អាជ្ញាធរ​ជាតិ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំង​៥ នៅ​ភាគ​ឦសាន​នាំគ្នា​លប់បំបាត់​គ្រឿងញៀន​
BREAKING NEWS
Search

អាជ្ញាធរ​ជាតិ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ខេត្ត​ទាំង​៥ នៅ​ភាគ​ឦសាន​នាំគ្នា​លប់បំបាត់​គ្រឿងញៀន​

ស្ទឹងត្រែង ៖ ដើម្បី​ឈាន​ដល់​ការ​លុប​បំបាត់ ការ​ចរាចរ​គ្រឿងញៀន​គ្រប់​ប្រភេទ ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២០​នេះ អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ក្រើនរំលឹក​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ មកពី​ខេត្ត​ចំនួន​០៥ នៅ​ភាគ​ឦសាន​ត្រូវ​បង្កើន​កិច្ច​សហការ​គ្នា​បន្ថែម​ទៀត​។​

​លោក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ ​អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មានប្រសាសន៍ថា​៖​ នៅ​តាម​ខេត្ត​នីមួយៗ​នៅតែ​មានការ​ចរាចរណ៍​ថ្នាំញៀន​ឆ្លងកាត់ នៅតែ​កើតមាន​នៅឡើយ ដូចជា ការ​ជួញ​ដូរ​-​ការ​រក្សា​ទុក​-​ការចែក​ចាយ​-​ការប្រើប្រាស់​-​ជាដើម​។​ លោក​ឧ​ត្ត​ម​នាយ​ឧ​ត្ត​ម​សេនីយ៍​បន្ថែម​ថា​៖ ​ដើម្បី​ចាត់វិធានការ​អនុវត្ត​ច្បាប់​មាន​ប្រសិទ្ធភាព​ស្នើ​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ នៅ​តាម​សាលារៀន​ដល់​មូលដ្ឋាន ឃុំ​សង្កាត់​ឲ្យ​បាន​ស៊ីជម្រៅ​ប្រសើរ​ជាង​ការ​បង្ក្រាប​និង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ស្លូតត្រង់​រងគ្រោះ​ដោយសារ​គ្រឿងញៀន​។​

​លោ​ក​ឧត្ដម​ម៉ុម សារឿន អភិបាលខេត្ត​មានប្រសាសន៍ថា​៖ ​យន្តការ​នេះ លេខាធិការដ្ឋាន​ខេត្ត​បាន​ធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​បាន​ផ្សព្វផ្សាយ យ៉ាងសកម្ម និង​ជា​ពហុ​វិស័យ ដើម្បី​ធ្វើ​ឲ្យ​ភូមិ​ឃុំ គ្មាន​គ្រឿង​ញៀន ហើយ​ក្នុង​យុទ្ធនាការ​៦​ខែ​កន្លង​មក​នេះ ​សមត្ថកិច្ច​បាន​ប្រឹងប្រែង​សហការ​គ្នា​បង្ក្រាប​ឃាត់ខ្លួន ​ជនសង្ស័យ​រួម​និង​វត្ថុតាង​បញ្ចូល​ទៅ​តុលាការ​ផង​ដែរ​។​

​លោក​យង់​ សុ​វ​ឌ្ឍ​នា ​អភិបាលរង​ខេត្ត​ស្ទឹងត្រែង​មានប្រសាសន៍ថា​៖ ​ក្នុង​យុទ្ធនាការ​ឆមាស​ទី​១​ឆ្នាំ​២០២០​សមត្ថកិច្ច​ជំនាញ​បាន​ផ្សាយ​អប់រំ​ពី​ផល​ប៉ះ​ពាល់​ការ​គ្រោះថ្នាក់​និង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ នៅ​តាម​គ្រឹះស្ថានសិក្សា​បាន​ចំនួន​១៣​លើក នៅ​តាម​វេទិកា​សាធារណៈ​១២០​លើក​និង​មាន​អ្នកចូលរួម​ជាង​១៣​ម៉ឺន​នាក់​។ លោក​អភិបាលរង​អះអាង​ថា​៖ ​ការអនុវត្ត​ច្បាប់​ក្នុង​រយៈពេល​០៦​ខែ​ឆ្នាំ​២០២០​នេះ ​សមត្ថកិច្ច​ជំនាញ​បង្ក្រាប​បាន​១៩​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤០​នាក់​និង​វត្ថុតាង ថ្នាំញៀន​គ្រប់​ប្រភេទ​មាន​ទម្ងន់​សរុប​២៥៩.៨០៥​ក្រាម​និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់ថា​៖​ បញ្ហា​គ្រឿងញៀន​ខេត្ត​ស្ទឹងត្រែង​-​ក្រចេះ​-​មណ្ឌល​គី​រី​-​រតន​គី​រី​-​ព្រះវិហារ​-​នៅ​តែ​មាន​បន្ទុក​ធ្ងន់​នៅឡើយ ​ដោយសារតែ​ភូមិសាស្ត្រ​ខេត្ត​មាន​លក្ខណៈ​ស្មុគស្មាញ ជា​តំបន់ ព្រៃភ្នំ ទន្លេ និង​មាន​ច្រក​របៀង​ច្រើន​នៅ​តាម​ព្រំដែន (​ផ្លូវគោក​ផ្លូវទឹក​)​ដែល​អំណោយផល​ល្អ​សម្រាប់​ពួក​ឧក្រិដ្ឋជន​ចរាចរ​ដឹកជញ្ជូន​និង​លួចលាក់​នាំ​ថ្នាំញៀន​ឆ្លងកាត់​នៅឡើយ​៕

​អត្ថបទ៖ ងិន​លីម
សូមចុចអាន៖ ​អភិបាលខេត្ត និង​អ្នក​ជំនាញ​ច្បាប់ ​ស្នើ​ឲ្យ​មានការ​ចូលរួម​ផ្ដល់​យោបល់​លើ​សេចក្ដីព្រាងច្បាប់ ​ស្ដីពី​សណ្ដាប់​ធ្នាប់​សាធារណៈ​