ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​មេដឹកនាំ​ម៉ាឡេស៊ី​លោក Najib Razak ចូលខ្លួន​ក្នុងការ​ជំនុំ​ជម្រះក្តី 1MDB

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បាន​ឡើង​ធ្វើជា​សាក្សី​ជា​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​ដើម្បី​ការពារ​ខ្លួន​គាត់​ពី​ការចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ​ទាក់ទង​នឹង​រឿងអាស្រូវ​មាន​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​នៅឯ​មូលនិធិ​រដ្ឋ 1Malaysia Development Bhd (1MDB)​។​

លោក Najib បាន​រង​ការចោទប្រកាន់ថា​បានទទួល​ប្រាក់​ខុសច្បាប់​ចំនួន​៤២​លាន​រីង​ហ្គី​ត (១០​លាន​ដុល្លារ​អាមេរិក​) ពី​អតីត​អង្គភាព​របស់ 1MDB គឺ SRC International ហើយ​ត្រូវបាន​បញ្ជា​ឲ្យ​ធ្វើ​បទ​បង្ហាញ​ការពារ​ក្តី​របស់គាត់​កាលពី​ខែវិច្ឆិកា​។​

យ៉ាងណាក្តី លោក​បាន​សារភាពថា មិនមាន​កំហុស​ចំពោះ​ការចោទប្រកាន់​ពីបទ​រំលោភ​លើ​សេចក្តីទុកចិត្ត ការលាង​លុយកខ្វក់​និង​ការរំលោភ​អំណាច​នៅក្នុង​សំណុំរឿង​របស់ SRC ទេ​។​

លោក Muhammad Shafee Abdullah ដែល​ដឹកនាំ​ក្រុម​ការពារ​ក្តី​របស់លោក Najib បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការបើក​មួយ​មុន​សក្ខីកម្ម​របស់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ថា កូនក្តី​របស់គាត់​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​ជឿថា ប្រាក់ចំណេញ​នៃ​សកម្មភាព​ខុសច្បាប់​ណាមួយ​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​គាត់​នោះទេ​។​

លោក​និយាយថា “​លោក Najib មិនបាន​ចូលរួម​ក្នុងការ​រៀបចំ​ពុករលួយ​ណាមួយ​ដែល​ពាក់ព័ន្ធ​នឹង​មូលនិធិ​របស់ SRC និង​មិនបាន​ស៊ីសំណូក​ពី​បុគ្គល​ណាមួយ​ឡើយ​”​។​

លោក Najib ដែល​ស្លៀក​ឈុត​ពណ៌​ខៀវ​បាន​ស្បថ​ទាំង​ជា​ភាសា​អង់គ្លេស​និង​ម៉ា​ឡេ​មុនពេល​ចាប់ផ្តើម​អាន​សក្ខីកម្ម​ជា​លាយ​លក្សណ៍​អក្សរ​ជា​ភាសា​ម៉ា​ឡេ​ដែលមាន​កម្រាស់​២៤៣​ទំព័រ​។​

សក្ខីកម្ម​របស់គាត់​បា​ន​ចាប់ផ្តើម​ពី​របៀប​ដែល​គាត់​បង្កើត​មូលនិធិ 1MDB ក្នុង​ឆ្នាំ​២០០៩​និង​របៀប​ដែល​អ្នក​ហិរញ្ញវត្ថុ​ម៉ាឡេស៊ី​កំពុង​រត់គេចខ្លួន​ឈ្មោះ Jho Low ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​មូលនិធិ​នេះ​។​

គួរ​បញ្ជាក់ថា លោក Low ត្រូវបាន​ចោទប្រកាន់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​សហរដ្ឋអាមេរិក​ពីបទ​លួច​លុយ​ពី 1MDB​។ ប៉ុន្តែ​លោក Low បាន​បដិសេធ​រាល់​ការធ្វើ​ខុស​ហើយ​កន្លែង​លាក់ខ្លួន​របស់គាត់​មិនត្រូវ​បាន​គេ​ដឹង​ទេ​៕ REUTERS
​វណ្ណ​វណ្ណ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114