ប្រវត្តិ​ប្រាសាទ​នាងខ្មៅ​ នៅ​ខេត្ត​តាកែវ​

តាកែវ ៖ ប្រាសាទ​នាងខ្មៅ​មាននៅ​អង្គរ និង​នៅ​ខេត្ត​តាកែវ។ បើ​យើង​ធ្វើដំណើរ​ពី​ក្រុងភ្នំពេញ ទៅ​កាន់​ខេត្តតាកែវ ដល់​ទៅ​ឃុំ​រវៀង ស្រុក​សំរោង យើង​នឹង​ឃើញ​វត្ត​បុរាណ​មួយ​ហៅថា «​វត្ត​ប្រាសាទ​នាង​ខ្មៅ​» តាំងនៅ​ខាងកើត​ជាប់​នឹង​ថ្នល់ ពី​ទីក្រុង​ភ្នំពេញ​ទៅ​។

​បានជា​ហៅថា វត្ត​ប្រាសាទនាងខ្មៅ ព្រោះ​ក្នុង​វត្ត​នោះ​មាន​ប្រាសាទបុរាណ​ពីរ​ ឈ្មោះ​ប្រាសាទនាង​ខ្មៅ នៅ​ខាងលិច​វិហារ​ចំ​ខ្លោងទ្វារ​វត្ត​វត្ត​ទិសបស្ចិម។ ប្រាសាទ​ទាំងពីរ​នោះ​ធ្វើ​ពី​ថ្ម​ផង ឥដ្ឋ​ផង ទំហំ ៤​ម៉ែត្រ ៤​ជ្រុង កម្ពស់​១០​ម៉ែត្រ កំពូល​ស្រួច​ដូច​ចេតិយ​ខ្ពស់ត្រដែត។

រឿងព្រេង​ទាក់ទង​ដើមកំណើត នៃ​ប្រាសាទ​នោះ​មាន​ដំណាល​ថា ៖
​ក្នុង​អតីតកាល​កន្លង​យូរ​ទៅហើយ​មាន​ស្តេច​មួយ​ព្រះអង្គ​ទ្រង់មាន​ព្រះនាម ព្រះបាទ​សុរិយា​វង្ស​គង់​នៅ​ភ្នំ​ជី​សូរ ជា​ស្តេច​មាន​មហិទ្ធិឫទ្ធិ​មានបុណ្យ​ច្រើន ទ្រង់​បាន​សាង​ប្រាសាទ​ប្រាំ និង​ទ្រង់​ឲ្យ​ជីក​ស្រះ​បួន​នៅលើ​ភ្នំ​នោះ គ្រប់​ជ្រុង​ប្រាសាទ ទ្រង់​មាន​ព្រះរាជ​បុត្រី​មួយ​ព្រះអង្គ ព្រះនាម​នាង​ខ្មៅ។
​ ​
ភ្នំ​ជី​សូរ​អំពី​កំពូល​ចុះមក​ដល់​ដី​ជម្រាល​ជើងភ្នំ​ខាងក្រោម ប្រហែល​៧០០​ម៉ែត្រ មាន​ទន្លេ​៤ គ្រប់​ជ្រុង​ទាំង​៤ គឺ​ទន្លេ​អ៊​មួយ ទន្លេ​ស្ងួត​មួយ ទន្លេ​ប្រ​ទ្រុ​ន​មួយ និង​ទន្លេ​ទ្រុ​ន​មួយ។ ទន្លេ​ទាំង​៤​នោះ​ជា​កន្លែង សម្រាប់​ក្រសាល​របស់​ស្ដេច​អង្គ​នោះ។ លុះ​ព្រះ​បុត្រី​មាន​វ័យ​វឌ្ឍនាការ​ចម្រើន​ឡើង​បាន​ព្រះជន្ម ១៦​ឆ្នាំ ព្រះ​នាង​មាន​រូបឆោម​ពណ៌​ល្អ​ដាច់​ស្រី​ក្នុង​ព្រះ​នគរ។ ថ្ងៃមួយ​ ព្រះ​នាង​នឹកភ្នក​ចង់​ទៅ​លេង​ទន្លេ​ប្រ​ទ្រុ​ន បាន​ចូល​ទៅ​ថ្វាង​បង្គំ​លា​ព្រះវរបិតា​សុំ​ទៅលេង​ទន្លេ​នោះ។ ព្រះរាជា​ក៏​ទ្រង់​ព្រះ​រាជានុ​ញ្ញាត ហើយ​ទ្រង់​ចាត់​មនុស្ស​បម្រើឲ្យ​រៀបចំ​ហែហម ព្រះរាជ​ដំណើរ​ព្រះ​នាង​ទៅ​ក្រសាល​ក្នុង​វេលា​ថ្ងៃរសៀល។
