BREAKING NEWS
Search

កម្ពុជា​ដាក់១៨០០លានដុល្លារអាមេរិកជួយវិស័យធនាគារហិរញ្ញវត្ថុនិងកំពុងរកវិធីពន្យាការប្រាក់

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១៨ខែមីនាឆ្នាំ២០២០េនះ បានចេញប្រកាសស្តីពីប្រាក់បម្រុងកាតព្វកិច្ចនៃប្រាក់បញ្ញើនិងប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ចមកត្រឹម៧ភាគរយ ចំពោះប្រាក់រៀលនិងរូបិយប័ណ្ណ។ ឮ

គោលដៅគឺដើម្បីផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានាអាចផ្ដល់កម្ចីបន្ថែមជូនអតិថិជនចំនួនប្រមាណ១៨០០លានដុល្លារអាមេរិកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នៅក្នុងវិធានការនេះ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទីមួយ នៃធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចបន្តផ្ដល់កម្ចី ឬផ្ដល់កម្ចីថ្មីដល់អតិថិជន ដើម្បីអាចអនុវត្តរក្សាបាននិរន្តរភាពអាជីវកម្មក៏ដូ​ចជា​ជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច នៅក្នុងវិបត្តិរាលដាលជំងឺកូវីដ១៩។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជានឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះផលវិបាកដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ១៩។

ធនាគារជាតិនៃកម្ពុជា បាននិងកំពុងចាត់វិធានការមួយចំនួនទៀត ក្នុងការ​សម្រាលបន្ទុកអ្នកខ្ចីប្រាក់អំពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុស្ថិត ក្រោមអាណាព្យាបាលធនាគារជាតិនៃកម្ពុជាតាមរយៈការលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអនុញ្ញាតឲ្យអ្នកខ្ចីប្រាក់ពន្យាពេលសងប្រាក់ឬ សងតែការប្រាក់ទៅតាមស្ថានភាពជាក់ស្ដែង៕

អត្ថបទ៖ សំអឿន