BREAKING NEWS
Search

លោក​វ៉ា​ត់ ចំរើន​៖ នៅ​ក្នុង​ចលនា​អូឡាំពិក​ការដឹកនាំ​របស់​អង្គការ​សង្គម​កីឡា ត្រូវ​អនុវត្ត​នូវ​អភិបាលកិច្ច​ល្អ​និង​តម្លាភាព ដើម្បី​ទទួល​បាន​ការ​គាំទ្រ​និង​ការ​អភិវឌ្ឍ

នៅ​ក្នុង​ចលនា​អូឡាំពិក ការដឹកនាំ​របស់​អង្គការ​សង្គម​កីឡា ត្រូវ​អនុវត្ត​នូវ​អភិបាលកិច្ច​ល្អ​និង​តម្លាភាព ដើម្បី​ទទួល​បាន​ការ​គាំទ្រ​និង​ការ​អភិវឌ្ឍ​នូវ​វិស័យ​កីឡា​ជំនាញ​របស់​ខ្លួន​។ នេះ​ជា​ការ​លើកឡើង​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ថវិកា​គាំទ្រ​របស់​សហព័ន្ធ​កីឡា​ជាតិ ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ពេល​ពេល​ថ្មីៗ​កន្លង​មក​នេះ។

​លោក វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា កាលដែល​អគ្គនាយកដ្ឋាន​កីឡា បាន​ធ្វើ​ប្រតិភូកម្ម​ថវិកា​គាំទ្រ​ជូន​ដល់​សហព័ន្ធ​កីឡា​ជាតិ​នានា គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ទម្លាក់​កញ្ចប់​ថវិកា​ជាតិ​ឲ្យ​កាន់ ​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការ​ប្រើប្រាស់​ទម្រង់​រដ្ឋបាល ការ​បណ្តុះបណ្តាល និង​ការប្រកួត​ជាដើម​។ លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ពន្យល់ថា នៅក្នុង​ការដឹកនាំ​រប​ស់​អង្គការ​សង្គម គឺ​នៅ​ក្នុង​ចលនា​អូឡាំពិក​ក៏មាន​និយាយ​ដែរ លើ​អភិបាលកិច្ច​ល្អ​និង​តម្លាភាព ដោយ​នៅ​ក្នុង​ការដឹកនាំ​ក្នុង​ចលនា​អូឡាំពិក​បាន​ណែនាំ​ឲ្យ​អង្គការ​សង្គម​កីឡា​អនុវត្ត​តាម​ធម្មនុញ្ញ​អូឡាំពិក​នូវ​អភិបាលកិច្ច​ល្អ ដើម្បី​ទទួល​បាន​ការ​គាំទ្រ និង​ការ​អភិវឌ្ឍ​នូវ​វិស័យ​កីឡា​ជំនាញ​របស់​ខ្លួន​។ ប្រសិនបើ​គ្មាន​អភិបាលកិច្ច​ល្អ​នោះ​ទេ នោះ​ក៏​គ្មាន​ការឧបត្ថម្ភ​គាំទ្រ ហើយក៏​មិន​មាន​ការ​អភិវឌ្ឍ ឬ​បាត់បង់​ការ​រីកចម្រើន នៅ​ក្នុង​វិស័យ​កីឡា​របស់​យើង​ដូចគ្នា​ដែរ​។

​លោក​បន្ត​ទៀត​ថា អភិបាលកិច្ច​ល្អ​នៅ​ក្នុង​អង្គការ​សង្គម​កីឡា សហព័ន្ធ​កីឡា​ជាតិ​ គឺ​គេ​និយាយ​អំពី​យន្តការ​ការងារ​សំខាន់ៗ​ចំនួន​ពីរ គឺ​យន្ត​ការ​រដ្ឋបាល និង​កិច្ចប្រជុំ​។ ក្នុងនាម​គណៈ​ក​ម្មា​ធិ​ជាតិ​អូឡាំពិក​កម្ពុជា លោក​ស្នើសុំ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ពង្រឹង​យន្តការ​អភិបាលកិច្ច​ល្អ​នេះ ដែល​សហព័ន្ធ​កីឡា​ជាតិ​ខ្លះ​មាន​ភាព​ខ្វែងគំនិត​គ្នា ក្នុង​ការ​ដឹកនាំ​គ្រប់គ្រង​របស់​ខ្លួន ដែល​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ពីព្រោះ​បេសកកម្ម​ដ៏​សំខាន់​របស់​សហព័ន្ធ​កីឡា​ជាតិ គឺ​ការ​អភិវឌ្ឍ​បច្ចេកទេស ដូច្នេះ​ប្រសិនបើ​សហព័ន្ធ​កីឡា​ជាតិ​មាន​អភិបាលកិច្ច​ល្អ មាន​តម្លាភាព នោះ​សហព័ន្ធ​កីឡា​ជាតិ ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​បច្ចេកទេស​ដើរ​ទៅ​មុខ​បាន​ហើយ​។

​សូម​បញ្ជាក់​ថា ការ​ជំរុញ​លើកទឹកចិត្ត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ខិតខំ​អនុវត្ត​នូវ​អភិបាលកិច្ច​ល្អ​និង​តម្លាភាព​ឲ្យ​បាន​ល្អ​នេះ គឺ​ដើម្បី​ត្រៀមខ្លួន​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ការចូលរួម​ប្រកួតប្រជែង​មេដាយ នៅ​ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម ក៏ដូចជា​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ឲ្យ​ទទួល​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​៕
អត្ថបទ៖ ​វិ​សិទ្ធ
សូមចុចអាន៖ ​កម្ពុ​ជា មាន​យុទ្ធសាស្ត្រ​លុបដាន​ប្រវត្តិសាស្ត្រ រុញ​ចំណាត់ថ្នាក់​ពី​លេខ​៨ ឲ្យ​មក​ត្រឹម​​លេខ​៥ នៅ​ស៊ី​ហ្គេម​លើក​ទី​៣២