BREAKING NEWS
Search

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​ នៅតែ​បន្ត​ការសាងសង់ មិន​ផ្អាក​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​Covid-19 ឡើយ​

ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ ដែល​ជា​សមិទ្ធផល​ដ៏​ធំ​សម្បើម​របស់​កម្ពុ​ជា នា​សតវត្ស​ទី​២១​ និង​ជា​កន្លែង​ត្រៀម​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ នៃ​ការ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើក​ទី​៣២ ​ឆ្នាំ​២០២៣​នោះ ​នៅតែ​បន្ត​ការសាងសង់ ដោយ​មិន​មាន​ផ្អាក​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម Covid-19 ឡើយ។​
​ ​
កីឡដ្ឋាន​ធំ​(Main Stadium)​ដែលជា​កន្លែង​សម្រាប់​ធ្វើ​ពិធី​បិទ និង បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ ឆ្នាំ​២០២៣​ នៅតែ​បន្ត​សកម្មភាព​ធ្វើ​ដោយ​មិន​មាន​ផ្អាក​ឡើយ។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កីឡ​ដ្ឋាន​ធំ​ដ៏​ធំ​ស្កឹមស្កៃ​ខាងលើ កំពុងតែបន្ត​ពន្លឿន​ការសាងសង់​ធម្មតា ពិសេស​ការដំឡើង​គ្រឿង​ដង្គុំ​សំខាន់ៗ ក៏​ជិត​ហើយ​ដែរ។ តាម​ការប៉ាន់ស្មាន​នៅសល់​ប្រហែល ២០% ទៅ ៣០% ទៀត កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​នេះ នឹង​រួចរាល់​ស្ថាពរ នៅ​ដំណាច់​ឆ្នាំ​២០២០​។​

ចំពោះ​ស្ថានភាព​បច្ចុប្បន្ន​ ទោះ​មានការ​រាតត្បាត​ពី​វីរុស​Covid-19​ក៏ពិតមែន តែ​មិន​ប៉ះពាល់​ដំណើរការ​សាងសង់​នោះ​ទេ ព្រោះ​ក្រុមហ៊ុន​សាងសង់ មាន​វិធានការ​មួយ​ចំនួន ដើម្បី​បង្ការ និង​ទប់ស្កាត់​វីរុស​ដ៏​កាច​សាហាវ​នេះ។​ ជាក់ស្ដែង​វិស្វករ​ និង​កម្មករ​ទាំង​ខ្មែរ​ និង​ចិន មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​-​ចូល ក្រៅពី​បរិវេណ​កន្លែងធ្វើការ​នោះ​ទេ។ ពាក់ព័ន្ធ​ហិរញ្ញវត្ថុ ​ក៏​គ្មាន​បញ្ហា​ក្ដីបារម្ភ​ដែរ ព្រោះ​គម្រោង​នេះ មាន​ទុន​ស្រាប់ ដើម្បី​ចំណាយ។

កីឡដ្ឋាន​នេះ សាងសង់​លើ​ផ្ទៃដី ១៦.២២ ហិកតា នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា ដើម្បី​ត្រៀម​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកទស្សនា​បាន​ជាង​៦​ម៉ឺន​នាក់ ហើយ​មាន​លក្ខណៈ​ពិសេស​ជាច្រើន ​និង​អាច​ជម្លៀស​អ្នកទស្សនា​ទាំងអស់​ក្នុង​ពេល​ត្រឹម​៧​នាទី​ប៉ុណ្ណោះ​ក្នុង​ពេល​មាន​អាសន្ន។

សូមបញ្ជាក់ថា កីឡដ្ឋាន​ធំ​ នៃ​ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេ​ជោ គឺជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នេះ ដោយ​គ្រោង​ចំណាយ​ថវិកា​សរុប​ប្រមាណ​១៦០​លាន​ដុល្លារ៕​


អត្ថបទ ៖ វិ​សិទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114