អាជ្ញាធរ​ជាតិ​ប្រឆាំងនឹង​ជំងឺអេដស៍​ ក្រើនរំឭក​ដល់​យុវវ័យ​ត្រូវការពារ​ខ្លួន​កុំ​ឲ្យ​ឆ្លង​ជំងឺអេដស៍​ក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់

ភ្នំពេញ​៖​ លោក​ទេសរដ្ឋមន្ត្រី​ អៀង មូលី ​ប្រធាន​អាជ្ញាធរ​ជាតិ ប្រឆាំងនឹង​ជំងឺអេដស៍​ បាន​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ​ជាពិសេស​យុវវ័យ កុំ​ឲ្យ​ភ្លើតភ្លើន​ចាញ់បោក ប្រគល់​ខ្លួនប្រាណ ដោយ​មិនបាន​ការពារ​ខ្លួន​នៅក្នុង​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ថ្ងៃទី​១៤​កុម្ភៈ​ធ្វើ​ឲ្យ​យើង​មាន​វិប្បដិសារី​អស់​មួយជីវិត ​។

​ថ្លែង​នៅក្នុង​យុទ្ធនាការ​ ​«​កុំ​ឲ្យ​ក្ដី​ស្រឡាញ់​ចាញ់​មេរោគ​អេដស៍​» នៅ​អាជ្ញាធរ​ជាតិ​ប្រឆាំងនឹង​ជំងឺអេដស៍ លោក​ទេសរដ្ឋមន្ត្រី​ អៀង មូលី ​បាន​មានប្រសាសន៍ថា​ ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​នេះ​ធ្វើឡើង គឺ​ក្នុង​គោលបំណងក្រើន​រំឭក​ដល់​យុវវ័យពី​ការ​បង្ការ​នៃ​ការឆ្លង​មេរោគ​អេដស៍​ និង​សុខភាព​បន្ត​ពូជ នៅ​ថ្ងៃទី​១៤ កុម្ភៈ នឹង​ដើម្បី​ទប់ស្កាត់​ការហូរចូល​នូវ​វប្បធម៌​បរទេសដែល​យើង​ហៅថា «​ទិវា​នៃ​ក្ដី​ស្រឡាញ់​»​ ជាពិសេសដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​ដែលជា​ផល​អវិជ្ជមាន​បណ្ដាលមកពី​យុវជនក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​។

​លោក​ទេសរដ្ឋមន្ត្រីបាន​បន្តទៀតថា យុទ្ធនាការ​នេះ គឺជាការ​បង្កើន​ការយល់ដឹង​ជា​សាធារណៈ​ ពី​វិធាន​ការ​បង្ការ​មេរោគ​អេដស៍ ​ក្នុងចំណោម​យុវវ័យ​ តាម​រយៈ​សារ​អប់រំ​មានដូចជា​ កុំ​ឲ្យ​ក្ដី​ស្រឡាញ់​ចាញ់​មេរោគ​អេដស៍​, យុវជន​ឆ្លាត​វ័យមិន​យក​កាដូរ ប្ដូរ​មេរោគ​អេដស៍​, ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ មិនមែនជា​ថ្ងៃ​ចម្លង​អេដស៍​, ប្រយ័ត្នការស្រឡាញ់ ចាញ់​មេរោគ​អេដស៍ និង កុំ​ឲ្យ​មាន​វិប្បដិសារី​ដោយសារ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​ជាដើម​។​ នៅក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់​នេះ លោក អៀង ម៉ូ​លី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជាពិសេស​យុវវ័យ សូម​កុំ​ឆាប់​ប្រឡូក​ក្នុង​ការ​រួមភេទ​ ហើយ​បើ​ជ្រុល​ខ្លួន ត្រូវ​ចាំបាច់​ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ជានិច្ចពីព្រោះថា​មានតែ ស្រោម​អនាម័យ​ទើបអាច​ការពារពី​ការឆ្លង​មេរោគ​អេដស៍​។​

ចំណែក​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ ក៏បាន​ដាក់​ចេញ​វិធានការ​ទប់ស្កាត់​សកម្ម​ភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ​និង​ឯកជន​នៅ​ថ្ងៃទី​១៤​ខែ​កម្ភៈ​ឆ្នាំ​២០២០​នេះ​ផងដែរ ​ព្រោះថា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ដែលជា​ទិវា​នៃ​ក្តី​ស្រលាញ់​មាន​សិស្សានុសិស្ស​មួយចំនួន​មានការ​យល់ច្រឡំ​ថា​ជា​បុណ្យ​សង្សារ​ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍​ទៅវិញ ​ហើយ​មាន​សិស្ស​ខ្លះ​បាន​ភ្លើតភ្លើន​ភ្លេច​ការសិក្សា​បាត់បង់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន ​និង​ក្រុម​គ្រួសារ​ ​ប្រាសចាក​ពី​វប្បធម៌​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ។

ដើម្បី​ការពារ​នូវ​សេចក្តីថ្លៃថ្នូ​នេះ​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន​ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា ​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិស្សានុសិស្ស​តាម​គ្រប់​មធ្យោបាយ​ដើម្បី​កុំ​ឲ្យ​សិស្ស​មានការ​យល់​ច្រឡំ​ពី​អត្ថន័យ​នៃ​ទិវា​នៃ​ក្តី​ស្រលាញ់ ត្រូវ​ពង្រឹង​ការអនុវត្ត​បទ​បញ្ចា​ផ្ទៃក្នុង​សាលា​ឲ្យ​បាន​ម៉ឺងម៉ាត់ ​​និង​តាមដាន​អវត្តមាន​សិស្ស​ជាប្រចាំ​ព្រមទាំង​ធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា​សិស្ស​ក្នុង​ការ​ផ្តល់​ព័ត៌មាន​នានា​ពាក់ព័ន្ធ​នឹង​សកម្ម​ភាព​មិនប្រក្រតី​របស់​សិស្ស​ដើម្បី​សហការ​អប់រំ​ណែនាំ​កែ​លម្អ​សិស្ស​បាន​ទាន់​ពេលវេលា​។ តម្លៃ​ជាមួយ​គ្នា​នេះ​ដែរ​ លោក រដ្ឋមន្ត្រី ​បាន​អំពាវនាវ​ដល់​សិស្សានុសិស្ស​ទាំងអស់​មិន​ត្រូវ​យក​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ​ទៅ​ប្រព្រឹត្តិ​អ្វី​ដែល​ខុស​កន្លង​ប្រពៃណី​ខ្មែរ​ និង​ខុស​ពី​អត្ថន័យ​ដើម​នៃ​ទិវា​នេះ​ទេ​ ​ ត្រូវ​រក្សា​តម្លៃ​ខ្លួន​និង​ក្រុមគ្រួសារ​និង​ត្រូវខិតខំ​ប្រឹងប្រែង​រៀនសូត្រ​គោ​ពរ​ព​វិន័យ​សាលា​និង​​គួរ​យក​ទិវា​នេះ​ទិញ​ផ្កា​ជួន​មាតាបិតា ​លោកគ្រូ​អ្នកគ្រូ​និង​មិត្តភក្តិ​របស់ខ្លួន ​ដើម្បី​សំដែង​នូវ​សេចក្តីដឹងគុណ​និង​ការគោរព​ស្រលាញ់​​ប្រសើរ​ជាង​។​

​ជាមួយគ្នានេះដែរ​ក្រសួង​ក៏បាន​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន​ អង្គភាព​ពាក់ព័ន្ធ​និង​សហគមន៍​ ​សូម​ចូលរួម​ទាំង​អស់គ្នា​ផ្សព្វផ្សាយ​និង​អប់រំ​ណែនាំ​ដល់​យុវជន​យើង​ឲ្យ​យល់ដឹង​ពី​ទិវា​នៃ​ក្តី​ស្រលាញ់​នេះ ​កុំ​ឲ្យ​យល់​ច្រឡំ​ថា​ទិវា​ក្តី​ស្រលាញ់​ជា​ថ្ងៃបុណ្យ​សង្សារ​បន្ត​ទៀត​ ​ក៏ដូចជា​ដើម្បី​បញ្ចៀស​​ពួកគេ​កុំទៅ​ប្រព្រឹត្តិ​នូវ​ទង្វើ​ដែល​ប្រាសចាក​ពី​វប្បធម៌​និង​ប្រពៃណី​ដ៏​ផូរផង់​របស់​ជាតិ​ដែល​បុព្វបុរស​យើង​បាន​បន្សល់ទុក​តាំងពី​យូរលង់​ណាស់​មកហើយ​៕​

អត្ថបទ៖ ​សំអឿន​