ប្លន់​ម៉ូតូ​យក​លុយ​ទៅ​ទិញ​ថ្នាំញៀន​ជក់ ​ទី​បញ្ចប់​ជាប់​ខ្នោះ

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ​ក្នុងចំណោម​ពីរ​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ ចាប់ខ្លួន​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​បាន​សម្រេច​ប្រមាណ​ជា​៣០​នាទី​រួចមក។

តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា​ ករណី​ប្លន់​នេះ​បានកើត​ឡើង នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ ២ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃ​ទី​១៣-០១-២០២០ ម៉ោង​០០​និង​១០​នាទី កណ្តាល​អធ្រាត្រ។

ជនរងគ្រោះ​ឈ្មោះ លន់ ផល្លី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខ​ឯកជន ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់ តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ តឹក ចំរើន ភេទ ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ មិន​ពិត ប្រាកដ។

ចំពោះ​ហេតុការណ៍​នេះ ​លោក​អធិការ​រង​ បញ្ជាក់​ថា ​កាលពី​ថ្ងៃ​ទី១៣ ​ខែ​មករា ​ឆ្នាំ​២០២០​ វេលា​ម៉ោង​០០​និង​០០​នាទី ជនរងគ្រោះ​អង្គុយ​លើ​ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​មិន​ចាំ រង់ចាំ​ឌុប​ម៉ូយ​នៅមុខ ហាង​ថៃ​សាន្ត ខណ្ឌចំការមន។ ពេលនោះ​ក៏​មាន​ជនសង្ស័យ ០២​នាក់ ឈ្មោះ តឹក ចំរើន និង​ឈ្មោះ ញ៉ា បាន​ហៅ​ជនរងគ្រោះ ឲ្យ​ឌុប​មក​សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ។ ពេល​ជនរងគ្រោះ​ឌុប​ជនសង្ស័យ​ទាំង​០២​នាក់ មកដល់​ចំណុចកើតហេតុ ជនសង្ស័យ​ក៏​ឲ្យ​ជនរងគ្រោះ​ឈប់​ម៉ូតូ រួច យក​ដាវ​គំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក​ខាងលើ ជិះ​គេចខ្លួន​យក​ម៉ូតូ​ទៅ​ឲ្យ​បក្ខពួក​០១​នាក់​ទៀត​ឈ្មោះ ឌែម យកទៅ​បញ្ចាំ​គេ​បាត់។ ចំណែក ដាវ​ជនសង្ស័យ​បោះចោល​បាត់​។ រហូតដល់ ម៉ោង​០០​និង​៣០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​ឃាត់ខ្លួន បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ តឹក ចំរើន នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ បញ្ជូនមក​អធិការដ្ឋាន នគរបាល​ខណ្ឌ ច្បារអំពៅ ចាត់ការ​តាមច្បាប់។ ជនសង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​ព្រៃ​ស ០១​ឆ្នាំ ក្នុង​ឆ្នាំ​២០១២ ពីបទ ៖ លួច​៕​
ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114