BREAKING NEWS
Search

មីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជិត ២៥០០០ នាក់ក្នុងពិធីលើកលែងទោសប្រចាំឆ្នាំ

ការិយាល័យប្រធានាធិបតីបាននិយាយនៅថ្ងៃសុក្រថា ប្រទេសមីយ៉ាន់ម៉ានឹងដោះលែងអ្នកទោសជិត ២៥០០០ នាក់នៅក្នុងការប្រារព្ធពិធីលើកលែងទោសប្រពៃណីជាតិប្រចាំឆ្នាំ។

លោកប្រធានាធិបតី Win Myint បានឲ្យដឹងថា មនុស្សចំនួន ២៤ ៨៩៦ នាក់ដែលបានជាប់ពន្ធនាគារនៅទូទាំងប្រទេស ក្នុងនោះមានជនបរទេស ៨៧ នាក់នឹងត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ ក្នុងគោលបំណងនាំយកភាពរីករាយដល់ពលរដ្ឋមីយ៉ាន់ម៉ានិងដោយសារពិចារណាពីបញ្ហាមនុស្សធម៌។

ក្រោយការប្រកាសរបស់ប្រធានាធិបតីរូបនេះ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅខាងក្រៅពន្ធនាគារ Insein ក្នុងរដ្ឋធានីយ៉ាំងហ្គោន ដោយសង្ឃឹមថានឹងបានជួបសមាជិកគ្រួសារ ទោះបីជាមានការហាមប្រាមមិនឲ្យមានការប្រមូលផ្តុំដើម្បីការពារការរីករាលដាលនៃមេរោគកូរ៉ូណាក៏ដោយ។

គិតមកត្រឹមថ្ងៃសុក្រទី ១៧ ខែមេសា ប្រទេសមីយ៉ាន់ម៉ាមានមនុស្សឆ្លងវីរុសកូវីដ-១៩ចំនួន ៨៥ ករណី និងមនុស្ស ៤ នាក់បានស្លាប់។

មកទល់ពេលនេះ គេមិនទាន់ដឹងច្បាស់ទេថាតើការដោះលែងដែលកើតឡើងរៀងរាល់ឆ្នាំនឹងមានបញ្ចូលអ្នកដែលត្រូវបានផ្តន្ទាទោសលើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលដែរឬយ៉ាងណាទេ។ ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យនាយកដ្ឋានពន្ធនាគារមិនអាចទាក់ទងសុំការអត្ថាធិប្បាយបាននៅឡើយ។  ប៉ុន្តែនាយកដ្ឋានពន្ធនាគារធ្លាប់បាននិយាយថា មិនមានអ្នកទោសនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ាទេ ខណៈក្រុមសិទ្ធិមនុស្សនិយាយផ្ទុយថា មនុស្សរាប់សិបនាក់កំពុងជាប់ពន្ធនាគារដោយសារតែសកម្មភាពនយោបាយ៕

ចុចអាន៖ មេរៀនធំៗ​ក្នុងពិភពលោក​ដែលបង្ហាញថា អាមេរិកកំពុងបាត់បង់តំណែង

ចុចអាន៖ ប្រធានាធិបតី​ប្រេស៊ីល​​បណ្ដេញ​រដ្ឋមន្ត្រី​សុខាភិបាល​​ចេញ​ពី​តំណែង ​​​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ​កាន់​តែ​ផ្ទុះ​ឡើង

ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters