រដ្ឋសភា អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​អ៊ិនវេស​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម

ភ្នំពេញ ៖ នៅវិមាន​រដ្ឋសភា​ជាតិ នា​ថ្ងៃទី​២៦​ ខែ​មីនា ​ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ ដែល​មាន​សមាជិក​សមាជិកា​រដ្ឋសភា ចូលរួម​ប្រជុំ​ចំនួន​១០៩​រូប ដើម្បី​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ចំនួន​៣​។

ចំពោះ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន ឯ​.​ក​ សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្ត​កោះកុង ត្រូវ​បាន​សម័យ​ប្រជុំ​រដ្ឋ​សភា​ជា​វិសាមញ្ញ អនុម័ត​ដោយ​សំឡេង​គាំទ្រ ១០៩ លើ​១០៩​ សំឡេង​ នៃ​វត្តមាន​សមាជិក​រដ្ឋសភា ក្នុង​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​នៅថ្ងៃនេះ​។​

លោក​បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ រដ្ឋសភា មាន​ប្រសាសន៍​បញ្ជាក់​ថា តាម​សំណើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បាន​ស្នើ​សុំឲ្យ​រដ្ឋ​សភា​កោះ​ប្រជុំ​ជា​វិសាមញ្ញ​ដើម្បី​ពិនិត្យ​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិន​វេស​ម៉ិ​ន ឯ​.​ក សម្រាប់​គម្រោង​វិនិយោគ​សាងសង់​រោងចក្រ អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ៧០០ មេ​ហ្គា​វ៉ាត នៅ​ខេត្ត​កោះកុង នាពេលនេះ​។

​លោក​បណ្ឌិត ជាម យៀប មានប្រសាសន៍​បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​ជំរុញ​វិស័យ​ថាមពល​អគ្គិសនី​ប្រើ​ដោយ​ប្រេង​ខ្មៅ​, ថាមពល​អគ្គិសនី ប្រើ​ដោយ​វា​រី​អគ្គិសនី​, ដើរ​ដោយ​ខ្យល់ និង​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ដើម្បី​បំពេញ​តម្រូវការ​អភិវឌ្ឍ សេដ្ឋកិច្ច​ជាតិ និង​មាន​ថាមពល​អគ្គិសនី ឲ្យ​ប្រជាជន​ និង​ អ្នកវិនិយោគទុន​ប្រើប្រាស់​គ្រប់​តម្រូវការ​។

លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង រ៉ែ និង​ ថាមពល តំណាង​រាជរដ្ឋាភិបាល បាន​បញ្ជាក់​ថា នយោបាយ ឈ្នះ ឈ្នះ បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ ឯកភាព​ជាតិ និង​ការ​អភិវឌ្ឍ​នៅ​គ្រប់ទិសទី និង​លើ​គ្រប់​វិស័យ​។ ក្នុងនោះ វិស័យ​ថាមពល ក៏​ត្រូវ​បាន​អភិវឌ្ឍន៍​ក្នុង​សន្ទុះ​យ៉ាង​លឿន និង​បាន​ដើរតួនាទី​ស្នូល​យ៉ាង​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​។

​លោក ស៊ុយ សែម ថា តម្រូវការ​ប្រើប្រាស់​អគ្គិសនី បន្ត​ស្ថិត​ក្នុង​អត្រា​កំណើន​ខ្ពស់ ដើរ​ស្រប​នឹង​ចក្ខុ​វិស័យ​ដ៏​មាន​មហិច្ឆតា​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យ​បាន​គ្របដណ្ដប់​គ្រប់​ភូមិ​ក្នុង​ឆ្នាំ​២០២០ ដោយ​តម្លៃ​សមរម្យ និង​តម្លៃ​ឯកភាព​ទូទាំង​ប្រទេស​។​

ជាមួយគ្នា​នោះដែរ រាជរដ្ឋាភិបាល បាននិងកំពុង​បន្ត​អនុវត្ត​នូវ​នយោបាយ​បញ្ចុះតម្លៃ​លក់​អគ្គិសនី ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច សមធម៌​សង្គម និង​លើកកម្ពស់​ជីវភាព ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បន្តថា រាជរដ្ឋាភិបាល នឹង​បញ្ចប់​នូវ​គម្រោង​ត​បណ្ដាញ​អគ្គិសនី​គ្រប់​ភូមិ​នៅ​ទូទាំង​ប្រទេស និង​បញ្ចប់​នា​ពេល​ខាង​មុខ ពីព្រោះ​បច្ចុប្បន្ន​ការ​ត​បណ្ដាញ​ដល់​គ្រប់​ភូមិ​ទូទាំង​ប្រទេស​អនុវត្ត​៩៧%​ហើយ​។​

​សូមបញ្ជាក់ថា បើ​យោង​តាម​សេចក្ដីប្រកាស​ចេញពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ កន្លង​មក​នេះ មាន​គម្រោង​វិនិយោគ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ចំនួន​២​នេះ ស្ថិតនៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​កោះកុង​។

គម្រោង​ទី​១-គឺ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ២៦៥​ មេ​ហ្គា​វ៉ាត វិនិយោគ​ដោយ​ក្រុមហ៊ុន HAN SENG COAL MINES ស្ថិតនៅ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ គម្រោង​នេះ​ គ្រោង​នឹង​បញ្ចេញ​ថាមពល ក្នុង​ឆ្នាំ​២០២២​។

ដោយឡែក​គម្រោង​ទី​២ គឺ​គម្រោង​អភិវឌ្ឍន៍​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព​៧០០ មេ​ហ្គា​វ៉ា​ត់ ដែល​ជា​ការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ROYAL GROUP និង SINOSTEEL EQUIPMENT & ENGINEERING មកពី​ប្រទេស​ចិន ហើយ​រោងចក្រ​នេះ គឺ​ស្ថិតនៅ​ក្នុងស្រុក​បទុម​សាគរ ខេត្ត​កោះកុង ហើយ​គ្រោង​បញ្ចេញ​ថាមពល នៅ​ឆ្នាំ​២០២៤៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114