​ ​
គ្រានោះ​មាន​បុរស​ម្នាក់​ឈ្មោះ​បណ្ឌិត ស្រី ទើបនឹង​សឹក​ពី​សាមណេរ មាន​រូបឆោម​ល្អល្អះ​ស្អាតបាត​ជាង​ប្រុស​ឯទៀត ចេះ​មន្តអាគម​វិជ្ជាការ។ បណ្ឌិត​នេះ​ទីលំនៅៗ​ភូមិ​មួយ​ខាងលិច​ភ្នំ​ជី​សូរ ជិត​ផ្លូវ​ដែល​ចុះទៅ​ទន្លេ​ប្រ​ទ្រុ​ន។ ថ្ងៃនោះ​ បណ្ឌិត​ស្រី មាន​សេចក្ដី​អផ្សុក​ចេញទៅ​លេង​ជិត​ផ្លូវ​នោះ បាន​ឃើញ​ព្រះ​នាង​ខ្មៅ​ចុះ​ពីលើ​ភ្នំ​ជាមួយនឹង​ស្រី​ជា​បរិវារ ក៏មាន​សេចក្តី​ប្រតិព័ទ្ធ​ជាប់ចិត្ត​នឹង​ព្រះ​នាង​នោះ​ក្រៃពេក។ បណ្ឌិត​នោះ​ពិចារណា​ថា «​ថ្ងៃនេះ​ជា​ថ្ងៃ​មាន​លាភ​ធំ​ណាស់ ដោយបាន​ជួបនឹង​ស្រី​គ្រប់លក្ខណ៍​តែ​អាត្មាអញ​ជា​កូន​រាស្ត្រ​អ្នក​កម្សត់ ធ្វើ​ម្តេចនឹងបាន​នាង​នោះ​ហ្ន៎! នាង​នេះ​មិនមែនជា​ស្រី​សាមញ្ញ​ទេ គឺជា​ព្រះរាជ​បុត្រី​របស់​ស្តេច អាត្មា​នឹង​នាង​នេះ ​ពុំ​សមសក្ដិ​គ្នា​សោះ បើ​ដូច្នេះ​អញ​ត្រូវ​ធ្វើ​យ៉ាងណា​ទៅ​ ? បណ្ឌិត​នោះ​ចេះតែ​ស្រឡាញ់​ខ្លាំង​ឡើងៗ​គិតថា នឹង​ចូលទៅ​ស្ដីដណ្ដឹង​តាម​ច្បាប់ ក៏​ពុំ​សម​ និង​ប្រព្រឹត្ត​ខុស​ ក៏​​មុខជា​ស្តេច យកទោស​ដល់​ស្លាប់​» ។ ទើប​បាន​នឹក​ដល់​មន្តវិជ្ជាការ​ដែល​ខ្លួន​ចេះ​ទាំង​ប៉ុន្មាន ក៏​បេះ​ស្លឹកឈើ​យកមក​សូត្រ​ផ្លុំ​មន្ត​វិជ្ជាការ​នោះ ហើយ​ឡើងដើមឈើ​ផ្លុំស្លឹក​បន្លឺ​ឡើង។ ឯ​សួរ​សំឡេង​ស្លឹក​ដែល​បណ្ឌិត​ផ្លុំ​នោះ​ទៅ​ចុច​ចំ​បេះ​ដូងព្រះ​នាង​នោះ ព្រះ​នាង​ក៏​ភាន់ភាំង​ស្មារតី លុះ​ភ្លា​ឡើង​គិតថា «​អាត្មាអញ​ជា​កូន​ស្តេច ធ្លាប់​ស្លាប់​ភ្លេង​ដូរ្យតន្ត្រី​សព្វថ្ងៃ ដែល​ពុំមាន​ភ្លេច​អ្វី​ធ្វើ​ចិត្ត​អញ​ឲ្យ​ស្លុត​ដូច​សំឡេង​ស្លឹក​នេះ​សោះ​» ព្រះ​នាង​សញ្ជឹងគិត​យូរៗ​ទៅ សំឡេង​នោះ​រឹតតែ​ពីរោះ​ឡើងៗ ព្រះ​នាង​អត់ទ្រាំ​មិនបាន​ ក៏​លាន់​ព្រះ​ឱស្ឋ​ថា «​យីអើ​ហ្ន ! សំឡេង​នេះ​ជា​សំឡេង​ប្លែក​ណាស់ គួរតែ​អញ​ទៅតាម​ស្តាប់​មើ​ល​ឲ្យ​ឃើញ​ច្បាស់ តើ​អ្នកនោះ​ដូចម្តេច បាន​ចេះ​ផ្លុំ​ពីរោះ​ដល់​ម្លឹ​ងៗ »។ ព្រះ​នាង​ក៏​ទៅរក​មើល​ឲ្យ​ឃើញ​ដោយ​ព្រះអង្គឯង។ លុះ​ព្រះ​នាង​ទៅ​ជួប​ឃើញ​រូបឆោម​បណ្ឌិត​នោះ ​ ក៏​រឹត​តែមាន​សេចក្តី​ប្រតិព័ទ្ធ​ខ្លាំង​ឡើង បាន​សាកសួរ​សន្ទនា​គ្នា​ទៅវិញទៅមក តាម​ប្រពៃណី​របស់​ប្រុស​និង​ស្រី​ ដែល​ស្រលាញ់​គ្នា។ អ្នក​ទាំងពីរ​ បាន​និយាយ​​គ្នា​ថា ​«​ថ្ងៃក្រោយ​យើង​នឹង​មកជួប​………….​​ ហើយ​លា​បែក​គ្នា​រៀងខ្លួន។

ចំណែក​ព្រះ​នាង​ចាប់តាំងពី​បែក​បណ្ឌិត​នោះ​ទៅ​មានទឹក​ព្រះភក្ត្រ​ប្លែក​ពី​ប្រក្រតី ចេះតែ​ក្រៀមក្រំ​ពុំ​រួស​រាយ​រក​ពួក​បរិវារ ពួក​បរិវារ​ក៏​មាន​សន្ទិះ​សង្ស័យ។ ថ្ងៃ​ក្រោយមក​ព្រះ​នាង​ចូល​លា​ព្រះរាជា​ម្តង​ទៀត​។ ព្រះរាជា​ក៏​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​នាង​ទៅ​ទ្រង់​ចាត់​មនុស្ស​បម្រើ​ហែហម​ជូនដំណឹង ព្រះ​នាង​ដូច​ថ្ងៃមុន លុះ​ទៅដល់​កន្លែង​នោះ ព្រះ​នាង​និយាយប្រាប់​បរិវារ​ថា «​អ្នក​រាល់គ្នា​ត្រូវ​ឈប់​ចាំ​ខ្ញុំ ខ្ញុំ​មាន​កិច្ច​ទៅនោះ​បន្តិច​»​។ និយាយប្រាប់​ហើយ​ព្រះ​នាង​ដើរ​សំដៅទៅ​កន្លែង ដែល​បណ្ឌិត​ស្រី​មកជួប​លុះ​បាន​ជួបគ្នា​ហើយ ទាំងពីរ​រូប​ក៏​សម្រេចសេចក្តី​ប្រាថ្នា​របស់​ខ្លួន។ ពួក​បរិវារ​សង្ស័យ​ក៏​ទៅ​លប​មើល​ឃើញ​កិរិយា​មិនល្អ មាន​សេចក្តី​ភិតភ័យ​ខ្លាចក្រែង​ស្តេច​យកទោស​ដល់​ជីវិត​ក៏​ជំនុំ​ពិគ្រោះគ្នា​ថា «​យើង​គួរតែ​ក្រាប​ទួល​ស្តេច​កុំ​ខាន​»។ លុះ​ត្រឡប់​ទៅវិញ​ពួក​បរិវារ​ក៏​ចូលទៅ​គាល់​ទូល​ស្តេច​សព្វគ្រប់​តាម​ដំណើរ​។ ស្ដេច​ទ្រង់​ខ្ញាល់​ជាខ្លាំង​ ក៏​ទ្រង់​ហៅ​ពួក​ពេជ្ឈឃាដ​មក​ប្រាប់ថា «​ត្រូវយក​កូន​អញ​ទៅ​សម្លាប់​ឲ្យ​ឆាប់​»។
​ ​
ព្រះ​អគ្គ​មហា​ហេ​សី​ជា​ព្រះ​មាតា ក្រាបទូល​សុំទោស​ព្រះ​ស្វាមី​ថា «​សូម​ព្រះករុណា​ទ្រង់​ព្រះមេត្តា​ប្រោស ព្រះរាជទាន​ទោស​ដល់​កូន​យើង​តែមួយ បើទោះជា​មានទោស​ខុស​យ៉ាងណាៗ សូម​ព្រះអង្គ​កុំ​សម្លាប់​គ្រាន់តែ​បំបរបង់​ចេញ​អំពី​ទីនេះ​ចុះ សូម​ទ្រង់​អនុញ្ញាត​ឲ្យ​ទាន​»។ ស្តេច​ក៏​ទ្រង់​អនុញ្ញាត​តាម​សេចក្តី​សុំ​របស់​ព្រះ​នាង​ជា​ព្រះ​មាតា​ទើប​ទ្រង់​បង្គាប់​សេនាបតី ឲ្យ​ធ្វើ​ប្រាសាទ​ពី​ចម្ងាយ​អំពី​ព្រះ​ដំណាក់​ទៅ​បី​យោជន៍។ ពួក​សេនាបតី​ក៏​ទទួល​ធ្វើតាម​ព្រះរាជ​បញ្ជា រួចហើយ​ស្តេច​ទ្រង់​បង្គាប់​ឲ្យ​នាំ​ព្រះ​នាង​ខ្មៅ​ទៅ​នៅ​ទីនោះ ប្រាសាទ​នោះ​នៅ​ខាងលិច​ភ្នំ​ជី​សូរ។ តាំងពី​ថ្ងៃនោះ​ទៅ​ព្រះ​នាង​កើតទុក្ខ​ជា​ទម្ងន់​ ណាមួយ​ព្រះបិតា​បំបរបង់​ចោល ឲ្យ​នៅ​ម្នាក់ឯង ណាមួយ​បែក​ពី​សង្សារ លែង​បាន​មក​ជួប​សោះ ដោយ​មិន​ជ្រាប(ដឹង)​ទៅ​ទីណា។
​ ​
គ្រានោះ​មាន​ភិក្ខុ​មួយ​ព្រះអង្គ​ឈ្មោះ កែវ លោក​និមន្ត​ចេញពី​ស្រុក លោក​ទៅ​រៀន​មន្ត​វិជ្ជាការ​នៅឯ​ស្រុក​ក្រៅ លោក​បាន​រៀន​ចេះ​ពូកែ​ណាស់ លោក​ត្រឡប់មក​ស្រុក​វិញ គង់នៅ​ទីមួយ (​ក្នុង​ខេត្តតាកែវ​) ទីនោះ​អត់​ទឹក​អ្នកស្រុក​នាំគ្នា​ជីក​ស្រះ​មួយ​។​


​ ​
