តុលាការអន្តរជាតិ​នឹង​ចាត់​វិធានការណ៍​បន្ទាន់​ក្នុង​ករណី​​ប្រល័យពូជសាសន៍​មីយ៉ាន់ម៉ាបណ្ដេញ​ជនជាតិ Rohingya

តុលាការ​យុត្តិធម៌​អន្តរជាតិ​ហៅ​កាត់​ថា ​​ICJ  ជា​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ នឹង​ចេញ​សេចក្ដី​សម្រេច​លើ​សំណើ​សុំ​វិធានការ​បន្ទាន់​ក្នុង​ករណី​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ទី ២៣ មករា។ នេះ​បើ​តាម​ក្រសួង​យុត្តិធម៌​ប្រទេស Gambia បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ថ្ងៃ​ចន្ទ។

ប្រទេស​អាហ្វ្រិក​ខាងលិច​ ដែល​កាន់​សាសនា​ឥស្លាម​ភាគច្រើន ​បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្នុង​ខែ​វិច្ឆិកា​ដោយ​ចោទ​ប្រកាន់​ប្រទេស​មីយ៉ាន់ម៉ា​ថា ​កំពុង​ប្រព្រឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍ ​ដែល​កំពុង​បន្ត​ប្រឆាំង​នឹង​ប្រជាជន Rohingya ដែល​ជា​ជនជាតិ​ភាគតិច​របស់​ខ្លួន។ ប៉ុន្តែ ICJ  មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ប្រទេស Gambia បាន​ចោទប្រកាន់​មីយ៉ាន់ម៉ា​ពី​បទ​រំលោភ​អនុសញ្ញា​ប្រល័យ​ពូជសាសន៍​ឆ្នាំ ១៩៤៨ នៅ​ក្នុង​យុទ្ធនាការ​យោធា​ដែល​បាន​បណ្ដេញ​ជនជាតិ Rohingya ជាង ៧៣ ម៉ឺន​នាក់​ចេញ​ពី​ប្រទេស។ តុលាការ​ Gambia​បាន​ស្នើសុំ​ឱ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បញ្ជា​ឱ្យ​មាន“ វិធាន​ការ​បណ្ដោះ​អាសន្ន” ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​ជា​ជំហាន​ដំបូង​នៃ​រឿង​ក្ដី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បន្ត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។

មេដឹកនាំ​មីយ៉ាន់ម៉ា​ លោក​ស្រី ​អ៊ុងសាន ស៊ូជី​ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ឡាអេ (Hague ) កាល​ពី​ខែ​មុន​ ដើម្បី​ការពារ​ប្រទេស​របស់​លោកស្រី​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់។ លោកស្រី​បាន​បដិសេធ​ថា​ការ​ប្រល័យ​ពូជសាសន៍​មិន​បាន​កើតឡើង​ទេ​ ហើយ​បាន​និយាយ​ថា​ តុលាការ​គ្មាន​យុត្តាធិការ​ក្នុង​ការ​បើក​សវនាការ​រឿង​ក្តី​នេះ​ទេ។

លោកស្រី ​អ៊ុងសាន ស៊ូជី​ ដែល​ធ្លាប់​ជា​ជើងឯក​នៅ​លោក​ខាងលិច ​សម្រាប់​ការ​តស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា ​មីយ៉ាន់ម៉ា​បាន​ធ្វើការ​ស៊ើបអង្កេត​នឹង​កាត់ទោស​ទាហាន​រួម​ទាំង​មន្ត្រី​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម។ លោកស្រី​បន្ត​ថា ​ក្នុង​កាលៈទេសៈ​នោះ​ តុលាការ​មិន​គួរ​អន្តរាគមន៍​ទេ។

គួររំលឹកថា ប្រទេស Gambia បាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រតិបត្តិការ​ឥស្លាម (OIC) ដែល​មាន​រដ្ឋ​ជា​សមាជិក​ចំនួន ៥៧ ។ មាន​តែ​រដ្ឋ​ទេ​ដែល​អាច​ធ្វើ​រឿង​ក្ដី​ប្រឆាំង​នឹង​រដ្ឋ​មួយ​ផ្សេង​ទៀត​នៅ​ឯ ICJ បាន។

ប្រទេស​ Gambia បាន​និយាយ​ថា ​មីយ៉ាន់ម៉ា​មិន​អាច​ជឿ​ទុកចិត្ត​បាន​ក្នុង​ការ​នាំ​ជនល្មើសដែលជា​យោធានឹងបានចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ជនជាតិ Rohingya ទៅ​រក​យុត្តិធម៌​នោះ​ទេ។ ខ្លួន​បាន​ស្នើសុំ​ឱ្យ​តុលាការ​ បញ្ជា​ឱ្យ​មាន​វិធានការ​ជា​បណ្ដោះ​អាសន្ន​សម្រាប់​មីយ៉ាន់ម៉ា​ ដើម្បី​បញ្ឈប់​កង​កម្លាំង​របស់​ខ្លួន កុំ​ឱ្យ​ប្រព្រឹត្ត​នូវ​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​ឬ​រួមចំណែក​ដល់​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ Rohingya រួម​មាន​ការ​សម្លាប់​ការ​រំលោភ​និង​ការ​បំផ្លាញ​ផ្ទះអ្នក​ភូមិ។

ប្រទេស Gambia ក៏បាន​ស្នើ​សុំឱ្យ​ចៅក្រម ​បញ្ជា​ឱ្យ​ប្រទេស​មីយ៉ាន់ម៉ា​ធានា​នូវ​ភស្តុតាង​នៃ​អំពើ​ឃោរឃៅ​ណាមួយដើម្បី​​រក្សា​ទុក។ ចំពោះសេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ​​ត្រូវ​បាន​ចង​ភ្ជាប់​នឹង​មិនមែន​ជា​កម្មវត្ថុ​នៃ​ការ​ប្ដឹង​ឧទ្ធរណ៍​នោះ​ទេ​ ទោះបីជា​តុលាការ​គ្មាន​មធ្យោបាយ​នៃ​ការ​អនុវត្ត​ច្បាប់​ ​ហើយ​ពេលខ្លះ​ប្រទេស​នានា​បាន​ព្រងើយ​កន្តើយ​ ឬ​ខកខាន​មិន​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ពេញលេញ​ចំពោះ​ពួកគេក៏ដោយ។

ចុចអាន៖មនុស្ស​ពេញវ័យ​ជិត ២លាន​នាក់ ​ត្រូវបាន​សន្និដ្ឋាន​ថា​​ឆ្លង​រោគសញ្ញា​នៃ​ជំងឺផ្លូវចិត្ត ​ក្នុង​អំឡុង​ពេល​តវ៉ា​នៅ​ហុងកុង

 

ចុចអាន៖មនុស្ស​រាប់ពាន់​នាក់​​កំពុងត្រូវ​​ជម្លៀស​ចេញខណៈ​ភ្នំភ្លើង​ហ្វីលីពីន​កំពុង​ជិត​ផ្ទុះ

ប្រែសម្រួល៖សាង ស្រីល័ក្ខ