BREAKING NEWS
Search

មេដឹកនាំកូរ៉េខាងជើងព្រមានប្រឆាំងនឹងការទទួលយកជំនួយទឹកជំនន់ពីខាងក្រៅដោយសារហានិភ័យឆ្លងកូវីដ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះភ្លៀងដ៏ខ្លាំងក្លានាពេលថ្មីៗនេះ ប៉ុន្តែយើងមិនគួរទទួលយកជំនួយណាមួយពីខាងក្រៅនោះទេ ដោយសារតែហានិភ័យនៃការឆ្លងកូវីដ ។

យោងតាមទីភ្នាក់ងារព័ត៌មាន KCNA របស់កូរ៉េបានឲ្យដឹងថា លោក គីម បានធ្វើការកត់សម្គាល់នេះក្នុងពេលដឹកនាំកិច្ចប្រជុំនយោបាយកាលពីថ្ងៃព្រហស្បតិ៍របស់គណបក្សពលករដែលកំពុងកាន់អំណាចដើម្បីពិភាក្សាពីវិធានការណ៍ការពារទឹកជំនន់ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងការពារការឆ្លងកូវីដក្នុងប្រទេស ។

លោក គីម បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា “ស្ថានភាពឆ្លងកូវីដដែលកំពុងរីករាលដាលនៅជុំវិញពិភពលោកកាន់តែអាក្រក់ទៅៗដោយអំពាវនាវឲ្យមានការបិទព្រំដែនតឹងរឹងជាងមុន និងវិធានការការពារមេរោគ និងមិនអនុញ្ញាតឲ្យមានជំនួយខាងក្រៅណាមួយទាក់ទងនឹងការខូចខាតនៃទឹកជំនន់ឡើយ” ។

លោក គីម បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការស្តារតំបន់រងគ្រោះដោយទឹកជំនន់ឡើងវិញតាមតម្រូវការរបស់ប្រជាជន និងតាមរបៀបដែលអាចបញ្ចៀសការខូចខាតពីទឹកជំនន់ ឬគ្រោះមហន្តរាយធម្មជាតិនាពេលអនាគតដោយនិយាយថា គាត់មិនអាចឲ្យជនរងគ្រោះដោយទឹកជំនន់ប្រឈមមុខនឹងការប្រារព្ធខួបគម្រប់ ៧៥ ឆ្នាំនៃគណបក្សពលករនៅតាមដងផ្លូវឡើយ ។

KCNA បាននិយាយថា ផ្ទៃដីស្រែសរុបចំនួន ៣៩,២៩៦ ហិកតាត្រូវបានបំផ្លាញដោយសារទឹកជំនន់ ខណៈផ្ទះ ១៦,៦៨០ ខ្នង និងអគារសាធារណៈប្រមាណ ៦៣០ ត្រូវបានជន់លិច ឬបំផ្លាញនៅទូទាំងប្រទេស ។ ចំណែកផ្លូវថ្នល់ ស្ពាន និងផ្លូវដែកជាច្រើនក៏ត្រូវបានខូចខាតផងដែរ ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ កូរ៉េខាងជើងក៏បានសម្រេចចិត្តដកការបិទទីក្រុង Kaesong ដែលត្រូវបានដាក់រយៈពេល ៣ សប្តាហ៍ចាប់ពីថ្ងៃទី ២៤ ខែកក្កដា បន្ទាប់ពីអ្នករត់ចោលជួររបស់កូរ៉េខាងជើងដែលបានវិលត្រឡប់មកផ្ទះវិញពីកូរ៉េខាងត្បូងមានរោគសញ្ញាកូវីដ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ YONHAP