ទសវត្សរ៍ថ្មីចាប់ផ្តើមជាមួយការបាញ់កាំជ្រួច ផ្សែងនិងឧស្ម័នបង្ហូរទឹកភ្នែក
BREAKING NEWS
Search

ទសវត្សរ៍ថ្មីចាប់ផ្តើមជាមួយការបាញ់កាំជ្រួច ផ្សែងនិងឧស្ម័នបង្ហូរទឹកភ្នែក

ទីក្រុងប៉ារីសដែលរងគ្រោះដោយកូដកម្មបានស្វាគមន៍ឆ្នាំថ្មីជាមួយនឹងការបាញ់កាំជ្រួចដ៏ធំខណៈនាឡិកា Big Ben របស់ទីក្រុងឡុងដ៍បានរោទិ៍បន្ទាប់ពីការជួសជុលឡើងវិញអស់រយៈពេលយ៉ាងយូរហើយវិបត្តិបានញាំញីការប្រារព្ធពិធីនេះនៅកន្លែងផ្សេងទៀតនៅចុងបញ្ចប់នៃឆ្នាំដ៏ចលាចលនៅជុំវិញពិភពលោក។

មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅមហាវិថី Champs-Elysees សម្រាប់ការរាប់ថយក្រោយ (រូប AFP)

នៅរដ្ឋធានីបារាំង មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមហាវិថី Champs-Elysees បើទោះបីជាមានការធ្វើបាតុកម្មដឹកជញ្ជូនដ៏គគ្រឹកគគ្រេងដែលបានធ្វើឲ្យមានការលំបាកជាច្រើនសប្តាហ៍សម្រាប់អ្នកដំណើរក៏ដោយ។

នៅរាជធានីអង់គ្លេស អ្នកដើរលេងរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាតាមដងទន្លេ Thames ដើម្បីមើលកាំជ្រួចដែលបាញ់ចេញពីកង London Eye សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីលើកចុងក្រោយមុន Brexit។

មនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកបានអបអរសាទរឆ្នាំ២០២០បន្ទាប់ពីឆ្នាំដ៏ច្របូកច្របល់ដែលគ្របដណ្តប់ដោយបាតុកម្មដែលអំពាវនាវឲ្យមានចលាចលនយោបាយនិងសកម្មភាពលើការប្រែប្រួលអាកាសធាតុ។

ទីក្រុងស៊ីដនីដែលពោរពេញដោយផ្សែងបានអបអរពិធីចូលឆ្នាំថ្មីជាមួយនឹងការបាញ់កាំជ្រួចដ៏ធំសម្បើមប៉ុន្តែការអបអរត្រូវបានគ្របដណ្ដប់ដោយការអំពាវនាវឲ្យលុបចោលការបាញ់កាំជ្រួចខណៈភ្លើងឆេះព្រៃកំពុងឆាបឆេះរាលដាលពាសពេញប្រទេស។

ក្នុងទីក្រុងហុងកុងបន្ទាប់ពីការធ្វើបាតុកម្មសឹងរាល់ថ្ងៃជិត៦ខែ, ឆ្នាំ២០២០នេះគឺពោរពេញដោយឧស្ម័នបង្ហូរទឹកភ្នែកនិងកាណុងបាញ់ទឹកនៅពេលក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យបាននាំចលនារបស់ពួកគេចូលដល់ឆ្នាំថ្មីជាមួយនឹងការប្រមូលផ្តុំរាប់ថយក្រោយនៅពាក់កណ្តាលអធ្រាត្រនិងការហែក្បួនដ៏ធំមួយដែលគ្រោងធ្វើនៅថ្ងៃពុធ។

នៅពេលនាឡិកាបន្លឺឡើងនៅពាក់កណ្តាលអធ្រាត្រក្នុងប្រទេសកូរ៉េខាងជើង ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាសម្រាប់ការប្រគុំតន្ត្រីមួយនៅកណ្តាលទីក្រុងព្យុងយ៉ាងដើម្បីអបអរសាទរខណៈកាំជ្រួចបានផ្ទុះឡើងនៅលើមេឃ។

ចំណែកឆ្លងកាត់ព្រំដែន, ប្រជាជនកូរ៉េខាងត្បូងបានប្រមូលផ្តុំគ្នាដើម្បីអបអរសាទរពិធីគោះជួងដែលជាពិធីប្រពៃណីមួយសម្គាល់ជាការចាប់ផ្តើមឆ្នាំថ្មីដោយមនុស្សរាប់ពាន់នាក់បានទស្សនាការសម្តែងនានារួមជាមួយការសម្តែងរបស់តារាប៉ុបកូរ៉េនៅកណ្តាលទីក្រុងសេអ៊ូល៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