើតឡើងក្នុងខែសីហា រាប់តាំងពីកុលសម្ព័ន្ធបុរាណធ្វើនេសាទចាប់បានត្រី Sturgeon ជាត្រីធំមួយនៃបឹង Great Lakes និងត្រីដទៃទៀតដែលត្រូវចាប់បានច្រើនបំផុតនៅក្នុងខែនេះ។ កុលសម្ព័ន្ធមួយចំនួនបានឲ្យឈ្មោះថា ព្រះចន្ទពេញវង់ក្រហម ពីព្រោះនៅពេលដែលព្រះចន្ទរះឡើង វាលេចចេញជាពណ៌ក្រហមតាមរយៈអ័ព្ទ។ ក្រៅពីនោះគេហៅវាថា ព្រះចន្ទ Green Corn ឬ ព្រះចន្ទ Grain ។

ព្រះចន្ទផ្លែពោត(Full Corn Moon or Full Harvest Moon) – កើតឡើងក្នុងខែកញ្ញា ជាឈ្មោះដែលបានសន្មតដោយជនជាតិដើមអាមេរិកាំង ពីព្រោះវាសម្គាល់នូវរដូវប្រមូលផលពោត។ ជាញឹកញាប់ព្រះចន្ទពេញវង់ខែកញ្ញា ជាព្រះចន្ទដែលកើតឡើងនៅជិតរដូវស្លឹកឈើជ្រុះ។

ព្រះចន្ទប្រមូលផល(Full Hunters Moon or Full Harvest Moon) – កើតឡើងក្នុងខែតុលា ដែលត្រូវបានគេហៅឈ្មោះផ្សេងៗដូចជា ព្រះចន្ទនៃការប្រមាញ់ ឬព្រះចន្ទឈាម ឬព្រះចន្ទពណ៌លោហិត។ កាលពីមុនជនជាតិដើមអាមេរិក បានដាក់ឈ្មោះព្រះចន្ទដ៏ភ្លឺថ្លានេះដោយហេតុផលថា ក្រោយប្រមូលផលសត្វព្រៃចេញមករកអាហារស៊ី និងរកទុកសម្រាប់រដូវរងារ។

ព្រះចន្ទសត្វ Beaver (Full Beaver Moon )- កើតឡើងក្នុងខែវិច្ឆិកា ដែលជាពេលវេលាសម្រាប់អ្នកតម្បាញដាក់អន្ទាក់ចាប់សត្វចតុប្បាទម្យ៉ាងឈ្មោះ beaver  ដើម្បីយករោមរបស់វាមកត្បាញសម្លៀកបំពាក់សម្រាប់ត្រៀមក្នុងរដូវរងារ។ ពេលខ្លះព្រះចន្ទនេះក៏ត្រូវបានគេហៅថា ព្រះចន្ទ  Frosty។

ព្រះចន្ទត្រជាក់ ឬព្រះចន្ទយប់យូរ(The Full Cold Moon or the Full Long Nights Moon) – កើតឡើងក្នុងខែធ្នូ ដែលឈ្មោះនេះ កើតឡើងដោយសារខែធ្នូជាខែរងារនិងត្រជាក់ខ្លាំងជាងគេ ហើយក៏មានពេលយប់វែងបំផុតនិងងងឹតបំផុតផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖  farmersalmanac

ចុចអាន៖ មកស្គាល់តំបន់អច្ឆរិយ​ធម្មជាតិដ៏​ចម្រុះ​ពណ៌​ដូចទីសួគា៌ទាំង៦

ចុចអាន៖  ហេតុអ្វី​បាន​ជា​មេឃ​ពេល​ខ្លះ​ប្រែ​ជា​ពណ៌​ស្វាយ?