BREAKING NEWS
Search

អ្នក​ទេសចរ ​នៅ​លើ​នាវា MS Westerdam សប្បាយចិត្ត ក្រោយពេល​ប្តូរ​ទិសដៅ​ជិះ​យន្តហោះ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​

​ព្រះសីហនុ​ ៖ ក្រុម​អ្នក​ទេសចរ​នៅលើ​នាវា MS Westerdam ជាច្រើន ដោយ​ម្នាក់ៗ បាន​សម្តែង​អារម្មណ៍ សប្បាយចិត្ត ក្រោយពេល​ពួកគេ​ប្តូរ​ទិសដៅ​ធ្វើដំណើរ​តាម​ជើង​ហោះហើរ ត្រឡប់​ទៅ​ស្រុកកំណើត វិញ។

​រហូត​មកដល់​ពេល​នេះ គិត​ចាប់ពី​ថ្ងៃទី១៤ មកដល់​រសៀល ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ យោង​តាម​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ថា សម្រាប់​រយៈពេល​២​ថ្ងៃនេះ មាន ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិសាសន៍ ​បាន​ចាក់ចេញ​ពីលើ​នាវា​ប្តូរ​ទិសដៅ​ធ្វើដំណើរ​តាម​ជើង​ហោះហើរ​ទិស​ដៅ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ខេត្ត​ព្រះសីហនុ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ​)​ដើម្បី​ទៅកាន់​ស្រុកកំណើត​វិញ​មាន​ចំនួន​ជិត​ ១ ០០០ ​នាក់ ហើយ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ ចំនួន​ប្រមាណ ​១ ៤៥៥ ​នាក់។ ក្នុងនោះ ថ្ងៃទី​១៤ មាន​ចំនួន​៤០៧​នាក់ ហើយ​សម្រាប់​ថ្ងៃទី​១៥​នេះ ក៏​មាន អ្នក​ទេសចរ​ចំនួន​៥៤៤​នាក់​ផងដែរ។​

ដោយឡែក​សម្រាប់​ព្រឹក​ថ្ងៃទី​១៥​នេះ លោក W.Patrik Murphy មន្ត្រី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាច្រើន លោក​បាន​សម្តែង​នូវ​ការដឹកនាំ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ទឹក​ចិត្ត​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាត និង​ទទួល​ស្វាគមន៍​នាវា​ទេសចរណ៍​ឲ្យ​នាវា Westerdam​ចូល​ចត និង​សម្រួល​ដល់​ការប្តូរ​ទិសដៅ​ធ្វើដំណើរ​តាម​ជើងហោះហើរ ដើម្បី​ភ្ញៀវ​ទេសចរ​បាន​វិញ​ត្រឡប់​ទៅកាន់​ស្រុក​កំណើត​រាង​ខ្លួន​វិញ​។​ ទាំងនេះ​ជា​ការ​បង្ហាញ​ចេញ​នូវ​សាមគ្គីភាព និង​មនុស្សធម៌ របស់ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា។​

គួរបញ្ជាក់​ផងដែរ​ថា ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក​Westerdam​ បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពី សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា​។ នាវា​យក្ស​នេះ ដឹក​មនុស្ស​សរុប​ជាង ២ ២០០ ​នាក់ ក្នុង​នោះ​អ្នកដំណើរ ​១ ៤៥៥ ​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន​៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េ​ខាងត្បូង កោះ​ហ្គាំ​(​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114