BREAKING NEWS
Search

Negeri Sembilan ជា​ក្លិប​ម៉ាឡេស៊ី ទី​៣​ត្រៀម​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​នៅ​កម្ពុជា ក្នុង​ខែមករា​នេះ

ក្រុមបាល់ទាត់​ទី​៣ របស់​ប្រទេស​ម៉ាឡេស៊ី គឺ Negeri Sembilan គ្រោង​នឹងធ្វើ​ដំណើរ​មក​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​ជាមួយ​ក្រុម​ក្នុង​លី​គ​កំពូល​កម្ពុជា នៅក្នុង​ខែមករា ឆ្នាំ​២០១៧ នេះ​ ខណៈ​មាន​ក្រុម​មកពី​ប្រទេស​ម៉ាឡេស៊ី ២​ក្រុម​ដោយ​ក្នុងនោះ​មាន​១​ក្រុម​បានបញ្ចប់​ការប្រកួត​នៅ​កម្ពុជា គឺ UiTM ​ខណៈ​មួយក្រុម​ទៀត​គឺ Melaka United​ទើបតែ​ធ្វើដំណើរ​មកដល់​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​៣ ខែមករានេះ​។

យោងតាម​ការបញ្ជាក់រ​បស់​ក្លិប​ភ្នំពេញ​ក្រោ​ន បានឱ្យដឹងថា ​អតីត​ក្រុម​ជើងឯក Malaysia Cup និង FA Cup គឺ​ក្រុម Negeri Sembilan បាន​ណាត់​ក្រុម​ជើងឯក​លីក​កំពូល​កម្ពុជា ៦​សម័យកាល​ភ្នំពេញ​ក្រោ​ន ចំនួន ២​ជើង គឺ​នៅ​ថ្ងៃទី​០៧ និង​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៧ លើ​ទីលាន​កីឡដ្ឋាន RSN Stadium ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ពង្រឹង​ចំណងមិត្តភាព​។ ប្រភព​បន្ថែមថា ​ក្រុម Negeri Sembilan ក៏​មាន​គម្រោង​ជួប​ក្រុម​ណាហ្គា​វើ​ល និង​ក្រុម​ក្រសួងការពារជាតិ ផងដែរ តែ​មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​ទីលាន​ប្រកួត​នៅឡើយ​នោះទេ។

​ចំណែក​ក្រុម​Melaka United បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា ហើយ​ដោយ​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ដំបូង​នៅ​ថ្ងៃ​ទី ៥ ខែ មករា ឆ្នាំ​២០១៧ ជាមួយ​ក្រុម​ក្រសួងការពារជាតិ នៅ​ទីលាន​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​) ហើយ​នៅ​ថ្ងៃ​បន្ទាប់​គឺ​ថ្ងៃទី ៦ ខែ មករា ឆ្នាំ​២០១៧ ជួប​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើន។ ចំពោះ​ប្រកួត​ទី​៣ ត្រូវ​បន្ត​ជួប​ក្រុម​ណាហ្គា​វើ​ល នៅ​ថ្ងៃទី ៨ ខែ មករា ឆ្នាំ​២០១៧​និង​ចុងក្រោយ​នៅ​ថ្ងៃទី ៩ ខែ មករា ឆ្នាំ​២០១៦ ជួប​ជាមួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ទីលាន​ជាមួយគ្នា។

​ចំពោះ​ក្រុម​ម៉ាឡេស៊ី ដំបូង​គឺ​បង្អស់​ដែល​សម្រេច​យក​ប្រទេស​កម្ពុជា ជាទី​តាំង​សម្រាប់​ត្រៀមខ្លួន​មុន​រដូវ​កាល​ថ្មី​ឆ្នាំ​២០១៧ នេះ​គឺ UiTM ដែល​បាន​ធ្វើ​ដំណើរ​មក​ប្រកួត​មិត្តភាព​កម្ដៅ​សាច់ដុំ​ក្រៅផ្លូវការ​នៅ​កម្ពុជា​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៦ កន្លងទៅ​។ ក្រុម​លី​កលំដាប់​ទី​២​របស់​ម៉ាឡេស៊ី មួយ​នេះ​បាន​យកឈ្នះ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ២​ទល់​០ នៅ​ប្រកួត​ដំបូង ហើយ​បន្ត​ក្លិប​ភ្នំពេញ​ក្រោ​ន ដោយ​លទ្ធផល ២​ទល់​១ តែ​ចាញ់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ២​ទល់​០ និង​បន្ត​ចាញ់​ក្រុម​ក្រសួងការពារជាតិ ៣​ទល់​១ មុន​ស្មើគ្នា​ជាមួយ​ណាហ្គា​វើ​ល ១​ទល់​១៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114