បញ្ជូន​ ឃាតក​ បាញ់​សម្លាប់​នាយរង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចំបក់​ ​ទៅ​តុលាការ

កំពង់ស្ពឺ ៖​ ​ជនល្មើស​ជា​ឃាតក ​ដែល​បាន​បាញ់​សម្លាប់​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ ឃុំ​ចំបក់ ​និង​នាយ​ប៉ុស្តិ៍​រង​របួស​ធ្ងន់​នោះ ​​​ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុលាការ​​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​២០​ ខែ​មករា​ឆ្នាំ​២០២០​នេះ​ ដើម្បី​បន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​លោក​ឧត្ដមសេនីយ៍ទោ​សម ​សាមួន​ ស្នងការ ​នគរបាល​ខេត្ត​កំពង់ស្ពឺ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បាន​ប្រាប់​ឲ្យ​ថា ​«​ករណី​ជន​ដៃ​បាញ់​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ស្លាប់ ​និង​លោកនាយ​ប៉ុស្តិ៍​រង​របួស​ធ្ងន់ ​ពេលនេះ​ខាង​ជំនាញ​កំពុង​បូកសរុប​របាយការណ៍​សំយោគ​រួច​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី»។

លោកស្នងការ ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ​«​ខ្ញុំ​នឹង​ជំរុញ​ធ្វើយ៉ាងណា​នៅ​ម៉ោង​២​ឬ​៣​រសៀល​ថ្ងៃ​ទី​២០​ខែ​មករា​ ឆ្នាំ​២០២០​នេះ​ ត្រូវ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវ​ច្បាប់»។

សូម​រម្លឹក​ថា​ មេ​ប៉ុស្តិ៍​និង​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ស្រុក​ភ្នំស្រួច​ខេត្ត​កំពង់ស្ពឺ​ចំនួន​០២​នាក់ ​បាន​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ជនល្មើស​បណ្ណាល័យ​ឲ្យ​ស្លាប់​ម្នាក់​ ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ និង​រង​របួស​ធ្ងន់​ម្នាក់​ ខណៈ​ពេល​ចូល​ទៅ​អន្តរាគមន៍​ទប់ស្កាត់​ករណី​អំពើ​ហិង្សា​មួយ។

ហេតុការណ៍​ខាងលើនេះ​ កើតមានឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជាង​១៩​យប់​នា​ថ្ងៃទី​១៨​ ខែមករា ​ឆ្នាំ​២០២០​ស្ថិតនៅ​ភូមិ​ក្រាំងចេក​ ឃុំ​ចំបក់​ ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​ ខណៈ​នាយរង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ចុះ​អន្តរាគមន៍​ករណី​អំពើ​ហិង្សា​មួយ ​ដែល​កើតឡើង​នៅ​ភូមិ​-​ឃុំ​ខាងលើ។

លោក​អនុសេនីយ៍ឯក​ទុយ​ ពៅ ​នាយរង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ត្រូវបាន​ជនល្មើស​ដណ្តើម​កាំភ្លើង​ខ្លីម៉ាក​K59 បាន​ពី​ចង្កេះ​របស់​លោក​ រួច​បាញ់​បណ្តាល​ឲ្យ​ស្លាប់​នឹង​កន្លែង​។​បន្ទាប់មក​ជនល្មើស​ បាន​បាញ់​តម្រង់​ទៅ​លោក​រស់​សារិន ​នាយប៉ុស្តិ៍​នគរបាល​ឃុំ​ចំបក់​ទៀត​ ប៉ុន្តែ​ដោយសារ​កាំភ្លើង​អស់​គ្រាប់​ទើប​លោក​រស់​សារិន​និង​ឈ្មោះ​ច​ន​សុខ​វី​ស្ទុះ​ចាប់​ជនដៃដល់​បានតែ​ម្តង​។​

