ស្ត្រី​មេម៉ាយ​ជា​ម្ដាយ​ត្រូវ​បាន​ចាប់ខ្លួន ​បន្ទាប់​ពី​សម្លាប់​កូន​ស្រី​បង្កើត

ម៉ាឡេស៊ី៖ ស្ត្រី​មេម៉ាយ​ជា​ម្ដាយ​ដែល​រស់នៅ​ជាមួយ​កូនស្រី​ ​ត្រូវ​បាន​ចាប់ខ្លួន​ទៅ​តុលាការ​ ដោយ​បាន​​សម្លាប់​កូនស្រី​អាយុ ២ ឆ្នាំ​របស់​ខ្លួន។ អ្នកស្រី  Nurul Shamira Mazlan អាយុ ២២ ឆ្នាំ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ចេតនា​សម្លាប់​កូន​តែ​ម្នាក់​របស់​គាត់​ឈ្មោះ ​​Nur Shahana Abdus Quddus ដែល​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ Sultan Ismail កាលពី​ថ្ងៃ​ទី ១៣ មករា។ ស្ត្រី​ជា​ម្ដាយ​ក៏​បាន​ងក់ក្បាល​ឆ្លើយតប​ បន្ទាប់​ពី​ការ​ចោទប្រកាន់​ត្រូវ​បាន​អាន​នៅ​ចំពោះ​នាង​ និងមុខ​ចៅ​ក្រម Rashidah Baharom កាល​ពី​ម្សិលមិញ​នេះ។

នាង Nurul Shamira ដែល​ជា​ជន​គ្មាន​ការងារ​ធ្វើ​ ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង​ថ្ងៃ​ទី ៥ និង ១១ មករា​ចាប់​ពី​ម៉ោង ១១ ព្រឹក​ដល់​ថ្ងៃ​ត្រង់ ​នៅ​ឯ​ផ្ទះល្វែង​មួយ​នៅ Jalan Kempas Indah នៃ​សង្កាត់ Taman Kempas Indah ។

នាង​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ក្រោម​មាត្រា ៣០២ នៃ​ច្បាប់​ក្រមព្រហ្មទណ្ឌ​ដែល​អនុវត្ត​ការ​កាត់​ទោស​ប្រហារ​ជីវិត ជា​ចាំបាច់​នៅ​ពេល​ត្រូវ​ផ្ដន្ទាទោស។ ចំណែក​ព្រះរាជ​អាជ្ញា​រង​សាធារណៈ​គឺ​លោក Benedict Choong Kai Qi ខណៈ​ពេល​ដែល​ជនជាប់ចោទ​ត្រូវ​បាន​តំណាង​ដោយ​មេធាវី  Mohd Norazihan Adnan, Muhammad Ashraff Mohd Diah និង Jack Sumatra ។

ជន​ជាប់ចោទ​ក៏​មាន​សង្សារ​អាយុ ៣៣ ឆ្នាំ និង​​ត្រូវ​បាន​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ការ​រំលោភ​បំពាន​លើ​រាងកាយ។ ជន​រងគ្រោះ​ត្រូវ​បាន​គេ​និយាយ​ថា ​បាន​រង​របួស​ជា​ច្រើន​កន្លែង​រួម​ទាំង​ស្នាម​ខាំ​នៅ​លើ​ដៃ​និង​ពោះ​របស់​នាង​ផង​ដែរ។

លោក Muhammad Ashraff  ដែល​ជា​មេធាវី​ បាន​និយាយ​ថា​ មិត្ត​ប្រុស​របស់​ជនជាប់ចោទ​​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ និង​ធ្វើ​ជា​សាក្សី​ក្នុង​អំឡុង​ពេល​ជំនុំ​ជម្រះ​ក្ដី​ឃាតកម្ម ៕

 

ចុចអាន៖ខឹងប្ដី​ពូកែ​ផឹក​ពេក ​ដាក់​ថ្នាំ​ឲ្យ​រាករហូត​ស្បថ​​លែងហ៊ាន​ប្រមឹក!

ចុចអាន៖ក្មេង​ស្រី​អាយុ ៦ ឆ្នាំ ​រហែក​ត្របកភ្នែក​បន្ទាប់​ពី​ជ្រុះ​ទំពក់​ខោអាវ​នៅ​ក្នុង​ហាងទំនិញ

 

ប្រែសម្រួល៖សាង ស្រីល័ក្ខ