មន្ទីរ​សាធារណការ​រាជធានី​ បាន​និង​កំពុង​បំពេញ​ការងារ​យ៉ាង​សកម្ម ​នៅ​លើ​មហាវិថី​សំខាន់ៗ​ចំនួន​៦

ភ្នំពេញ ​៖ ​ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​ល្អ ស្អាត​មួយ​កម្រិត​ថែមទៀត និង​ដើម្បី​កាត់បន្ថយ​បាន​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នោះ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​បិទ​បន្ទះ​ចំណាំង​ប្លាត លាបថ្នាំ​ក្បាល​ខឿន និង​​ដំឡើង​ស្លាក​សញ្ញា​ក្បាល​ខឿន នៅ​លើ​មហាវិថី​សំខាន់ៗ​ចំនួន​៦​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ​នេះ​ថា នៅ​ពេល​នេះ ក្រុមការងារ​របស់​ម​ន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើ​សកម្មភាព​បិទ​បន្ទះ​ចំណាំង​ប្លាត​ ៣M លាបថ្នាំ​ក្បាល​ខឿន និង​ដំឡើង​​ស្លាក​សញ្ញា​ក្បាល​ខឿន នៅ​លើ​បណ្ដោយ​មហាវិថី​សហ​ព័ន្ធ​រុស្សី មហាវិថី​ព្រះមុនីវង្ស មហាវិថី​ម៉ៅ សេទុង មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះ​មុនី​រ៉េត និង​ផ្លូវ​លេខ ២៧១។

លោក​ សាំ ពិសិដ្ឋ​ បន្ត​ថា គម្រោង​នេះ​ បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅមុន​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ​កន្លង​មក​នេះ អភិបាល​នៃ​អភិបាល​រាជធានី​ភ្នំពេញ លោក ​ឃួ​ង ស្រេង​ បាន​ជំរុញ​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ធ្វើ​ការ​លាង​សម្អាត លាបថ្នាំ​ក្បាល​ក្លូ និង​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ឲ្យ​បាន​ស្អាត​ជានិច្ច ខណៈ​ដែល​របាំង​ផ្លូវ​មួយ​ចំនួន​បាន​ប្រឡាក់​ភក់ និង ធូលី​។

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជាក់​ដែរ​ថា ​ការ​ប្រឡាក់​ភក់ ធូលី​នៅ​លើ របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​នេះ គឺ​ដោយសារតែ​រាជធានី​ភ្នំពេញ​របស់​យើង ជាទី​ក្រុង​ដែល​កំពុង​អភិវឌ្ឍ​ មាន​រថយន្ត​ដឹក​ដី ដឹក​គ្រឿងសំណង់​ចូល​ក្រុង ដូច្នេះ​វា​ជៀស​មិន​ផុត​ពី​ការ​ប្រឡាក់​ដី​ភក់ ធូលី​នោះ​ទេ។ ដូច្នេះ​ទេ លោក​ស្នើ​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ត្រូវ​ធ្វើ​ការ​លាង សម្អាត លាប​ថ្នាំង​ឡើងវិញ​ជាប្រចាំ ដើម្បី​ធ្វើ​យ៉ាង​ណា​លើក​សោភ័ណភាព​រាជធានី​ភ្នំពេញ​របស់​យើង​ឲ្យ​មាន​សោភ័ណភាព​ស្រស់បំព្រង ឲ្យ​សក្ដិសម​ជា​រាជធានី​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

 

អត្ថបទ៖ ស្រីរ័ត្ន​