តារា​កំប្លែង​នាយ ស្លេក សម្រេច​សាង​ផ្នួស​ជា​ព្រះសង្ឃ​ ផ្អើល​អ្នកគាំទ្រ​

ភ្នំពេញ​ ៖ ​ទីបំផុត​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​CTN ​នាយ ស្លេក ពេលនេះ​បានសម្រេច​ចិត្ត​ទៅ​កោស​ក់​សាង​ផ្នួស​ចូល​បម្រើ​តាម​វិស័យ​ព្រះពុទ្ធសាសនា​ហើយ ​ខណៈ​មាន​ទស្សនិកជន​ និង​អ្នក​គាំទ្រ​មួយចំនួនធំ​បានកើត​ជា​ចម្ងល់​ថា ​តើ​ហេតុអ្វី​នៅ​សុខៗ​ បែរជា​តារា​កំប្លែង​ល្បីឈ្មោះ​រូប​នេះ​ទៅ​សាង​ផ្នួស​ចោល​អាជីព​កំប្លែង​ដូច្នេះ​?​។​

ដំណឹង ​នៃ​ការ​សាង​ផ្នួស​ជា​ព្រះសង្ឃ​ពី​សំណាក់​តារា​កំប្លែង​នាយ ស្លេក ខាងលើនេះ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល​ស្ទើរ​គ្រប់គ្នា​បន្ទាប់​ លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ី​ច​ទ័​រ បាន​បង្ហោះ​រូបភាព​នាយ ស្លេក កំពុង​គ្រង់​ស្បង់​ចីវរ​ជា​ព្រះសង្ឃ​ចែករំលែក​ជា​សាធារណៈ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​។​

បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​នោះដែរ ​ផលិតករ​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​CTN​ លោក សុវណ្ណ រិទ្ធី ហៅ​លោកតា វ៉ី​ច​ទ័​រ បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ​នាយ ស្លេក ពិតជា​សម្រេច​កោ​សក់​សាង​ផ្នួស​ជា​ព្រះសង្ឃ​ពិតមែន​។​ លោក​និយាយ​ដូច្នេះ​ថា​ ថ្ងៃ​ពុធ ៤​រោច ​ខែមាឃ​ ឆ្នាំកុរ ឯកស័ក​ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២​ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជា​ថ្ងៃ​ដែល​អ៊ុំ ស្លេក របស់​យើង​បាន​សាង​ព្រះ​ផ្នួស​នៅ​ក្នុង​ព្រះពុទ្ធសាសនា​ ហើយ​និមន្ត​គង់នៅ​វត្ត សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ​។ ​ការ​សាង​ព្រះ​ផ្នួស​របស់ ​អ៊ុំ ស្លេក​ មាន​រយៈ​ពេល​១​សប្ដាហ៍ ខ្ញុំបាទ​សូម​ចូលរួម​ត្រេកអរ​និង​អនុមោទនា​។ ​នេះ​ជា​ការ​បញ្ជាក់​បន្ថែម​រប​ស់ លោក តា វ៉ី​ច​ទ័​រ។​

កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​១២ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ​ នៅ​មិនទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​សួរនាំ​បន្ថែម​ពី​សាមីខ្លួន​តារា​កំប្លែង​នាយ ស្លេក បាន​នៅឡើយ​ទេ ជុំវិញ​ការ​សាង​ផ្នួស​រយៈពេល​១​សប្ដាហ៍​នេះ​។​ ខណៈ​មាន​មតិ​របស់​អ្នកគាំទ្រ​មួយចំនួន​បានលើកឡើង​ប្រហែល​គ្នា​ថា​ ការ​សាង​ផ្នួស​នេះ ​គឺ​ដើម្បី​សងគុណ​ឪពុកម្ដាយ​តែប៉ុណ្ណោះ​៕


អត្ថបទ ៖ ចាន់​រ៉ា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114