ចំពោះ​ជនសង្ស័យ​ជា​ឃាតក​ត្រូវបាន​សមត្ថកិច្ច​ប្រាប់​ឲ្យ​ដឹងថា​ឈ្មោះ​ទូច​ហេង​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​ផងដែរ​។​

​មុនពេល​កើតហេតុ​ជនល្មើស​ឈ្មោះ​ទូច​ហេង​បាន​បង្ក​អំពើ​ហិង្សា​វាយ​ទៅលើ​ឈ្មោះ​ច​ន​សុខ​វី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំមាន​ទីលំនៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​ ដោយ​យក​កាំបិត​ដេញកាប់​ឈ្មោះ​ច​ន​សុខ​វី​ តែ​រត់គេចខ្លួន​រួចផុត។ ប្រភព​បន្តទៀតថា ​ជនសង្ស័យ​បន្ត​វាយ​យាយ​និង​តា​របស់​ឈ្មោះ​ច​ន​សុខ​វី​ខណៈពេល​នោះ​ម្ដាយក្មេក​របស់​ឈ្មោះ​ច​ន​សុខ​វី​ បាន​រាយការណ៍​ជូន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ចំបក់​ដើម្បី​អន្តរាគមន៍​។​

បន្ទាប់​ទទួលបាន​ដំណឹង​មាន​ករណី​អំពើហិង្សារ​កើតឡើង​ភ្លាម​លោក​អនុសេនីយ៍ឯក​រស់​សារិន​នាយប៉ុស្តិ៍​រដ្ឋបាល​ចំបក់​និង​លោក​ទុយ​ពៅ​នាយរង​ប៉ុស្តិ៍នគរបាល​ឃុំ​ចំបក់​ បាន​ចុះ​ទៅដល់​កន្លែង​កើត​ចូលទៅ​ឃាត់​ជនសង្ស័យ​ ប៉ុន្តែ​ដោយសារ​ការ​ធ្វេសប្រហែស​ជនល្មើស​ឈ្មោះ​ទូច​ហេង​បាន​ដណ្តើមបាន​កាំភ្លើងខ្លី​K59 ពី​ចង្កេះ​លោក​ទុយ​ពៅ​រួច​បាញ់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ ហើយបាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ចំណែក​លោក​អនុសេនីយ៍ឯក​រស់​សារិន​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ​ចំបក់​រង​របួស​បែក​ខ្ទង់ច្រមុះ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​។​

នៅ​ថ្ងៃទី​២០​ខែមករា​ឆ្នាំ​២០២០​នេះ​លោកវ៉ី​ សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ អម​ដំណើរ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ អញ្ជើញ​សាកសួរ​សុខទុក្ខ​កងកម្លាំង​នគរបាល សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ និង​នាំ​យក​ថវិកា​ផ្ដល់ជូន​គ្រួសារ​នគរបាល​ដែល​ពលី​ក្នុង​ពេល​ចុះ​អន្ដរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ក្នុងករណី​អំ​ពើហិង្សា​កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ស្រុក​ភ្នំស្រួច កន្លងមកនេះ។

លោកវ៉ី សំណាង អភិបាលខេត្ត​កំពង់​ស្ពឺ បាន​សំណូមពរ​ដល់​កងកម្លាំង​ទាំងអស់​ពេល​ប្រតិ​ប​ត្ដិ​ការ ត្រូវមាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​​លើ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​ការ​អនុវត្ដ​​នីតិវិធី​ឲ្យ​បាន​សមស្រប​តាមច្បាប់​កំណត់​ជៀសវាង​ការបង្ក​គ្រោះថ្នាក់​មក​​លើ​ខ្លួន​និង​អ្នកដទៃ​ដោយ​យថាហេតុ​។​

ជាក់ស្តែង​ដូចជា​លោក​នាយរង​ប៉ុស្តិ៍​ដែល​បាន​បាត់បង់​អាយុជីវិត និង​រង​របួស​លោកនាយ​ប៉ុស្តិ៍ ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ៕
រដ្ឋ​ឋានៈ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114