លោកគ្រូ​អង្គ​នោះ គង់នៅ​យូរ​បន្តិច​ទៅ​មាន​កិត្តិសព្ទ​ល្បី​គ្រប់​ស្រុកភូមិ។ ព្រះ​នាង​បានឮ​ដំណឹង​ថា លោក​គ្រូ​នោះ​ទើប​និមន្ត​មកពី​ស្រុក​ក្រៅ ចេះ​មន្ត​វិជ្ជាការ​ល្បីល្បាញ​ដូច្នេះ មាន​ព្រះ​បំណង​ចង់​ជួបនឹង​លោក ដើម្បី​ចង់ដឹង​អំពី​សេចក្តី​ទុក្ខ​របស់​ព្រះ​នាង​ថា «​តើ​ថ្ងៃ​ណា​នឹង​បាន​ស្រាកស្រាន្ត​ស្បើយ​ល្ហើយ ព្រះ​នាង​ក៏​ប្រាប់​ពួក​អ្នក​បម្រើឲ្យ​រៀប​ព្រះទីនាំង​ដំរី ដើម្បី​ទៅ​ថ្វាយបង្គំ​លោកគ្រូ​កែវ។ លុះ​ធ្វើ​ព្រះរាជ​ដំណើរ​ទៅដល់​ទីកន្លែង​លោកគ្រូ​នោះ​ហើយ ព្រះ​នាង​ចូលទៅ​ថ្វាយបង្គំ​លោក​តាម​ទំនៀម ទ្រង់​បាន​ឃើញ​លក្ខណៈ​លោកគ្រូ​អង្គ​នោះ​សព្វគ្រប់ ក៏​បែកចិត្ត​ចេញ​អំពី​សង្សារ​ចាស់ មក​ជាប់​នឹង​លោកគ្រូ​កែវ​នោះ​វិញ ពីព្រោះ​លោក​អង្គ​នោះ​មាន​រូប​ស្អាត​ជាង​បណ្ឌិត​ស្រី ពេញលក្ខណៈ​ប្រុស​គួរឲ្យ​ស្រឡាញ់ ព្រះ​នាង​ដំណាល​អំពី​សេចក្តី​សុខទុក្ខ​របស់​ទ្រង់​ទូល​លោកគ្រូ​សព្វគ្រប់​ហើយ ក៏​សំដែង​អា​ការៈ​ស្និទ្ធ​ស្នាល ហាក់ដូចជា​ទុកចិត្ត​គ្នា​យូរ​មកហើយ។ អាការៈ​ដែល​ព្រះ​នាង ពណ៌នា​រឿងរ៉ាវ​របស់​ទ្រង់​នោះ នាំ​ឲ្យ​លោកគ្រូ​កែវ​អត់ទ្រាំ​ពុំបាន ក៏មាន​ចិត្ត​ទោរទន់​ទៅរក​ព្រះ​នាង ហើយ​មាន​ព្រះពុទ្ធដីកា​ទន់ភ្លន់​ទៅរក។ កាលបើ​ព្រះ​នាង​បាន ឮ​ពុទ្ធដីកា លោក​ផ្អែមល្ហែម​ទន់ភ្លន់​មករក​ដូច្នោះ ក៏​នឹង​សង្ឃឹមថា តទៅ​មុខ​អញ​នឹងមាន​អាង លែងកើត​ទុក្ខ​តាំងពី​ថ្ងៃនេះ​ទៅហើយ​»។ ចាប់តាំងពី​ថ្ងៃ​នោះមក​ព្រះ​នាង​មាន​ពណ៌​សម្បុរ​ស្រស់បំព្រង​ដូច​ស្ត្រី​ទេពអប្សរ។ ចំណែកឯ​លោកគ្រូ​ទៅវិញ លោក​ខំប្រឹង​ពិចារណា​ធម៌ ដើម្បី​ដកចិត្ត​អំពី​ព្រះ​នាង​នោះ​ខ្លាំង​ណាស់ដែរ តែ​លោ​ក​ដក​ពុំរួច​សោះ។ ពេល​ក្រោយមក​ព្រះ​នាង​ត្រឡប់​ទៅ​ថ្វាយបង្គំ​សុំ​លោកគ្រូ​ស្រោច​ទឹក ដើម្បី​ឲ្យ​មាន​សិរី​សួស្ដី។ ពេល​ទៅ​ស្រោច​ទឹក​នោះ ព្រះ​នាង​រឹត​តែ​សំដែង​ការ​រាក់ទាក់​ទៅរក​លោកគ្រូ​កែវ ខ្លាំង​ឡើង​ថែមទៀត ហើយ​ព្រះ​នាង​ទួល​លោក​ថា