ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី របស់​រដ្ឋបាល​ស្រុក​ទឹកឈូ​

កំពត ៖ លោក នៃ គង់ អភិបាលរង​ខេត្ត តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ រចនាសម្ព័ន្ធ​ថ្មី​ដែល រដ្ឋបាល​ស្រុក​ទឹកឈូ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​ឆ្នាំ ២០២០ ដោយ​’​ក្នុង​ពិធី​នេះ​មាន​មន្ត្រី​ចូលរួម​ពី​សំណាក់​លោក​-​លោកស្រី ដែល​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត រួម​និង មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។​

​នៅ​ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី​របស់​រដ្ឋបាល​ស្រុក ទឹកឈូ នា​ឱកាស​នេះ​យោង​តាម​សេចក្ដី​សម្រេច ស្ដីពី​ការ​ធ្វើ​សមាហរណកម្ម​បុគ្គលិក​និង​ការរៀបចំ​មុខតំណែង​គ្រប់គ្រង​នៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី សរុប​មាន​ចំនួន​១៣​ការិយាល័យ​និង​អង្គភាព ដែល​មាន​មន្ត្រី​បម្រើ​ការងារ​សរុប​ចំនួន ៧៣ នាក់ ក្នុង​នោះ​មាន​ ១.ការិយាល័យ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ២.អង្គភាព​លទ្ធកម្ម ៣.ការិយាល័យ គ្រប់គ្រង​ធនធានមនុស្ស ៤.ផែនការ​និង​គាំទ្រ​ឃុំ​សង្កាត់ ៥.លេខាធិការ​ក្រុមប្រឹក្សា ៦.ត្រួតពិនិត្យ​ផ្ទៃក្នុង ៧.អប់រំ​យុវជន​និង​កីឡា ៨.រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​ភូមិបាល ៩.នីតិកម្ម​និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ១០.កសិកម្ម​ធនធានធម្មជាតិ​និង​បរិស្ថាន ១១.សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​សហគមន៍ ១២.សង្គមកិច្ច​និង​សុខុមាលភាព​សង្គម និង​១៣.​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​។​

​ក្នុង​ឱកាស​នោះ លោក នៃ គង់ អភិបាលរង​ខេត្ត​កំពត បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​របស់​រដ្ឋបាល​ស្រុក​ទឹកឈូ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បម្រើ​ឲ្យ​សេចក្ដី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលការណ៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​លោក​អភិបាលរង​ខេត្ត​បាន​បន្ត​ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​អនុវត្តន៍​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​រាជរដ្ឋាភិបាល​មាន​គោលដៅ​សំខាន់ៗ​ដ៏​ចម្បង ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ដោយ​ជោគជ័យ ដូចជា​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ចាក់គ្រឹះ​តាម​មូលដ្ឋាន តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដែល​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​គ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​

​លើកកម្ពស់ និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍន៍ តាមរយៈ​នៃ​ការ​នាំ​មក​នូវ​កិច្ចការ​និង​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ស្របតាម​នយោបាយ​កំណែទម្រង់​វិមជ្ឈការ​និង​វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ​និង​ធនធាន​ទៅ​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​មាន​លទ្ធភាព​និង​ការទទួលខុសត្រូវ​ក្នុង​ការ​ផ្ដល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់​ស្ដែង​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។​លើកកម្ពស់​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ការដឹកនាំ​សំដៅ​ការចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ និង​លើកកម្ពស់​គុណភាព ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​តំបន់​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​