ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក ជូនដំណឹង​បន្ថែម​ពី​ព្យុះ​ទី​២៤ ឈ្មោះ ណាគ្រី ដែល​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ពី ព្យុះ​ទី​២៤ ឈ្មោះ​ថា ណាគ្រី ដែលមាន​ឥទ្ធិពល​មក​លើ​កម្ពុជា ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១២ ខែ​វិច្ឆិកា ដែល​ជា​ឱកាស​ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក នៅ​រាជធានី​ភ្នំពេញ​។​

​ក្រសួង​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បាន​ធ្វើការ​ពិនិត្យ និង​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ជាប្រចាំ​ទាំង​ក្នុង​តំបន់ និង​ដោយឡែក​សម្រាប់​កម្ពុជា, ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា ៖ ព្យុះ​ទី​២៤ ឈ្មោះថា ណាគ្រី បច្ចុប្បន្ន បាន និង​កំពុង​ស្ថិតនៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​ប្រទេស​វៀតណាម។ ព្យុះ​នេះ នឹង​ធ្វើ​ដំណើរ​ចូល​ប្រទេស​វៀតណាម​នៅ​វេលា​ម៉ោង​ប្រមាណ១០​យប់ ឆ្លង​ចូល​ថ្ងៃទី​១១ ខែ​វិច្ឆិកា នៅ​ចំណុច​ក្បែរ​ខេត្ត​ញ៉ា​ត្រាង។​

​តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​ថមថយ​ឥទ្ធិពល​ទៅជា​វិ​សម្ពាធ (TD) រួច​ទៅជា​សម្ពាធ​ទាប​(Low) នៅ​ពេល​ធ្វើដំណើរ​ចូល​មកដល់​កម្ពុជា​វេលា​ម៉ោង​ប្រមាណ​១​រសៀល នា​ថ្ងៃទី​១១ ខែវិច្ឆិកា នៅ​តំបន់​កន្ទុយ​នាគ ខ្ពង់រាប​ភាគ​ឦសាន​កម្ពុជា ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​បង្គួរ។

ជាទូទៅ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​កម្រិត​ទឹកភ្លៀង នឹង​ចុះ​ខ្សោយ លើកលែង​បណ្ដា​ខេត្ត​នៅ​តំបន់​ខ្ពង់រាប​តែប៉ុណ្ណោះ។ ​ដោយឡែក តាម​ការ​ព្យាករ ចាប់ពី​ថ្ងៃទី​០៩ ដល់​ថ្ងៃទី​១២ ខែ​វិច្ឆិកា ដែល​ជា​ឱកាស​ នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​រាជធានី​ភ្នំពេញ អាកាសធាតុ​មាន​ស្ថានភាព ដូចខាងក្រោម ៖
ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៖ ពេលព្រឹក​-​ថ្ងៃត្រង់​-​យប់ ផ្ទៃមេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព​អប្បបរមា ២៤ ºC សីតុណ្ហភាព​អតិបរមា ៣០ ºC ខ្យល់​បក់​ពី​ទិសឦសាន​មាន​ល្បឿន​ពី ២-៤ m/s។​ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៖ ពេលព្រឹក​-​ថ្ងៃត្រង់​-​យប់ ផ្ទៃមេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព​អប្បបរមា ២៣ ºC សីតុណ្ហភាព​អតិបរមា ៣១ ºC ខ្យល់​បក់​ពី​ទិសឧត្ដរ​មាន​ល្បឿន​ពី ២-៤ m/s។​
ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក​-​ថ្ងៃត្រង់​-​យប់ ផ្ទៃមេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព​អប្បបរមា ២២ ºC សីតុណ្ហភាព​អតិបរមា ៣០ ºC ខ្យល់​បក់​ពី​ទិសឧត្ដរ​មាន​ល្បឿន​ពី ១-៣ m/s ។​

ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ៖ ពេលព្រឹក​-​ថ្ងៃត្រង់​-​យប់ ផ្ទៃមេឃ​មាន​សភាព​ស្រឡះ សីតុណ្ហភាព​អប្បបរមា ២១ ºC សីតុណ្ហភាព​អតិបរមា ២៧ ºC ខ្យល់​បក់​ពី​ទិសឧត្ដរ​មាន​ល្បឿន​ពី ១-៣ m/s។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114