BREAKING NEWS
Search

ផ្ទុះករណី COVID-19 ជាថ្មីនៅលើនាវាផ្ទុកយន្តហោះអាមេរិក ទោះបីជាមានការត្រួតពិនិត្យយ៉ាងខ្លាំងក្លាក៏ដោយ

នាវិកអាមេរិក ៥ នាក់ត្រូវបានជម្លៀសចេញពីនាវាផ្ទុកយន្តហោះដោយសារតែផ្ទុកវីរុសកូរ៉ូណា បើទោះបីជាមានការត្រួតពិនិត្យយ៉ាងខ្លាំងក្លា នៅពេលនាវាចម្បាំងត្រៀមវិលត្រឡប់ទៅសមុទ្រវិញបន្ទាប់ពីមានការផ្ទុះវីរុសដ៏ធំមួយនេះក៏ដោយ ។

មន្ត្រីម្នាក់បាននិយាយដោយបញ្ជាក់ពីរបាយការណ៍របស់កាសែត New York Times ថា បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនមានរោគសញ្ញាអ្វីនោះអ្នកទាំង ៥ បានចំណាយពេល ២ សប្តាហ៍ក្នុងការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នានៅកោះហ្គាំជាកន្លែងដែលនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Theodore Roosevelt បានចូលចត ។

បន្ទាប់ពីបានធ្វើតេស្តអវិជ្ជមានពីរដងក្នុងការធ្វើតេស្តជាបន្តបន្ទាប់ពួកគេត្រូវបានអនុញ្ញាតឲ្យឡើងនាវាវិញ ។ ប៉ុន្តែក្រោយមកពួកគេត្រូវបានធ្វើតេស្តម្តងទៀត ហើយរកឃើញថាមានភាពវិជ្ជមាន ខណៈដែលកងទ័ពជើងទឹកបានបដិសេធមិនធ្វើអត្ថាធិប្បាយជាផ្លូវការណាមួយលើករណីថ្មីនេះនោះទេ ។

ទន្ទឹមនោះនាវិកជិត ៥០០០ នាក់បានចំណាយពេល ៦ សប្តាហ៍ចុងក្រោយនៅឯមូលដ្ឋានកងទ័ពជើងទឹកអាមេរិកនៅលើកោះប៉ាស៊ីហ្វិកទាក់ទងនឹងការផ្ទុះឡើងនៃវីរុសនេះ ។

នាវិកជាងមួយភាគប្រាំនៃក្រុមនាវិកបានធ្វើតេស្តវិជ្ជមានរួមទាំងកាពីតែនផងដែរ ហើយត្រូវបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក នៅពេលដែលនាវានេះបានទទួលការសម្អាតមេរោគយ៉ាងហ្មត់ចត់ ។

ករណីវិជ្ជមានថ្មីនេះបានបញ្ជាក់ពីបញ្ហាប្រឈមនៃការធ្វើតេស្តរកវីរុសដែលបណ្តាលឲ្យមានការឆ្លងជិត ៨៣០០ នាក់ និង ២៧ នាក់បានស្លាប់ក្នុងចំណោមបុគ្គលិកយោធាអាមេរិក បុគ្គលិកមន្ទីរបញ្ចកោណស៊ីវិល និងគ្រួសាររបស់ពួកគេ ។

ក្នុងនោះនាវិកប្រហែល ២៩០០ នាក់ក៏បានវិលត្រឡប់មកលើកប៉ាល់វិញ ហើយបានពាក់ម៉ាស់មុខទាំងអស់ និងរក្សាគម្លាតសង្គមផងដែរ ៕ AFP

នាវិកដែលត្រូវបានចាត់ឲ្យទៅនាវា USS Theodore Roosevelt ត្រូវបានត្រួតពិនិត្យមុនពេលដែលឡើងលើនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរនៅកោះហ្គាំ ។ (រូប AFP)

ប្រែសម្រួល៖ ជីវ័ន្ត