BREAKING NEWS
Search

ថវិកា ៣៥ ០០០ ដុល្លារ មក​ពីក្រុមហ៊ុនចិន៣ ផ្ដល់ជូន​សម្តេច រាជបុត្រី ព្រះអនុជនរោត្តម អរុណ រស្មី ដើម្បី​ជាវម៉ាស៊ីនលាង​ឈាមចល័តជូនមន្ទីរពេទ្យ ព្រះកេតុមាលា

​ភ្នំពេញ ​៖ ​ក្រុមហ៊ុន​ចិន​ចំនួន​៣​ នៅ​រាជធានី​ភ្នំពេញ​ បាន​បរិច្ចាគ​ថវិកា​ចំនួន​ ៣៥ ០០០ ដុល្លារ សហរដ្ឋអាមេរិក​ដល់​សម្តេច រាជបុត្រី​ព្រះ​អនុជ​នរោត្តម អរុណ រស្មី ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង​អ្នក​អង្គ​ម្ចាស់ក្សត្រី​នរោត្តម​រស្មី​ពនិតា ប្រធាន​មូលនិធិ​មុទិតា​ ដើម្បី​ទិញ​ម៉ាស៊ីន​លាង​ឈាម​ចល័ត CRRT មួយ​គ្រឿង​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា កាលពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ២០២០។

​ប្រភព​ព័ត៌មាន​បាន​បង្ហាញ​ថា​៖​ យោង​តាម​លិខិត​ស្នើសុំ​ ការ​ឧបត្ថម្ភ​នូវ​ម៉ាស៊ីន​លាង​ឈាម​ចល័ត CRRT របស់​មន្ទីរពេទ្យ​ព្រះកេតុមាលា មក​កាន់​មូលនិធិ​មុទិតា និង​ជា​ការ​ឆ្លើយ​តប​ទៅ​តាម​សេចក្ដី អំពាវនាវ ការ​ឧបត្ថម្ភ​របស់​មូលនិធិ​មុទិតា ទៅកាន់​សប្បុរស​ជននានា កាល​ពី​ព្រឹក​ថ្ងៃច័ន្ទ​ទី​១៤ ខែកញ្ញា ឆ្នាំ២០២០ សម្តេច​រាជបុត្រី ​ព្រះ​អនុជ​នរោត្តម​ អរុណ រស្មី ឧ​ត្ត​ម​ក្រុមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ និង​អ្នក​អង្គ​ម្ចាស់ក្សត្រី នរោត្តម រស្មី ពនិតា ​ប្រធាន​មូលនិធិ​មុទិតា បាន​សព្វព្រះ​ហឫទ័យ​ប្រោស​ប្រទាន​ឲ្យ​គណៈប្រតិភូចំនួន៣ក្រុម រួម មាន ៖​ក្រុម ហ៊ុន Vinton Group Co.,Ltd ,​ធនាគារ​ប្រទេស​ចិន​សាខា​រាជធានី​ភ្នំពេញ (Bank of China) និង​ក្រុមហ៊ុន CIIDG Erdos Hongjun Electric Power Co.,Ltd ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ថ្វាយ​ដង្វាយ​ជា​ថវិកា​ចំនួន ៣៥ ០០០ ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ធ្វើការ​ជាវ​ម៉ាស៊ីន​លាង​ឈាម​ចល័ត CRRT ​ជូន​មន្ទីរ​ពេទ្យ​ព្រះកេតុមាលា​ទៅ​តាម​សំណើ​ ដើម្បី​តម្កល់​ទុក​ប្រើ​ប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ សម្រាប់​លាង​ឈាម​ជូន​ដល់​អ្នកជំងឺ នៅ​ក្នុង​មន្ទីរពេទ្យ។

ក្នុង​ឱកាស​នោះ ​សម្តេច​រាជបុត្រី​ព្រះ​អនុជនរោត្តមអរុណរស្មី ក្នុងនាម​មូល​និធិមុទិតា បាន ធ្វើការ​ថ្លែង​អំណរ​គុណយ៉ាង​ជ្រាលជ្រៅ ជូនដល់សប្បុរសជនទាំង៣ ក្រុមហ៊ុនខាងលើ​ដែល​បាន​ជួយ​ចូល​រួម​ឧបត្ថម្​ភថវិកា​ដល់​មូលនិធិ ដើម្បី​ជាវម៉ាស៊ីន​លាង​ឈាម​ចល័ត​ជូន មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​សូម​បាន​ជួប​ប្រទះ តែ​សេចក្ដី​សុខ​សុភមង្គលសុខភាពល្អនិង​ការ​រីកចម្រើនរុង​រឿងជាដរាបតទៅ៕
អត្ថបទ​៖ ​ណា​រី​