គណៈ​បញ្ជាការ​ឯកភាព​ក្រុង ​ចុះ​​​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ រថយន្ត​ដឹក​ដី បំពាក់​ស៊ីផ្លេ​ឮ​ខ្លាំង និង​បើក​លឿន
BREAKING NEWS
Search

គណៈ​បញ្ជាការ​ឯកភាព​ក្រុង ​ចុះ​​​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ រថយន្ត​ដឹក​ដី បំពាក់​ស៊ីផ្លេ​ឮ​ខ្លាំង និង​បើក​លឿន

បន្ទាយមានជ័យ​ ៖​ លោក​ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​សិរីសោភ័ណ ​បាន​មាន​ប្រសាសន៍​ប្រាប់​ឲ្យ​ដឹង​ថា ​ថ្ងៃនេះ​លោក​ បាន​ដឹកនាំ​កងកម្លាំង​អាវុធហត្ថ​ក្រុង អធិការ​ក្រុង​សិរីសោភ័ណ​១​ក្រុម​ ចុះ​អនុវត្ត​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ រថ​យន្ត​ដឹក​ដី បំពាក់​ស៊ី​ផ្លេ​ឮ​ខ្លាំង រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ចូល​ក្រុង ​ឲ្យ​ធ្វើ​កិច្ចសន្យា តែ​បើ​នៅ​មាន​លើក​ក្រោយៗ​ទៀត​នឹង​ធ្វើការ​ផាក​ពិន័យ។

ការ​ត្រួតពិនិត្យ​នេះ ​ធ្វើ​ឡើង ​នៅ​ចំណុច​ផ្លូវ​៧​មករា កែង​សាលាក្រុង ផ្លូវ​ចូល​សួន​ស្នេហ៍​ជនបទ ស្ថិតនៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ ។

លោក ហ៊ឹ​ល ​រ៉ា​យ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ការអនុវត្ត​ត្រួតពិនិត្យ​រថយន្ត​ធំៗ​រថ​យន្ត​ដឹក​ដី បំពាក់​ស៊ីផ្លេ​ឮ​ខ្លាំង និង​បើក​លឿន​ធ្វើ​កិច្ចសន្យា​នេះ​ វា​ជា​ការ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង​ព្រោះ​សព្វ​ថ្ងៃ​នេះ​រថយន្ត​ធំ​ៗ ពិសេស​រថយន្ត​ដឹក​ដី​បើក​ក្នុង​ក្រុង​ល្បឿន​លឿន​ខ្លាំង​ណាស់​ តែងតែ​បង្ក​គ្រោះថ្នាក់​តាម​ដង​ផ្លូវ​ជា​ញឹកញាប់ ​ក្នុង​នោះ​ក៏​មាន ​បំពាក់​ស៊ីផ្លេ​ឮ​ខ្លាំង​ បើក​ក្នុង​ល្បឿន​លឿន​ជា​ដើម ជាមួយគ្នា​នោះ​​ក៏​មាន​ការ​ធ្វើ​តេស្ត​ទឹកនោម​ដល់​អ្នក​បើកបរ​ផង​ដែរ​ ប្រសិន​រក​ឃើញ​អ្នក​បើកបរ​រថយន្ត​ផ្ទុក​សា​ធាតុ​ញៀន​នឹង​បញ្ជូន​ទៅ​តុលាការ។

លោក​ ហ៊ឹ​ល​ រ៉ា​យ៉ា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ម្តង​នេះ​ គឺ​ជា​ការអនុវត្ត​នូវ​វិធានការ​ដ៏​ក្តៅ​គគុក ដូច្នេះ​ហើយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​ បើ​មន្ត្រី​ពាក់​ព័ន្ធ​ណា​ធ្វើការ​ធូររលុង​នោះ​នឹង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ ហើយ​ក្នុង​ការ​អនុវត្ត​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ រថ​យន្ត​ដឹក​ដី បំពាក់​ស៊ី​ផ្លេ​ឮ​ខ្លាំង បើ​ក​ល្បឿន​លឿន ​ធ្វើ​​​ដូច​ភ្លៀងរលឹម​ទាល់តែ​អ្នក​បើក​រថយន្ត​មាន​ស្មារតី​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ទើប​បញ្ចប់​ការងារ​នេះ​តែ​ម្តង​៕


អត្ថបទ៖ ​គង្គា​