សូមឲ្យលោក​ម្ចាស់​គង់នៅ​សប្បាយ​ចុះ​»។ កាលបើ​ឮ​ពាក្យ​នោះ លោកគ្រូ​កែវ ក៏​ក្រៀមក្រំ​ស្រពោន​មុខ​កើតទុក្ខ ដោយ​សំដី​ព្រះ​នាង។ អាការៈ​របស់លោក ជា​អាការៈ​ប្រាប់​ព្រះ​នាង​ឲ្យ​ជ្រាប​ច្បាស់​ថា «​លោក​កើតទុក្ខ​ពីព្រោះ​ព្រះ​នាង​»។ ព្រះ​នាង​រឹត​តែ​មាន​សេចក្តីស្រលាញ់​ខ្លាំង​ឡើង​ទៀត ដល់​ព្រះ​នាង​ត្រឡប់​ទៅ​ព្រះ​ដំណាក់​វិញ កើតទុក្ខ​ផ្ទំ​ពុំ​លក់​ សោយ​ក្រយាស្ងោយ​ពុំបាន អត់ទ្រាំ​ពុំបាន ក៏​ចាត់​បម្រើឲ្យ​រៀបចំ​ព្រះទីនាំង​ដំ​រី​ទៅ​និមន្ត​លោក​មក​ឯ​ព្រះ​ដំណាក់​ព្រះ​នាង។ ឯ​លោកគ្រូ​កែវ កាលបើ​បានឃើញ​អ្នកបម្រើ​ទៅ​និមន្ត​ក៏​សប្បាយ​ព្រះទ័យ​ណាស់ បានរៀបចំ​ធ្វើដំណើរ​និមន្ត​មក​ជា​ប្រញាប់។ ព្រះ​នាង​ក៏​ទំនុកបម្រុង​បណីត​ភោជន សុទ្ធតែ​របស់​ប្លែកៗ។ លុះ​លោក​និមន្ត​ទៅដល់​ ព្រះ​នាង​លើក​មក​ប្រគេន​លោក​ផ្ទាល់​ព្រះអង្គ​ លោកគ្រូ​កែវ ឆាន់​ពុំបាន។ អាការៈដែល​លោក​ឆាន់​ពុំ​បាន​នោះ ជា​អាកា​រៈ​ប្រាប់​ព្រះ​នាង​ឲ្យជ្រាប​រឹតតែ​ច្បាស់ ព្រះ​នាង​ក៏​រឹតតែ​កើតទុក្ខ​ខ្លាំង​ឡើងៗ​អត់ទ្រាំ​កេរ្តិ៍​ខ្មាស​ពុំបាន ក៏​ចូលទៅ​ទូល​លោក​ថា «​សូម​លោក​ម្ចាស់​សឹក​ចាក​សិក្ខាបទ​ចុះ​» ហើយ​ព្រះ​នាង​ប្រគេន​សំពត់​ស្លៀកពាក់ ព្រមទាំង​ប្រដាប់ប្រដា​សព្វគ្រប់។ លោក​ទទួលព្រម​តាម​សម្តី​ព្រះ​នាង​និមន្ត ហើយ​ក៏​សឹក​ចាក​សិក្ខាបទ ជា​ឃរាវាស​នៅ​រួមសុខទុក្ខ​ជាមួយ​ព្រះ​នាង​ខ្មៅ នៅ​ក្នុង​ប្រាសាទ​នោះ​រហូត​មក។

​ចំណេរ​កាល​មក​ខាងក្រោយ មាន​ពុទ្ធបរិស័ទ​ជ្រះថ្លា​ស្ថាបនា​វត្ត​នៅ​ទីនោះ​ឡើង វត្ត​នោះ​ក៏​មាន​នាម​ថា «​វត្ត​ប្រាសាទនាងខ្មៅ​» រហូតមកដល់​សព្វថ្ងៃ​នេះ៕

 

 
អត្ថបទ ៖ កញ្ញា វ៉ាត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114