ប៉ូលិស​ បាន​កំណត់​មុខសញ្ញា​ក្រុម​ជនសង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​នៅ​ស្រុក​ត្រាំកក់​អស់ហើយ ​សរុប​៨​នាក់

តាកែវ ​៖​ មុខសញ្ញា​ឃាតកម្ម​បង្កឡើង​ដោយ​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ស្ទាក់​វ៉ៃ​គ្នា​ចំណុច​​លើ​ផ្លូវ​កៅស៊ូ​លេខ​១២៣ ​ស្ថិតក្នុង​ភូមិ​អង្គ​ត្រាវ ឃុំ​ត្រពាំង​ធំ​ខាង​ជើង​ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ ត្រូវ​បាន​ប៉ូលិស​កំណត់​មុខសញ្ញា​ បាន​អស់ហើយ​ក្រោយ​ចាប់ខ្លួនបាន​០៤​នាក់។

ក្រោម​ការដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​តាកែវ និង​មាន​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​តាកែវ​ផង​នោះ​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​បួន​នាក់ ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុងចំណោម​បក្ខពួក​៨​នាក់។

ជនសង្ស័យ​ ដែល​ចាប់​ខ្លួន​បាន​មាន ​៖​ ទី​១​ឈ្មោះ ឈិន លី ហៅ​អឺត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កោះ ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ ទី​២ ឈ្មោះ ខិត សុខា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់​។ ទី​៣​ឈ្មោះ ភិន សំលុយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់​​ និង​ទី​៤​ឈ្មោះ នឹម នេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​តា​មុំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់​។ ចំណែក​អ្នក​ដែល​កំពុង​រត់​គេច​ខ្លួន​មាន ​៖ ​ទី​១​ឈ្មោះ សយ បញ្ញា​វ័​ន្ត ហៅ ម៉ុង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​រំដួល ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់។ ទី​២​ឈ្មោះ ហង្ស ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់​។ ទី​៣​ឈ្មោះ អុង តែម ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ព្រៃក្តី ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់​ និង​ទី​៤​ឈ្មោះ ឆន គីម​ហុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់។

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ចាប់ខ្លួនបាន​ត្រូវ​កម្លាំង​ជំនាញ​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី និង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​បក្ខពួក​ដែល​កំពុង​រត់​គេច​ខ្លួន​​បន្ថែម​ទៀត​។​

​សូម​រំលឹកថា នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ វេលា​ម៉ោង​២៤​និង​០០​នាទី​ពាក់​កណ្តាល​អធ្រាត្រ​ នៅ​ចំណុច​ផ្លូវ​ខេត្ត​លេខ​១៣៤ ស្ថិត​ក្នុង​ភូមិ​អង្គ​ត្រាវ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​ករណី​ឃាតកម្ម​មួយ​ បាន​កើតឡើង​ដែល​បង្ក​ដោយ​ជនសង្ស័យ​មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​ម៉ូតូ​ដេញ​វាយ​ទៅលើ​ជនរងគ្រោះ​ពីរ​នាក់ មាន​៖ ទី​១​ឈ្មោះ ឌឿ​ន ម៉ៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ពាក់​បង្អោង ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​ទី​២​ឈ្មោះ ណុប ប៊ុន​ធី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រងរបួស​ធ្ងន់​៕
វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114