ភ្លើង​ប្រច័ណ្ឌ ឈាន​ដល់​ប្តី​ចាក់​ប្រពន្ធ​សម្លាប់​រួច​ចាក់​ខ្លួនឯង​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​
BREAKING NEWS
Search

ភ្លើង​ប្រច័ណ្ឌ ឈាន​ដល់​ប្តី​ចាក់​ប្រពន្ធ​សម្លាប់​រួច​ចាក់​ខ្លួនឯង​ស្លាប់​ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ​

សៀមរាប ​៖ ​អធិការ​នគរបាល​ស្រុក​ពួក លោក​វរសេនីយ៍ឯក ទេព ពុំសែន បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​០៤​នេះ​ថា ករណី​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​សហព័ទ្ធ ឬ​អនីតិ​សង្វាស​ជន​(​ប្ដី​ចាក់​ប្រពន្ធ រួច​ចាក់​ខ្លួនឯង​ស្លាប់​ពេល​សង្គ្រោះ​ដល់​មន្ទីរពេទ្យ​)​បាន​កើត​ហេតុ​នៅវេលា​ម៉ោង​១៥​និង​៣០​នាទី ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​ ចំណុច​វាលស្រែ​ជាប់​វត្ត​ត្រកៀត ក្រុម​ទី​៤​ ក្នុងភូមិ​គោក​រុន ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប។

លោក​បន្ត​ថា អង្គហេតុ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ទំនាស់​ក្នុង​គ្រួសារ រវាង​ភាគី​ប្ដី​ឈ្មោះ វង់ ផុស​ហៅ ញ៉ា​ញ់ អាយុ​៣២​ឆ្នាំ ស្រុកកំណើត​នៅ ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប សព្វថ្ងៃ​បាន​ប្រពន្ធ​ឈ្មោះ បោះ គឿន អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ ឃុំ​កើតហេតុ​ខាងលើ។

លោក​បន្ត​ថា ទំនាស់​ឈាន​ដល់​ភាគី​ប្តី​ឈ្មោះ​ញ៉ា​ញ់ បាន​កាន់​អាវុធ​កាំបិត​ចុង​ស្រួច ដង​ឈើ​ស្រោប​ដែក ប្រវែង​៣៧​សង់ទីម៉ែត្រ ចាក់​ទៅ​លើ​ភាគី​ប្រពន្ធ​ឈ្មោះ បោះ គឿន និង​ចាក់​ពោះ​ខ្លួនឯង​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​។

ភាគី​ប្តី​ឈ្មោះ​វង់ ផុស ហៅ ញ៉ា​ញ់ រង​របួស​មុត​ចូល​សាច់​ពោះ​ដាច់​ចេញ​ពោះវៀន​មក​ក្រៅ រួចខ្លួន​លោត​ទម្លាក់​ទឹកស្រះ ហើយ​បាន​ស្លាប់​ពេល​សង្គ្រោះ​ដល់​ពេទ្យ​បង្អែក​ស្រុក​ពួក។ ​លោក​បន្ត​ថា ភាគី​ប្រពន្ធ ត្រូវ​រង​របួស​មុត​ចូល​សាច់​ពោះ​ក្បែរ​ក្រលៀន​ខាងស្ដាំ​១​កន្លែង​,​មុត​រយាស​ដៃ​សាច់​ដៃស្ដាំ​១​កន្លែង ធ្ងន់ធ្ងរ​កំពុង​សង្គ្រោះ​នៅ​ពេទ្យ​បង្អែក​ខេត្ត។

លោក​បញ្ជាក់​ថា ជុំវិញ​ការ​បំភ្លឺ​លោក​មេភូមិ និង​ពលរដ្ឋ​រស់នៅ​ជិតខាង​គ្រួសារ​ជម្លោះ​ខាងលើ បាន​ឲ្យ​ដឹង​ថា ភាគី​ប្តី​និង​ភាគី​ប្រពន្ធ ពួកគេ​មាន​ជំលោះ​ញឹកញាប់ ភាគី​ប្ដី​តែងតែ​ប្រច័ណ្ឌ​ប្រពន្ធ​ខ្លាំង រយៈពេល​អំឡុង​១​ខែ​មុន​នេះ​ គ្រួសារ​ពួកគេ​ជម្លោះ​គ្នា ភាគី​ប្តី​នៅ​ហូបចុក​បាយ​វត្ត​ត្រកៀត (​ជិត​ផ្ទះ​)​មិនបាន​និយាយ​រកប្រពន្ធ​ទេ លុះ​ក្នុង​ពេល​កើតហេតុ​ភាគី​ប្រពន្ធ​កំពុង​បោក​ខោ អាវ​នៅ​មាត់​ស្រះ​ក្នុង​បរិវេណ​វត្ត​ត្រកៀត ត្រូវ​ប្ដី​ទៅ​រក​រឿង​ប្រវាយប្រតប់​ឈានដល់​ការ​ចាក់​ទៅលើ​ប្រពន្ធ​និង​ចាក់​ខ្លួនឯង​។

ពេលនេះ​សាកសព​ប្ដី​ឈ្មោះ វង់ ផុស ហៅ​ញ៉ា​ញ់ ត្រូវ​បាន​បញ្ជូន​មកដល់​វត្ត​ត្រកៀត​វិញ កម្លាំង​នគរបាល​ស្រុក​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត ពិនិត្យ​សាកសព​ឈ្មោះ វង់ ផុស ហៅ​ញ៉ា​ញ់ ឃើញ​មាន​របួស មុត​ចូល​សាច់​ពោះ​ប្រវែង​៤​សង់ទីម៉ែត្រ មុខកាត់​ប្រវែង​២​សង់ទីម៉ែត្រ។
ក្រោយ​ពិនិត្យ​តាម​នីតិវិធី​សាកសព​រួច​សមត្ថកិច្ច​ក៏​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
កុសល



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114